បទវិភាគ៖ ស្វែងយល់ពីយុទ្ធសាស្រ្ដ និងភូមិសាស្ត្រនយោបាយរបស់កូរ៉េខាងជើង
- 2018-01-12 04:58:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទវិភាគ៖ ស្វែងយល់ពីយុទ្ធសាស្រ្ដ និងភូមិសាស្ត្រនយោបាយរបស់កូរ៉េខាងជើង
ចន្លោះមិនឃើញ
តើភូមិសាស្រ្ដដ៏អំណោយផលរបស់កូរ៉េ ជាមូលហេតុដែលធ្វើឲ្យប្រទេសនេះត្រូវបែកជាពីរ? តើការបែកជាពីរនេះ គឺដោយសារប្រទេសមហាអំណាច ឬយ៉ាងណា? មុនស្វែងយល់ពីចំណុចទាំងនេះ ជាដំបូងយើង ត្រូវដឹងពីភូមិសាស្រ្ដនៃប្រទេសនេះជាមុនសិន។
កូរ៉េ គឺជាឧបទ្វីបមួយស្ថិតនៅភាគខាងត្បូងតំបន់ Manchuria ដែលជាតំបន់ស្ថិតនៅភាគខាងជើងឈាងខាងកើតទ្វីបអាស៊ី ឡោមព័ទ្ធដោយសមុទ្រលឿង និងសមុទ្រជប៉ុន។ ទឹកដីកូរ៉េទាំងមូល មានបណ្តោយព្រំដែនជាប់នឹងប្រទេសចិនចម្ងាយជាង ១៤០០គីឡូម៉ែត្រ និងប្រមាណ ៥០គីឡូម៉ែត្រជាប់ប្រទេសរុស្ស៊ី។
នៅឯភាគខាងជើងឈាងខាងកើតព្រំដែនកូរ៉េ មានចម្ងាយប្រមាណ ១១២គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែ Vladivostok របស់រុស្ស៊ី ចំណែកនៅជ្រុងខាងត្បូងឈាងខាងកើត មានចំងាយប្រមាណ ១៦០គីឡូម៉ែត្រពីប្រទេសជប៉ុន ហើយមុំនៅភាគខាងត្បូងឈាងខាងលិចនៃឧបទ្វីបនេះ ចំងាយប្រមាណ ៤៨០គីឡូម៉ែត្រពីទីក្រុងសៀងហៃ ប្រទេសចិន។
ឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ
ផ្អែកលើភូមិសាស្ត្រខាងលើ ទឹកដីកូរ៉េ អាចគំរាមកំហែងខ្លាំងដល់មហាអំណាចធំៗទាំងបីរបស់ពិភពលោក ប្រហែលមិនមែនដោយសារសកម្មភាពរដ្ឋាភិបាលណាមួយក្នុងឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែនិយាយសាមញ្ញ គឺដោយសារទីតាំងភូមិសាស្ត្រតែម្តង។
ឧបទ្វីបកូរ៉េ អាចគំរាមដល់ទឹកដីជប៉ុន នៅឯសមុទ្រចិនខាងកើត តាមរយៈផ្លូវទឹកលើមហាសមុទ្រប៉ាស៊ីហ្វិក ឆ្ពោះទៅកាន់សមុទ្រជប៉ុន។
ដោយសារស្ថានភាពភូមិសាស្ត្រដ៏គ្រោះថ្នាក់ និងទំហំផ្ទៃដីដ៏ធំរបស់ខ្លួន បានធ្វើឲ្យឧបទ្វីបកូរ៉េ ជៀសមិនផុតពីការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសជប៉ុន និងចិន។ ហេតុផលនេះហើយ ទើបក្នុងប្រវត្តិសាស្ត្របង្ហាញថា ចិន និងជប៉ុន តែងតែឈ្លានពានកូរ៉េ ក្រោយមកមានទាំងសហភាពសូវៀត និងសហរដ្ឋអាមេរិក ក៏ចាប់ផ្តើមឈ្លានពានចូលទៅកាន់ទឹកដីនៃចុងទ្វីបមួយនេះដូចគ្នា។
ហេតុផលនៅពីក្រោយការឈ្លានពានទាំងនេះ មិនមែនដោយសារតែពួកគេចង់បានទ្រព្យសម្បត្តិ ធនធានរ៉ែក្នុងឧបទ្វីបកូរ៉េនោះឡើយ ការពិតគឺថាទឹកដីនេះមានសារៈសំខាន់ សម្រាប់ធ្វើជាប្លុកយុទ្ធសាស្ត្រ នៃមហាអំណាចធំៗរបស់ពិភពលោក ជាក់ស្តែងទឹកដីកូរ៉េធ្លាប់ត្រូវកាត់ផ្តាច់ជាបំណែកៗដោយយុទ្ធសាស្ត្ររបស់ចិន និងជប៉ុន។
ចិន រុស្ស៊ី និងអាមេរិក ជាអ្នកធ្វើឲ្យកូរ៉េបែកជា២ចំណែកក្រោយសង្គ្រាមលោកលើកទី២?
នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ មិនបានជួយឲ្យទឹកដីកូរ៉េបាត់បង់សារៈសំខាន់ក្នុងកែវភ្នែកមហាអំណាចនោះឡើយ វាគ្រាន់តែអាចលុបបំបាត់មហិច្ឆិតាខ្លាំងមួយរបស់ជប៉ុន ដែលចាញ់សង្គ្រាមប៉ុណ្ណោះ ប៉ុន្តែបង្កើតមកវិញនូវសត្រូវថ្មីមួយទៀត គឺសហរដ្ឋអាមេរិក។ យ៉ាងណា វត្តមានរបស់អាមេរិក ក្នុងឧបទ្វីបកូរ៉េ ក៏មិនមែនជារឿងថ្មីនោះដែរ គ្រាន់តែស្ថិតក្នុងកាលៈទេសៈល្អមួយសម្រាប់អាមេរិក។
អាមេរិក យកជ័យជម្នះលើជប៉ុនក្នុងសង្គ្រាមលោកលើកទី២ គឺជាការបញ្ចប់មហិច្ឆិតារបស់ជប៉ុន លើឧបទ្វីបកូរ៉េ ។ ក្នុងសន្និសិទមួយឈ្មោះថា Yalta គឺបានបង្កើតឲ្យមានអំណាចរដ្ឋបាលធំៗចំនួន៤ក្នុងឧបទ្វីបកូរ៉េ ប៉ុន្តែចុងក្រោយគឺបរាជ័យ ស្រដៀងគ្នាទៅនឹងអ្វីធ្លាប់កើតឡើងក្នុងរដ្ឋាភិបាលរួមមួយនៅប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
ដូចគ្នាជាមួយរដ្ឋបាលប៊ែកឡាំង ទឹកដីកូរ៉េ ជាចុងក្រោយត្រូវបង្ខំកាត់ផ្តាច់ចេញជា២ចំណែក មួយផ្នែកគឺគ្រប់គ្រងដោយកងយោធាសូវៀត និងសម្ព័ន្ធមិត្តកូរ៉េរបស់ខ្លួន កាន់កាប់ទឹកដីភាគខាងជើង ស្ថិតលើខ្សែស្របទី៣៨ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េមួយផ្នែកទៀត កាន់កាប់ទឹកដីភាគខាងត្បូង។ សហរដ្ឋអាមេរិក មិនធ្លាប់គិតថាកូរ៉េខាងត្បូង ជាទឹកដីយុទ្ធសាស្ត្រនយោបាយដ៏៏សំខាន់របស់ខ្លួននោះឡើយ ប៉ុន្តែ សូវៀត និងចិន សុទ្ធតែមើលឃើញច្បាស់ដូចគ្នានូវឱកាសដ៏ល្អមួយ។ ព្រោះតែសហរដ្ឋអាមេរិក សូវៀត ធ្លាប់រងបរាជ័យក្នុងការទប់ស្តាត់មិនឲ្យប៊ែកឡាំង ត្រូវបែកចែងជាពីរចំណែក ម៉្លោះហើយ សូវៀត មើលឃើញយ៉ាងច្បាស់ថា ទឹកដីកូរ៉េ គឺជាការគំរាមយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងកំពង់ផែ Vladivostok ជាទីក្រុងយុទ្ធសាស្ត្រផ្លូវទឹកដ៏សំខាន់របស់ខ្លួន ក៏ជាហេតុអាចធ្វើឲ្យអាមេរិកគួរតែចាប់អារម្មណ៍ទឹកដីកូរ៉េខាងត្បូងរហូតមកទល់នឹងពេលនេះ។
ចំណាប់អារម្មណ៍របស់អាមេរិក បង្កឲ្យមហាអំណាចចិន ក៏មានការបារម្ភស្រដៀងគ្នាទៅនឹងក្តីបារម្ភរបស់សូវៀត ហើយចិន ចង់បណ្តេញសហរដ្ឋអាមេរិក ចេញពីឧបទ្វីបកូរ៉េ។ និយាយឡើងវិញ ទាំងនេះគឺជាបញ្ហាចម្បងកើតចេញពីទឹកដីភូមិសាស្ត្រឧបទ្វីបកូរ៉េ។
ក្នុងខែឧសភា ឆ្នាំ១៩៥០ កូរ៉េខាងជើង បានលើកទ័ពឈ្លានពានភាគខាងត្បូង ធ្វើឲ្យសហរដ្ឋអាមេរិកភ្ញាក់ផ្អើលជាខ្លាំង ខណៈភ្នាក់ងារពិសេសអាមេរិក សុទ្ធតែមិនបានដឹងថា កូរ៉េខាងជើង ពិតជាលើកហ៊ានឈ្លានពានបើកចំហរដូច្នេះឡើយ។
អំឡុងពេលនោះ ប្រធានាធិបតីអាមេរិក Harry Truman ប្រឈមមុខក្នុងការសម្រេចចិត្តយ៉ាងពិបាក ហើយនិយាយបែបបច្ចេកទេស ទឹកដីកូរ៉េ គ្មានអ្វីសំខាន់ ក៏មិនបានគំរាមដល់សន្តិសុខជាតិអាមេរិកនោះដែរ ប៉ុន្តែលោក Truman បានគណនាទីតាំងភូមិសាស្ត្រឧបទ្វីបកូរ៉េ ចាត់ទុកជាមូលដ្ឋានឈរជើងដ៏រឹងមាំ អាចទាំងឃ្លាំមើល និងការពារប្រទេសជប៉ុនបាន ហើយការពារកូរ៉េខាងត្បូង គឺបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក ដាច់ខាតទប់ទល់គ្រប់ការឈា្លនពាន ការពារសម្ព័ន្ធមិត្តរបស់ខ្លួន។
ប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រធានាធិបតីទី៣៣ របស់អាមេរិករូបនេះ បានសម្រេចចិត្តការពារកូរ៉េខាងត្បូង ជាហេតុនាំឲ្យកើតមានប្រទេសដ៏ស៊ីវីល័យមួយនៅតំបន់ខាងជើងឈាងខាងកើតទ្វីបអាស៊ី តាមរយៈសហរដ្ឋអាមេរិក ជាអ្នកធានាសម្រាប់សន្តិសុខជាតិកូរ៉េខាងត្បូងទាំងមូល។
ទោះជាយ៉ាងណា កូរ៉េខាងជើង គឺជាទឹកដីដ៏ពិបាកមួយសម្រាប់ធ្វើសង្គ្រាម ព្រោះជាមួយបណ្តោយលាតសន្ធឹង ៨០០គីឡូម៉ែត្រ និងទទឹងប្រមាណ ៣២០គីឡូម៉ែត្រ គឺគ្របដណ្តប់ទៅដោយភ្នំដ៏រឹងមាំ មានន័យថា កងកំលាំងទ័ពមួយក្រុមតូច អាចប្រើប្រាស់ភូមិសាស្ត្រភ្នំដ៏រឹងមាំ វាយបកសត្រូវដែលមានកំលាំងច្រើនដកថយបានយ៉ាងងាយ ជាពិសេសសត្រូវដែលស្ថិតនៅចំនុចទាបជាងខ្លួន។
កាលៈទេសៈបណ្តោះអាសន្ន វាអាចជារឿងភ្ញាក់ផ្អើល ដោយសារភូមិសាស្ត្រអំណោយផល កូរ៉េខាងជើងអាចងាយស្រួលនឹងការពារ ប៉ុន្តែសង្គ្រាមឧបទ្វីបកូរ៉េ មិនអាចបណ្តេញសហរដ្ឋអាមេរិកឲ្យដកទ័ពចេញទាំងស្រុងពីឧបទ្វីបនេះឡើយ ។ មូលហេតុចម្បងមួយទៀត អំឡុងពេលផ្ទុះឡើងសង្គ្រាមឧបទ្វីបកូរ៉េ មហាអំណាចធំៗផ្សេងទៀត ក្នុងតំបន់ ក៏មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក វាយកាន់កាប់ទឹកដីកូរ៉េទាំងមូលដូចគ្នា ហើយក៏ជាមូលហេតុបង្កើតឲ្យស្ថានភាពជម្លោះនៅឧបទ្វីបកូរ៉េបន្តរហូតមកទល់និងបច្ចុប្បន្ន បែងចែកចេញជាពីរដ្ឋ២ដាច់ដោយឡែក ក្នុងនោះភាគខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក ហើយភាគខាងជើង ស្ថិតក្នុងទំនាក់ទំនងយ៉ាងស្មុគស្មាញជាមួយមហាអំណាចចិន ដែលគេជឿថាជាអ្នកតាមជួយឧបត្ថម្ភកូរ៉េខាងជើងជាប្រពៃណីមក។
កូរ៉េខាងជើង គ្រាន់តែជាអាយ៉ង នៃសម្ព័ន្ធមិត្ត ចិន និងរុស្ស៊ី?
ស្របពេលកូរ៉េខាងត្បូង ក្លាយទៅជាប្រទេសឧស្សាហកម្មដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ហេតុផលតែមួយគត់នៅពីក្រោយជោគជ័យពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង គឺយុទ្ធសាស្ត្រដ៏ម៉ឹងម៉ាត់របស់សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តយូរអង្វែងការពារប្រទេសនេះមួយនេះ។ ប៉ុន្តែទំនាក់ទំនងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក គឺមានទាំងផលប្រយោជន៍ និងហានិភ័យ ហើយហានិភ័យគួរឲ្យខ្លាចបំផុតនោះ គឺសង្គ្រាម ខណៈផលប្រយោជន៍គឺថា សហរដ្ឋអាមេរិកជាអ្នកធានានាំប្រទេសជាច្រើន ក្លាយជាអតិថិជនសម្រាប់ផលិតផលទាំងអស់របស់កូរ៉េខាងត្បូង។
ក្រឡេកមកមើលទំនាក់ទំនង រវាងកូរ៉េខាងជើង ជាមួយចិន និងរុស្ស៊ី ឯណេះវិញ ជាលទ្ធផលមិនបានទទួលផលប្រយោជន៍ដូចកូរ៉េខាងត្បូងនោះទេ ខណៈផែនទីរៀបរាប់ពីខាងដើម បង្ហាញច្បាស់កូរ៉ខាងត្បូងជាអណ្តាតភ្លើងអាចឆាបឆេះដល់ចិនគ្រប់ពេលវេលា ខណៈកូរ៉េខាងជើងគ្មានអ្វីសូម្បីតែបន្តិច។
បងប្អូនកូរ៉េទាំងពីរ បែកបាក់គ្នាដោយសារសង្គ្រាមឧបទ្វីបកូរ៉េ ប៉ុន្តែអំឡុងពេលកូរ៉េខាងត្បូងក្លាយទៅជាមហាអំណាចឧស្សាហកម្មសម័យទំនើបទៅហើយនោះ កូរ៉េខាងជើងនៅតែជាប្រទេសឧស្សាហកម្មទន់ខ្សោយ កើតចេញសំនួរជាច្រើន ហេតុអី? ប៉ុន្តែហេតុផលដែលកូរ៉េខាងជើងខ្សត់ខ្សោយបែបនេះ ត្រូវគេមើលឃើញថា ដោយសារ ចិន និងរុស្ស៊ី មានធនធានបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ការវិនិយោគនៅកូរ៉េខាងជើង ផ្ទុយពីការវិនិយោគរបស់អាមេរិក នៅកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា ចម្លើយពេញលេញ នៅតែជារឿងស្មុគស្មាញពិបាកបកស្រាយ។
ជាក់ស្តែង បើទោះមិនមានជំនួយពី ចិន និងរុស្ស៊ី ក៏ដោយ កូរ៉េខាងជើង គួរតែមានលទ្ធភាពបង្កើតប្រព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឲ្យរីកចម្រើនជាងអ្វីពួកគេកំពុងមាន។ ហើយភ្លាមៗ ក្រោយសហភាពសូវៀតត្រូវបែកបាក់ ចិនក៏មានឱកាសអាចជួយដល់កូរ៉េខាងជើងពេញទំហឹងដូចអ្វីខ្លួនចង់បាន ប៉ុន្តែចិននៅតែមិនជួយព្រមជួយរដ្ឋឯកោមួយនេះ។ ចម្លើយមួយវិញទៀត គឺស្ថិតនៅលើធម្មជាតិពិតប្រាកដនៃរបបកុម្មុយនីស្តកូរ៉េខាងជើង ព្រោះថាជាធម្មតាយុទ្ធសាស្រ្តចម្បងរបស់រដ្ឋមួយនេះ ធ្វើយ៉ាងណាប្រឹងប្រែងការពារខ្លួនពីសត្រូវ ហើយនេះទើបជាចំណុចសមស្របមួយ ដែលកូរ៉េខាងជើងនៅតែក្រីក្រទល់បច្ចុប្បន្ន។
កូរ៉េខាងជើង ត្រូវប្រឈមមុខជាមួយកងទ័ពដ៏ខ្លាំងក្លារបស់អាមេរិក និងកងកម្លាំងយោធាកូរ៉េខាងត្បូង ដែលកំពុងពង្រីកអំណាចរបស់ខ្លួនជាបន្តបន្ទាប់ ហើយចិន និងរុស្ស៊ី ក៏គួរតែជួយឲ្យកូរ៉េខាងជើង មានកងទ័ពខ្លាំងក្លាដូចគ្នា ប៉ុន្តែពួកគេបែរជាមិនបានធ្វើដូចសហរដ្ឋអាមេរិកនោះទេ។
តាមការមើលឃើញ គឺថា ចិន និងរុស្ស៊ី មិនចង់ឲ្យកូរ៉េខាងជើង ក្លាយជាប្រទេសខ្លាំងក្លាទាំងសេដ្ឋកិច្ច និងយោធានោះទេ ព្រោះកូរ៉េខាងជើង អាចនឹងងាកមកប្រឆាំងមហាអំណាចទាំងពីរ ពួកគេគ្រាន់តែចង់បានរដ្ឋមួយជាខែលទប់ទល់ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប៉ុណ្ណោះ។ ដូច្នេះ ចិន និងរុស្ស៊ី បានបង្កើតរឿងហេតុដ៏ចម្លែកមួយ នឹកស្មានមិនដល់នៅកូរ៉េខាងជើង។
ចិន និងរុស្ស៊ី ដឹងច្បាស់ថា លទ្ធិកុម្មុយនីស្ត លែងជាមូលដ្ឋានស្នូលដើម្បីរក្សាសម្ព័ន្ធភាពមហាអំណាចទាំងពីរតទៀតហើយ នេះជាហេតុទើបចិន និងរុស្ស៊ី ក្លាយជាសត្រូវក្នុងគោលនយោបាយចែករំលែកមនោគមវិជ្ជាទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយមហាអំណាចទាំងពីរ សុទ្ធមិនចង់ឲ្យភាគីណាមួយ ប្រើប្រាស់កូរ៉េខាងជើង មកប្រឆាំងនឹងខ្លួននោះដែរ។
អាចនិយាយបានថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏មិនចង់ឃើញរបបកុម្មុយនីស្តកូរ៉េខាងជើងដូលរលំដូចគ្នា។ កូរ៉េខាងត្បូង ច្បាស់ណាស់ មិនចង់ប្រឡែងលេងនឹងហានិភ័យ តាមរយៈការធ្វើសមាហរណកម្មបងប្អូនជាមួយកូរ៉េខាងជើងនោះឡើយ រីឯសហរដ្ឋអាមេរិកពេញចិត្តសម្រាប់អ្វីដែលជាស្ថានភាពនៅឧបទ្វីបកូរ៉េបច្ចុប្បន្ន ជាពិសេសជម្លោះតិចតួចដែលអូសបន្លាយជាច្រើនទសវត្សមកនេះ។ ដោយសារយុទ្ធសាស្ត្រនៃមហាអំណាចទាំង៣ ទើបធ្វើឲ្យកូរ៉េខាងជើងបច្ចុប្បន្នលេចរូបរាងឡើង។
ស្របពេលសហភាពសូវៀតដួលរលំ ចិនបានបោះជំហានយ៉ាងវែងផ្តោតលើការពង្រឹងសេដ្ឋកិច្ចជាតិ ខណៈកូរ៉េខាងជើង ត្រូវផុងខ្លួនធ្លាក់ក្នុងកាលៈទេសៈដ៏ពិបាកមួយ។ យុទ្ធសាស្ត្រចម្បងនៃរបបកូរ៉េខាងជើងពេលនេះ ត្រូវតែបន្តរស់ និងទប់ស្កាត់មហិច្ឆិតារបស់អាមេរិក ក៏ដូចជាកូរ៉េខាងត្បូង។ ប៉ុន្តែការពឹងផ្អែកលើសម្ព័ន្ធមិត្តជារដ្ឋកុម្មុយនីស្តរបស់ខ្លួន ក្លាយទៅជារឿងពិបាក និងស្មុគស្មាញ ព្រោះថាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តទាំងពីររបស់កូរ៉េខាងជើង លែងជារដ្ឋកុម្មុយនីស្តតទៅទៀតហើយ ហើយសម្ព័ន្ធមិត្តមួយទៀត រឹតតែមិនអាចប៉ាន់ស្មានត្រូវ។ កូរ៉េខាងជើង មិនអាចពឹងផ្អែកលើប្រទេសចិន ដើម្បីធានាសុវត្ថិភាពរបបនយោបាយខ្លួនតទៅទៀតទេ មួយវិញទៀតកងកម្លាំងរបស់សម្ព័ន្ធមិត្ត សុទ្ធតែបានសម្ងំលាក់ខ្លួននៅកូរ៉េខាងជើងដូចគ្នា។
ជាលទ្ធផល កូរ៉េខាងជើង ត្រូវបង្ខំចិត្តផ្អាកគោលនយោបាយចងសត្រូវជាមួយកូរ៉េខាងត្បូង ដើម្បីទុកពេលបង្កើតគោលនយោបាយថ្មីមួយទៀតក្នុងចេតនាការពាររបបកុម្មុយនីស្តខ្លួន ការពារខ្លួនទាំងសត្រូវមកពីក្រៅ និងសត្រូវនៅខាងក្នុង ដែលជាហេតុបង្ខំចិត្តឲ្យមានការកែប្រែរបបបក្សកុម្មុយនីស្ត ទៅជារបបកាន់កាប់អំណាចតាមខ្សែស្រឡាយគ្រួសារ។ យុទ្ធសាស្ត្រគោលនយោបាយនេះ បានរងការរិះគន់យ៉ាងខ្លាំង ប៉ុន្តែក៏បានបំភ័យសត្រូវរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដូចគ្នា។
បណ្តាមេដឹកនាំកូរ៉េខាងជើងទាំងអស់ សុទ្ធតែលួងលោមពលរដ្ឋរបស់ខ្លួន មិនមានការគំរាមកំហែងពីខាងក្រៅមកលើអធិបតេយ្យភាពដែនដីរបស់ខ្លួននោះទេ ដោយអះអាងថា កូរ៉េខាងជើងមានកម្លាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងសត្រូវ កត្តានេះហើយធ្វើឲ្យពិភពលោកឃើញច្បាស់ពីយុទ្ធសាស្ត្រថ្មីដើម្បីឈរជើងរបស់រដ្ឋកុម្មុយនីស្តមួយនេះ។
កូរ៉េខាងជើង ពិតជាមានកម្លាំងកងទ័ពដ៏ច្រើនមហិមា ប៉ុន្តែពួកគេមិនមែនជាទ័ពខ្លាំងនោះទេ ហើយអាវុធយុទ្ធភ័ណ្ឌសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមសុទ្ធតែហួសសម័យ អ្វីដែលជាគុណសម្បត្តិរបស់កូរ៉េខាងជើង គឺមានដែនដីភូមិសាស្ត្រតែប៉ុណ្ណោះ ព្រោះប្រមាណជាង៥០គីឡូម៉ែត្រពីព្រំដែនកូរ៉េទាំងពីរ គឺជាទីក្រុងសេអ៊ូល ជារដ្ឋធានីនយោបាយ និងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដែលពេលនេះជាទីក្រុងដ៏ទំនើប និងស៊ីវិល័យ កំពុងឈរចំពីមុខកាំភ្លើងធំរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង ធ្លាប់បានបញ្ជូនទ័ពរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់់តំបន់ព្រំដែនជាមួយភាគខាងត្បូង ដោយថែមទាំងព្រមានថា ប្រសិនជាការហេតុការប៉ះទង្គិតដោយយោធាណាមួយកើតឡើង កងរថក្រោះរបស់ខ្លួន និងសម្រុកចូលកាន់កាប់ទីក្រុងទំនើបមួយនេះ។
តាមរយៈចំនួនកងទ័ពយ៉ាងច្រើន កូរ៉េខាងជើងពិតជាអាចកាន់កាប់ទីក្រុងសេអ៊ូលបានយ៉ាងងាយ ប៉ុន្តែយោធាកូរ៉េខាងជើងក៏ប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរជាមួយកងទ័ពដែនអាកាសរបស់កូរ៉េខាងត្បូង មានន័យថា ជារឿងមិនគួរប្រថុយប្រថានបំផុត ជាមួយជីវិតទ័ពរាប់សែននាក់ ។ មូលហេតុនេះ បានជម្រុញឲ្យកូរ៉េខាងជើង ត្រូវការសព្វាវុធយោធាកម្រិតខ្ពស់ជាច្រើនទៀត ជាពិសេសគឺយុទ្ធសាស្ត្រទម្លាក់គ្រប់បែក ប្រសើរជាងការប្រើទ័ពពិតប្រាកដ នេះគឺជាមូលហេតុចម្បងមួយជម្រុញឲ្យកូរ៉េខាងជើងបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរ ឲ្យលេចរូបរាងឡើង។
យ៉ាងណាក្ដី កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង បានរំលោភលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៃអង្គការសហប្រជាជាតិ ដែលធ្វើឲ្យប្រទេសនេះរងផលពិបាកយ៉ាងខ្លាំង។ ជាពិសេស គឺចាប់តាំងពីប្រទេសនេះ គម្រាមវាយប្រហារកូរ៉េខាងត្បូងដោយគ្រាប់បែកនុយក្លេអ៊ែរមក កាន់តែធ្វើឲ្យកូរ៉េខាងជើងរងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ និងឈានដល់រលាយរបបកុម្មុយនីស្តរបស់ខ្លួន ឬអាចរលាយទាំងប្រជាជាតិទាំងមូលតែម្តង។
សមត្ថភាពបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ និងភាពឯកោ របស់កូរ៉េខាងជើង
ក្រុមអ្នកវិភាគស្ថានភាពសន្តិសុខនយោបាយឧបទ្វីបកូរ៉េ បានវាយតម្លៃថា មកទល់នឹងពេលនេះកូរ៉េខាងជើង ប្រហែលជាមិនទាន់មានសមត្ថភាពបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរបាននៅឡើយទេ ដូច្នេះហើយទើបពួកគេព្យាយាមប្រើភាសាក្រអើតក្រទម គំរោះគំរើយខ្លាំង ព្រោះយ៉ាងណាក៏អាច បំភ័យសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ចិន ដែលសុទ្ធសឹងចាត់ទុកកូរ៉េខាងជើងជាប្រទេសគ្រោះថ្នាក់បំផុតនោះ។
ប៉ុន្តែអាកប្បកិរិយាមិនសមរម្យនៃរបបកុម្មុយនីស្តកូរ៉េខាងជើង ពិតជាធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំងដូចគ្នា។ ក្នុងទស្សនៈរួមមួយ កូរ៉េខាងជើង ចង់ឲ្យពិភពលោកទាំងមូល ចាត់ទុកខ្លួនជាប្រទេសគ្រោះថ្នាក់ មិនគួរវាយប្រហារនោះទេ ហើយត្រូវចាត់ទុកជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់រស់។
យុទ្ធសាស្ត្រគោនយោបាយកូរ៉េខាងជើង មាន២ផ្នែកធំៗ។ ទីមួយ គ្មាននរណាម្នាក់ខ្វាយខ្វល់លើប្រទេសខ្លួន មានន័យថាកូរ៉េខាងត្បូងក៏មិនចង់រងគ្រោះថ្នាក់ដូចពេលដែលអាល្លឺម៉ង់ ធ្វើសមាហរណកម្មជាមួយរដ្ឋកុម្មុយនីស្តអាល្លឺម៉ង់ខាងកើត ហើយទាំងសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន ក៏សុទ្ធតែមិនចង់ ដោយសាររំលំរបបកូរ៉េខាងជើង បែរជាធ្វើឲ្យសន្តិសុខនៅឧបទ្វីបកូរ៉េអស្ថិរភាពដូចគ្នា។ រីឯចិន ក៏កំពុងលួងលោមកូរ៉េខាងជើង ដើម្បីទាញយកផលចំនេញពីសហរដ្ឋអាមរិក ដូច្នេះមានន័យថា គ្រប់មហាអំណាច ក៏ដូចជាបណ្តាប្រទេសក្នុងឧបទ្វីបកូរ៉េ សុទ្ធតែចង់បានវត្តមានកូរ៉េខាងជើង។
យុទ្ធសាស្ត្រទី២ បន្តដំណើរការរបបកុម្មុយនីស្តរបស់ខ្លួន គឺធ្វើយ៉ាងណាការពារការបែកបាក់ផ្ទៃក្នុង ដូចទៅនឹងរបបកុម្មុយនីស្តដទៃទៀតធ្លាប់កើតមាន។ កូរ៉េខាងជើង ចង់បានដាច់ខាតធ្វើយ៉ាងឲ្យរបបនយោបាយរបស់ខ្លួន ក្លាយទៅជារបបកុម្មុយនីស្តគំរូ មានប្រសិទ្ធិភាពខ្ពស់ក្នុងយុទ្ធសាស្ត្រតែមួយគត់របស់ខ្លួន។
ស្ថានភាពនៅកូរ៉េខាងជើងបច្ចុប្បន្ន គឺជារឿងមួយមនុស្សជាច្រើនស្មានមិនដល់ កូរ៉េខាងត្បូង កាន់តែប្រឈមនឹងបញ្ហាសំខាន់ៗថែមមួយកម្រិតទៀត ជាពិសេសគឺទំហំពាណិជ្ជកម្មដ៏ធំរបស់ពួកគេដែលត្រូវព្រួយបារម្ភ។
កូរ៉េខាងជើងនៅពេលនេះ ដាច់ខាតត្រូវតែការពារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឲ្យបាន ព្រោះថាការប្រើប្រាស់កងយោធាមិនមែនជាជម្រើសល្អអាចការពារនិរន្តភាពនៃរបបកុម្មុយនីស្តរបស់ខ្លួននោះទេ។ ប្រទេសមហាអំណាចធំៗ សុទ្ធតែយល់ច្បាស់ពីបញ្ហានេះ កូរ៉េខាងជើង ចង់បានបំផុតនោះ គឺប្រាកដថា ប្រទេសរបស់ខ្លួនអាចទប់ទល់នឹងការឈ្លានពានគ្រប់រូបភាពពីប្រទេសមហាអំណាច បើទោះជាត្រូវទ្រាំខ្លាំងប៉ុណ្ណា ពិបាកប៉ុណ្ណា ឬត្រូវទាល់ចក្រ និងរស់ក្នុងនាមជារដ្ឋឯកោក្តី។
ប៉ុន្តែតម្លៃនៃយុទ្ធសាស្ត្រនេះ គឺជាភាពខ្មៅងងឹតក្នុងសង្គមកូរ៉េខាងជើង គឺជារបបទន់ខ្សោយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសគឺធ្វើឲ្យខ្លួនឯងក្លាយជារដ្ឋឯកោ កាន់តែចាកឆ្ងាយពីពិភពលោក។
ទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោក នឹងក្លាយជារឿងអស្ថិរភាពសម្រាប់ជាតិខ្លួន ដូច្នេះហើយ កូរ៉េខាងជើង ទាមទារចាំបាច់កម្រិតទំនាក់ទំនងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងក្នុងកម្រិតទាបបំផុត។
ដូចអ្វីដែលបានលើកឡើងទាំងអស់ ទឹកដីកូរ៉េ ដែលពេលនេះគឺមានកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺគ្រាន់តែជាទឹកដីយុទ្ធសាស្ត្រនយោបាយសម្រាប់មហិច្ឆិតានៃប្រទេសមហាអំណាចប៉ុណ្ណោះ ប៉ុន្តែតិចតួចណាស់ ដែលចង់បានផលប្រយោជន៍ពីកូរ៉េខាងជើង ប៉ុន្តែពួកគេគឺត្រូវការទឹកដីនេះដើម្បីពង្រឹងអំណាចរបស់ខ្លួនលើពិភពលោក។
អត្ថបទ៖ លោក George Friedman ស្ថាបនិកគេហទំព័រភូមិសាស្ត្រនយោបាយអនាគត សរសេរនៅឆ្នាំ២០១៦ (ចេញផ្សាយដោយ Business Insider ថ្ងៃ ៣ កក្កដា ឆ្នាំ២០១៧)