អ្នកស្រាវជ្រាវបុរាណវិទ្យា លាតត្រដាងពីការចាប់ផ្តើមផលិតកុលាលភាជន៍ខ្មែរ នៅតំបន់អង្គរ
- 2018-01-24 03:38:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្រាវជ្រាវបុរាណវិទ្យា លាតត្រដាងពីការចាប់ផ្តើមផលិតកុលាលភាជន៍ខ្មែរ នៅតំបន់អង្គរ
ចន្លោះមិនឃើញ
ក្រោយចំណាយពេលជាង២០ឆ្នាំ លើការសិក្សាស្រាវជ្រាវកុលាលភាជន៍ខ្មែរទាំងផ្នែកបុរាណវិទ្យា និងការវិភាគបែបវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការផលិតកុលាលភាជន៍ក្នុងតំបន់អង្គរ បានចាប់ផ្តើមពីដើមសតវត្សរ៍ទី៩ នៃគ.ស។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីម្សិលមិញ។
ការសន្និដ្ឋាននេះ គឺបន្ទាប់ពីអ្នកស្រាវជ្រាវ បានធ្វើកំណាយទៅលើស្ថានីយឡដុតកុលាលភាជន៍ចំនួន១០ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងបានយកបំណែកកុលាលភាជន៍ទៅវិភាគនៅមន្ទីរពិសោធន៍បរទេសដូចជាប្រទេសជប៉ុន និងសហរដ្ឋអាមេរិកជាដើម។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍នៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានឲ្យដឹងថា ដើម្បីឲ្យដឹងអំពីអាយុកាល និងសមាសធាតុផ្សំ គឺត្រូវយកធ្យូង និងបំណែកកុលាលភាជន៍ ដែលបានមកពីធ្វើកំណាយក្នុងឡទៅពិសោធនៅបរទេស ដូចជាប្រទេសជប៉ុន អាមេរិក និងប្រទេសសិង្ហបុរីជាដើម។
ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យ New England ប្រទេសអូស្ត្រាលីដើម្បីសិក្សាអំពីអាយុកាល សមាសធាតុផ្សំនៅក្នុងកុលាលភាជន៍។ យោងតាមការសិក្សាស្រាវជ្រាវកុលាលភាជន៍ខ្មែរតាមបែបវិទ្យាសាស្រ្ត គេអាចបែងចែកការផលិតកុលាលភាជន៍ជា ២ដំណាក់កាល គឺកុលាលភាជន៍ពណ៌បៃតង ចាប់ផ្តើមផលិតនៅចុងសតវត្សរ៍ទី៨ គ.ស. ឬដើមសតវត្សរ៍ទី៩ នៃគ.ស រហូតមកដល់ចុងសតវត្សរ៍១៣ នៃគ.ស។ រីឯកុលាលភាជន៍មានពណ៌ត្នោតចាប់ផ្តើមផលិតនៅចុងសតវត្សរ៍ទី១១ ដល់សតវត្សរ៍ទី១៥ នៃគ.ស៕