ស្គរសម្ភោរ ជាឧបករណ៍ភ្លេងដ៏ពិសិដ្ឋ ដែលមិនអាចខ្វះការគោរពបូជា
- 2018-01-28 09:36:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គរសម្ភោរ ជាឧបករណ៍ភ្លេងដ៏ពិសិដ្ឋ ដែលមិនអាចខ្វះការគោរពបូជា
ចន្លោះមិនឃើញ
ស្គរសម្ភោរត្រូវបានក្រុមអ្នកសិល្បៈ ទាំងក្រុមភ្លេង និងអ្នករាំ គោរពបូជាយ៉ាងខ្លាំងព្រោះគេបានចាត់ទុកស្គរនេះជា គ្រូធំនៃវង់ភ្លេងនិងចង្វាក់។
មុនការសម្ដែងចាប់ផ្តើមសម្ដែង មេវង់ភ្លេងត្រូវរៀបចំនំនែកចេកអំពៅផ្កាធូប ទៀន ដាក់ថ្វាយចំពោះស្គរសម្ភោរ។ នេះបើតាមការឲ្យដឹងពីព្រឹទ្ធាចារ្យ ឆែម សុខ អ្នកកាន់ឧបករណ៍ស្គរសម្ភោរ និងជាមន្រ្តីដែលកំពុងបម្រើការងារនៅក្រសួងវប្បធម៌ ។ លោកបន្តថាការធ្វើបែបនេះគឺនិទានតគ្នាមកដោយគេចាក់ទុកស្គរសម្ភោរនេះជាឧបករណ៍ដ៏ពិសិដ្ឋ ដែលដឹកនាំការសម្ដែងទាំងមូល។
«ស្គរនេះគេចាក់ទុកថាជាគ្រូធំដែលជាមេចង្វាក់ទាំងរាំ ច្រៀង និងការប្រគំតន្រ្ដីក្នុងវង់។ ស្គរសម្ភោរមុននឹងចូលវៃអ្នកវ៉ៃត្រូវសំពះសិនទើបវៃបាន»។ ព្រឹទ្ធាចារ្យ ឆែម សុខ បញ្ជាក់។
លោក មាស សំបូ គ្រូឧបករណ៍បុរាណនៅសាលាមធ្យមសិក្សា និងវិចិត្រសិល្បៈ ក៏បានបញ្ជាក់ដូចគ្នាថា ត្រូវតែរៀបចំថ្វាយបង្គំ ឬគោរពបូជាចំពោះស្គរសម្ភោរ មិនអាចអាក់ខានឡើយ។ លោកបន្តថា នៅពេលដែលភ្លេចការគោរពបូជាគឺនិងកើតហេតុផ្សេងជាច្រើន ដូចជា សម្ដែងមិនបានល្អ អ្នករាំភ្លេចក្បាច់ ឬរាំមិនត្រូវគ្នា ឯអ្នកភ្លេងក៏លេងមានបញ្ហាផ្សេងកើតឡើង គឺកម្មវិធីនោះដំណើរការមិនរលូនជាឡើយ។
លោកថា «កាលពីដើមឡើយគ្រូមុនពេលពាសស្បែក លោកបញ្ចុះអាត្ម័ន មន្តគាថាជាដើម ពេលនោះស្គរនេះកាន់តែខ្លាំងទៀត គឺគ្រាន់តែដើរកន្លងច្បាស់ជាហើមដៃជើងហើមខ្លួន ហើយអ្នកដែលមិនជាអ្នកកាន់ឧបករណ៍នោះបើមិនមកចាប់កាន់លេង ក៏ឈឺពោះវិលមុខទាល់តែធ្វើពិធីលោមថ្វាយទើបបាន»។
ស្គរដែលអ្នកភ្លេងពិណពាទ្យ មានជំនឿខ្លាំងបែបនេះ ជាប្រភេទស្គរមួយធ្វើឡើងដោយឈើកកោះ រាំង បេង ជាដើម។ បើតាមឯកសារ ឧបករណ៍តន្រ្តីបុរាណកម្ពុជាបោះពុម្ពឆ្នាំ ១៩៩៤ ដោយអង្គការUNESCO បានរៀបរាប់ថាស្គរនេះគេធ្វើវាឡើងដោយកំណត់ពេលវេលាច្បាស់លាស់ក្នុងការដាស់ (ពាស)ស្បែក គឺជ្រើសយកតែថ្ងៃព្រហស្បតិ៍មួយថ្ងៃគត់។ ព្រោះជាថ្ងៃព្រះពិស្ណុការ ដោយគេមានជំនឿថា សំឡេងស្គរនឹងពីរោះរណ្ដំអន្ទងអារម្មណ៍អ្នកស្ដាប់។ ស្គរនេះមានតួនាទីកំណត់ចង្វាក់ ២ជាន់ ឬ៣ជាន់ និងជាកន្លែងដែលគេអុចធូប ទៀនផ្កាឧទ្ទិសចំពោះគុណគ្រូតូចធំឡាយនៃវង់ភ្លេង៕