អរិយក្សត្រ នឹងក្លាយជាតំបន់អភិវឌ្ឍ​អចលនទ្រព្យដ៏មានសក្តានុពល

  • 2018-02-09 08:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកជំនាញវាយតម្លៃអចលនទ្រព្យ បាន​អះអាង​ថា តំបន់ប៉ែកខាងកើតនៃរាជនីភ្នំពេញ ពោលគឺតំបន់អរិយក្សត្រ នឹងក្លាយជាតំបន់ដ៏មានសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងរយៈពេល ៥ ទៅ១០ ឆ្នាំខាងមុខ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានលើកឡើង​នៅ​ក្នុង​បទបង្ហាញមួយ ទាក់ទងនឹង​និន្នាការទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ កាល​ពីថ្មីកន្លងទៅថា រយៈពេល​ដប់ឆ្នាំកន្លងមកនេះ ទីផ្សារអចលនទ្រព្យបានពង្រីកពីក្រុងភ្នំពេញ ទៅភាគខាងលិច។ ដោយឡែកកាលពីប្រាំឆ្នាំមុន ការរីកចំរើននៃទីផ្សារមួយនេះបានធ្វើដំណើរទៅភាគខាងជើង ហើយបច្ចុប្បន្ននិន្នាការនេះកំពុងតែរីកទៅភាគខាងត្បូង។

ហេតុ​អ្វី​ ទីផ្សារ​អចលនទ្រព្យ ​មិនទាន់​​រីក​ខ្លាំង ​នៅ​ភាគ​ខាងកើត​រាជធានី​ភ្នំពេញ?

បើតាមការអះអាងអ្នកជំនាញរូបនេះ ការរីកចម្រើនអចលនទ្រព្យនៅមិនទាន់ទៅដល់ភាគខាងកើត គឺដោយសារតែពុំទាន់មានស្ពានភ្ជាប់ពីទីក្រុង ទៅផ្នែកត្រោយម្ខាងទៀតនៃទន្លេ។ “ខ្ញុំគិតថាក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ជាពិសេសនៅពេលដែលមានស្ពាន និន្នាការអចលនទ្រព្យនឹងបន្តឆ្ពោះដំណើរទៅទិសខាងកើត ហើយតម្លៃដីក៏នឹងកើនឡើងខ្ពស់។ ដូច្នេះខ្ញុំរំពឹងថានឹងមានការរីកចំរើនដ៏ធំនៅទីនោះ”។ នេះបើតាមប្រសាសន៍របស់លោក សន សៀប។

កន្លងទៅនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការសាងសង់ស្ពានចំនួន ២កន្លែង ដើម្បីតភ្ជាប់តំបន់អរិយក្សត្រ មកកាន់រាជធានីភ្នំពេញ ហើយក៏ជាផ្នែកមួយនៃការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងផងដែរ។ “ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងពិតប្រាកដមួយ យើងត្រូវសាងសង់ស្ពានមួយតភ្ជាប់ពីកំពង់ចម្លងជ្រោយចង្វារ ទៅស្វាយជ្រំ ហើយមួយទៀតត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ដែលតភ្ជាប់រវាងតំបន់អរិយក្សត្រ និងក្តីតាកុយ”។

ផែនការនៃការសាងសង់ស្ពាននេះ បានក្លាយជាចលករមួយក្នុងការរុញច្រានទីផ្សារអចលនទ្រព្យ ឲ្យមានភាពរស់រវើកក្នុងតំបន់នោះ បើទោះបីមិនទាន់មានកាលបរិចេ្ចទជាក់លាក់ណាមួយក្នុងការសាងសង់ស្ពានទាំងនោះនៅ​ឡើយ។

អគ្គនាយកក្រុមហ៊ុន Lucky Realty លោក ឌឹត ចណ្ណា បានថ្លែងប្រាប់សារពត៌មានក្នុងស្រុកកន្លងទៅថ្មីៗនេះថា បច្ចុប្បន្នក្នុងតំបន់អរិយក្សត្រ ដីនៅតាមបណ្តោយផ្លូវធំអាចមានតម្លៃចន្លោះពី ៤០០ ទៅ ៤៥០ ដុល្លារ ក្នុងមួយ​ម៉ែត្រការ៉េ ខណៈដីលំនៅឋានតាមផ្លូវតូចៗក្នុងភូមិមានតម្លៃចន្លោះពី ២០០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបញ្ជាក់ថា តម្លៃនេះបើធៀបនឹងដើមឆ្នាំ ២០១៧ គឺកើនឡើងក្នុងរង្វង់ ១០ ទៅ ១៥ ភាគរយ។

លោក សន សៀប យល់ឃើញថា ភាគខាងកើតនៃរាជធានីភ្នំពេញគឺជាទីតាំងដ៏ល្អ ហើយអាចមើលឃើញទេសភាពទាំងមូលនៃរាជធានីភ្នំពេញ ពោលភាគខាងកើតជាទីតាំងល្អសម្រាប់ការសាងសង់ខុនដូ និងសណ្ឋាគារនាពេលអនាគត។ ទោះយ៉ាងណា អ្នកជំនាញរូបនេះក្រើនរឭក ដល់អ្នកទិញដីនៅតំបន់នោះត្រូវមានការផ្ទេរប្លង់រឹង ជាជាងប្លង់ទន់ ដើម្បីកុំ​ឲ្យ​មានហានិភ័យ៕

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;