ពលរដ្ឋ​ខ្មែរប្រមាណ ១ម៉ឺន​នាក់ ​ឆ្លង​ចូល​ថៃ​​តាម​ច្រក​ប៉ោយប៉ែត​ ជា​រៀងរាល់ថ្ងៃ

  • 2018-03-26 00:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​មួយថ្ងៃៗ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រមាណ​ពី​ ៨​ពាន់​ទៅ​១​ម៉ឺន​នាក់ បាន​ឆ្លង​ចូល​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត​ ។ នេះ​បើ​យោងតាម​ប្រធាន​គណៈកម្មាធិការ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក វួ​ច អូន ប្រធាន​គណៈកម្មាធិការ​ខាងលើ បាន​បញ្ជាក់ថា ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ គឺ​ជា​​អាជីវករ​​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ និង​កម្មករ​អូស​រទេះ​។

​លោក​បន្ដថា អាជីវករ និង​កម្មករ​អូសរទេះទាំង​នោះ គឺ​ចូល​ព្រឹក ​វិល​ល្ងាច ប៉ុន្តែ​ក៏មាន​ពលរដ្ឋ​មួយចំនួន​តូច​ស្នាក់នៅ​​ក្នុង​ដី​ថៃ​ផងដែរ ដោយសារ​ពួកគេ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​ដែលមាន​សុពលភាព​១​សប្ដាហ៍ ។​

​លោក វួ​ច អូន បាន​​ឲ្យ​ដឹង​ទៀត​ថា ក្រោយពេល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រួល​សំបុត្រ​ឆ្លងដែន​លក់​ជូន​ប្រជាពលរដ្ឋ បាន​បង្កលក្ខណៈ​​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ដោយ​ស្របច្បាប់ ដោយ​លក់​ជូន​ក្នុង​១​នាក់​តម្លៃ​តែ​ ១០០​រៀល​ប៉ុណ្ណោះ។ លោក​បន្ដថា ការចេញ​ប័ណ្ណ​ព្រំដែន​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ប្រទេស​ថៃ​នេះ ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​អាជីវករ និង​កម្មករ ថែមទាំង​ផ្ដល់នូវ​ចំណូល​សម្រាប់​ជាតិ​ថែមទៀត ។​

​យោងតាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ កាលពី​ឆ្នាំ​២០០៣​បាន​កំណត់ថា ការចេញ​ប័ណ្ណឆ្លងដែន​នេះ គឺ​សម្រាប់តែ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​ ដែល​អាច​ចេញចូល​បាន​ក្នុង​រយៈពេល​៧​ថ្ងៃ សម្រាប់​ខេត្ត​ស្រះកែវ និង​ខេត្ត​ប្រា​ជឹម​បូរី​របស់​ថៃ ហើយ​ខាង​ពលរដ្ឋ​ថៃ​ក៏​អនុវត្ត​ដូចគ្នា​ដែរ ក្នុងការ​ចូលមក​ប្រទេស​កម្ពុជា ។ ប័ណ្ណ​នេះ​មាន​សុពលភាព​រយៈពេល​២​ឆ្នាំ​៕

អត្ថបទទាក់ទង៖

---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;