កីឡដ្ឋាន​​ក្លឹប​បាល់ទាត់​វិសាខា ដំណើរការ​សាងសង់​ដល់​ណាហើយ?

  • 2018-03-30 02:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡដ្ឋាន​របស់​ក្លឹប​បាល់ទាត់​ចំណូល​ថ្មី វិសាខា ដែល​មាន​ទីតាំង​នៅ​តំបន់​ហ្រ្គែន​ភ្នំពេញ ​បាន​សាងសង់​រួចរាល់​ ៧០%​ ហើយ ដែល​ទំនង​ជាង​អាច​​ដាក់​ឱ្យ​ដំណើរការ​ប្រកួត​បាន​ នៅ​ក្រោយ​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ឬ​ចុង​ខែមេសា ឆ្នាំ២០១៨។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ហុក សុចិត្រា អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​វិសាខា។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់វិសាខា
ក្នុងវីដេអូ​របស់​គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) លោក​ ហុក សុចិត្រា បាន​បន្ថែម​ថា នៅពេល​សាងសង់​រួចរាល់ ក្លឹប​មិន​ចាំ​បាច់​ខ្ចី​កីឡដ្ឋាន​របស់​ក្លឹប​វេស្ទើនទៀតទេ។ កីឡដ្ឋាន​ថ្មី​​ នឹង​បើក​ដំណើរការ​តែ​ម្ដង ​នៅ​ពេល​ស្មៅ​ដុះ​លូតលាស់​ពេញ​ទីលាន ខណៈ​​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ​នឹង​បន្ដ​ធ្វើ​ជា​បន្ត​បន្ទាប់ ដូចជា​ការ​សាងសង់​កន្លែង​អង្គុយ ដែល​អាច​ដាក់​មនុស្ស​បាន​ពី​ ៥​ពាន់​ ទៅ​៧​ពាន់​នាក់​ជាដើម។

វីរបុរសបាល់ទាត់​ខ្មែរ​ដដែល ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ នៅ​ពេល​បាន​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្លាំង ជាក់ស្ដែង​ដូចកាលប្រកួត​ទល់​នឹង​ភ្នំពេញក្រោន ដែល​មាន​អ្នក​ទស្សនា​ពេញ រហូត​ដល់គ្មាន​កន្លែង​អង្គុយ នៅ​កីឡដ្ឋាន​វេស្ទើន។

កម្មករ​កំពុង​ស្រោច​ទឹក ថែ​ទាំ​ស្មៅ​នៅ​ទីលាន​នៃ​កីឡដ្ឋាន​វិសាខា

សូម​បញ្ជាក់ថា ក្លឹប​វិសាខា ត្រូវបាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប៉ុន្តែ​បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ ហុក សុជីវ័ន ក្លឹប​នេះ​បាន​​ឈ្នះ​ជើងឯក​លីក​លំដាប់​ទី២ កាលពីរដូវកាល​មុន និង​​​កំពុង​ធ្វើ​ព្យុះ​ធ្វើភ្លៀង​នៅ​លីគ​កំពូល​កម្ពុជា​រដូវកាល​នេះ ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថាចាញ់​នៅ​ឡើយ​ទេ ក្នុង​៣ប្រកួត​ដើមរដូវកាល (ឈ្នះ២ ស្មើ១)៕

លោក ហុក សុជីវ័ន គ្រូបង្វឹក​ក្លឹបបាល់ទាត់វិសាខា
ប្លង់​កីឡដ្ឋាន​ក្លឹប​បាល់ទាត់​វិសាខា
កីឡាករក្លឹបបាល់ទាត់វិសាខា
ក្លឹបបាល់ទាត់វិសាខា ពេលលើកពាន​លីគ​លំដាប់​ទី២​កម្ពុជា រដូវកាលមុន

ទស្សនា​ទិដ្ឋភាព​មួយចំនួន​ទៀត នៃ​ដំណើរការ​សាងសង់​កីឡដ្ឋាន​របស់​ក្លឹប​វិសាខា ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;