ចម្លាក់តោ​១ ត្រូវបាន​តម្កល់​ទុក​នៅ​កន្លែង​ដើមវិញ​ហើយ

  • 2018-03-30 09:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​ជំនាញ​អភិរក្ស​ថ្ម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​ជួសជុល​ចម្លាក់​តោ​១ រួចរាល់​ជា​ស្ថាពរ​ហើយ ​និង​បាន​យក​ទៅដាក់​តម្កល់​នៅ​ទីតាំង​ដើម​ខាងមុខ​ប្រាសាទ​​ក្រវ៉ាន់ ស្ថិតក្នុង​ភូមិ​ក្រវ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅថ្ងៃ​ទី៣០ ខែ​មីនា​នេះ។

ការ​ដាក់​នៅ​ទីតាំង​ដើម​នេះ​វិញ គឺ​ដើម្បី​អភិរក្ស​ថែរក្សា​មរតក​ដូនតា​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ដាក់​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា​ឡើងវិញ។

លោក រីក រ៉េត អ្នក​ជំនាញ​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើង​ថា ចម្លាក់​តោ​ថ្ម​នេះ មុនការ​ជួសជុល​ មាន​សភាព​ទ្រុឌទ្រោម បែកបាក់​រូបរាង​ជា​កំណាត់​តូចធំ​នៅលើ​ដី​មុខ​ប្រាសាទ។ កាលពី​សម័យ​បារាំង ចម្លាក់តោ​នេះ ត្រូវបាន​អ្នក​ជំនាញ​បារាំង​ជួសជុល​ម្តង​រួចហើយ តែការ​ជួសជុល​នោះ គ្រាន់តែ​យក​ស៊ីម៉ងត៍ និង​ដែក​មក​ប្រើ​បិទ​ភ្ជាប់​ឱ្យមាន​លំនឹង​អាច​ឈរ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​វា​ក៏បាន​បែកបាក់​ជា​បន្តបន្ទាប់​តាម​អាយុកាល​ស៊ីម៉ងត៍។

លោក​បន្ត​ទៀត​ថា ដើម្បី​លើក​តម្លៃ​មរតក​អង្គរ​ និង​ចម្លាក់តោ​ដែល​រង​នូវ​ការខូច​ខាត​នេះ ក្រុម​អ្នក​ជំនាញ​អភិរក្ស​ថ្ម​បាន​ជ្រើសរើស​ចម្លាក់​តោ​មួយ ក្នុង​ចំណោម​តោ​ទាំង៥ នៃ​ប្រាសាទ​ក្រវ៉ាន់​ ដើម្បី​ជួសជុល​សាកល្បង មុននឹង​ឈាន​ទៅដល់​ការ​ជួសជុល​ចម្លាក់​តោ​ដទៃ​ទៀត​នៅ​ប្រាសាទ​នេះ។

លោក រីក រ៉េត

ក្នុងការ​ជួសជុល ក្រុម​ការងារ​ក៏បាន​ប្រើ​បច្ចេកទេស​ជួសជុល​សមស្រប​ទៅតាម​បទដ្ឋាន​ដែលអាច​ធានា​បាននូវ​លក្ខណៈ​ដើម និង​សុវត្ថិភាព​យូរ​អង្វែង​នៃ​ចម្លាក់។ រីឯ​បច្ចេកទេស​ និង​ការ​ជួសជុល​ក៏ ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នក​ជំនាញ​ការ​អាដហុក​ របស់​គណៈ​កម្មការ​អាយ​ស៊ីស៊ី-អង្គរ​ផងដែរ។

សម្រាប់​ពេលវេលា​ក្នុងការ​ជួសជុល ក្រុម​ការងារ​បាន​ចំណាយ​ពេល​អស់​១ឆ្នាំ គឺ​ចាប់ពី​ខែ​ឧសភា​ឆ្នាំ​២០១៧ ដល់ខែ​មីនា​ឆ្នាំ២០១៨ ដើម្បី​រក្សា​បាន​នូវ​តម្លៃ​លក្ខណៈ​ដើម និង​ភាព​ល្អ​ប្រសើរ​នៃ​ចម្លាក់ ដោយ​សិក្សា​លម្អិត​ពី​រចនាបថ​ជើង​ចម្លាក់​តោ​ដទៃៗ នៅតាម​បណ្តា​ប្រាសាទ​មួយចំនួន​ដែលបាន​កសាង​ក្នុង​រជ្ជកាល​តែមួយ​ មក​ធ្វើការ​ប្រៀបធៀប​គ្នា ថា​តើត្រូវ​រើស​យក​រចនាបថ​ជើង​តោ​ណាមួយ មក​ធ្វើជា​គំរូ​ក្នុងការ​ឆ្លាក់ ដើម្បី​តភ្ជាប់​នឹងខ្លួន​ចម្លាក់​សត្វតោ​នៅ​ប្រាសាទ​ក្រវ៉ាន់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;