ខេត្ត​ព្រះសីហនុ ​នឹង​មាន​សណ្ឋាគារ​ថ្មីៗ​ប្រណិត​ជាច្រើន​ពាន់​បន្ទប់​បន្ថែម​ទៀត

  • 2018-05-16 09:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ទទួល​ស្វាគមន៍​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែលមាន​ការ​កើនឡើង​ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ មន្រ្តី​ទេសចរណ៍​ខេត្ត​ព្រះ​សីហនុ បាន​អះអាងថា នឹងមាន​សណ្ឋាគារ​ថ្មីៗ​ប្រណិត​ប្រមាណ​ពី ២ពាន់​ ទៅ​២៥០០​បន្ទប់​បន្ថែម​ទៀត​ នា​រយៈពេល​២ឆ្នាំ​ខាងមុខ​នេះ។

សណ្ឋាគារ Gobo East (រូបភាព៖ sihanoukville-cambodia)
លោក​ តាំង សុចិត្រគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​ក្រសួង​ទេសចរណ៍​កាលពី​ថ្មីៗ​កន្លងទៅ​នេះ​ថា បច្ចុប្បន្ន​ក្នុងខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ ៦៩​កន្លែង ស្មើនឹង ៣ ៥២១បន្ទប់ ផ្ទះ​សំណាក់​មាន ៣១៩​កន្លែង និង​ភោជនីយដ្ឋាន-អាហារដ្ឋាន​មាន ២៥១​កន្លែង។

ភ្ញៀវទេសចរ​ដែលមក​ទស្សនា​ខេត្ត​ព្រះសីហនុ មាន​ប្រមាណជាង ៩៥​ម៉ឺន​នាក់ កើនឡើង​ជាង​ ១៨%។ ក្នុងនោះ​មាន​ភ្ញៀវ​ទេសចរ​ចិន ប្រមាណ​៥ម៉ឺន​នាក់ កើនឡើង ៣៧%។ ដោយឡែក ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​តាម​បណ្ដា​កោះ ក្នុងខេត្ត​ព្រះសីហនុ ពិសេស​កោះរ៉ុង កោះរ៉ុង​សន្លឹម​ជាដើម មានជាង ១១ម៉ឺននាក់ កើនឡើង​ជាង ១០% ផងដែរ ក្នុង​ត្រីមាសទី​១ ឆ្នាំ​២០១៨​នេះ។

ខេត្ត​ព្រះសីហនុ​ដែល​ធា្លប់តែ​មានការ​ផ្គត់ផ្គង់​កន្លែង​ស្នាក់នៅ​ដល់​ភ្ញៀវ​ទេសចរ​ដូចជា ​ផ្ទះសំណាក់​ដែល​មាន​តម្លៃ​ទាប និង​សណ្ឋាគារ​ត្រឹម​លំដាប់​ផ្កាយ​បី​ជាដើម។ ក៏​ប៉ុន្តែ ដោយសារតែ​ហេដ្ឋា​សម្ព័ន្ធ ចេញចូល​ទៅក្នុង​ខេត្ត​នេះ​ មានភាព​ងាយស្រួល​ជាងមុន ហើយ​ថែមទាំង​មាន​ជើង​ហោះហើរ​ត្រង់ ធ្វើឱ្យ​ខេត្ត​មាន​ឆ្នេរ​សមុទ្រ​ស្អាត​ជាងគេ​ក្នុង​តំបន់​មួយនេះ​ ទទួលបាន​ការ​ចាប់​អារម្មណ៍​លើការ​វិនិយោគ​លើ​សណ្ឋារគារ​លំដាប់​អន្តរជាតិ។

តូយ៉ាង កាលពី​ចុងខែ​មេសា​កន្លង​ទៅនេះ​ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ “The Royal Sands Koh Rong” មាន ​១៤៨​បន្ទប់ ដែលជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន The Royal Group ត្រូវ​បាន​ដាក់​ឲ្យដំណើការ​ ។ សណ្ឋាគារ​នេះ ត្រូវបាន​សាងសង់​ជា​លក្ខណៈ​វីឡា ដោយ​ចំណាយ ៤០​លាន​ដុល្លារ​នៃ​ដំណាក់កាល​ទី១។​

សណ្ឋាគារលំដាប់ផ្កាយ៥ របស់ក្រុមហ៊ុន The Royal Group នៅលើកោះរ៉ុង (រូបថត៖ AKP)

​ក្រៅពី​នេះ ក៏មាន​គម្រោង​សាងសង់​​សណ្ឋាគារ​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន Marriott International ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក Grand Lion Group ផងដែរ។ គម្រោង​នេះ នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០១៩​ខាង​មុខ៕

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;