គម្រោង​ផ្លូវ​ល្បឿនលឿន នឹង​ប៉ះពាល់​ដល់​កៅស៊ូ ១០ម៉ឺន​ដើម​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី

  • 2018-05-20 08:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម​កៅស៊ូ​ប្រមាណ ១០ម៉ឺន​ដើម​ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​ឃុំ​កែវផុស របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី នឹងត្រូវ​កាប់ចោល ដោយសារ​តែ​តំបន់​នេះ ស្ថិតក្នុង​ទីតាំង​ឆ្លងកាត់​នៃ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក ឧកញ៉ា ម៉ុង ឫទ្ធី កំពុងត្រួតពិនិត្យមើលនៅក្នុងចម្ការកៅស៊ូរបស់លោក
លោក​បាន​ឱ្យដឹង​ថា កាលពី​រសៀល​ថ្ងៃទី១៨ ខែ​ឧសភា ក្រុម​វិស្វករ​មកពី​ប្រទេស​ចិន បាន​នឹង​កំពុងតែ​ចុះពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​​ដែល​គ្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​។ ផ្លូវ​នេះ នឹង​ត្រូវ​ឆ្លងកាត់​ចម្ការ​កៅស៊ូ​របស់​លោក ក្នុង​តំបន់​អភិវឌ្ឍន៍​ឃុំ​កែវផុស​ អស់​ប្រមាណ​ជា​ជាង​១៧០ហិកតា​ ព្រមទាំង​មាន​ផល​ប៉ះពាល់​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន​ផងដែរ។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ឧកញ៉ា នៅតែ​បង្ហាញ​ការ​គាំទ្រ​គម្រោង​នេះ​ដដែល។

សូម​ជម្រាប​ថា គម្រោង​ផ្លូវល្បឿនលឿននេះ គឺ​ឆ្លងកាត់ ៤​រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ/សង្កាត់ និង​១១០​ភូមិ។ ផ្លូវ​ល្បៀនលឿន​ដែល​គ្រោង​នឹង​ចំណាយ​សាងសង់ ១៩០០លាន​ដុល្លារ​នេះ ក្រាល​​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (គិតរួម​ទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយមាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ។

ផែនទីនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (រូបថត៖ FB រដ្ឋបាលខេត្តព្រះសីហនុ)

ការ​សិក្សា​គម្រោង​ផ្លូវ​ល្បឿនលឿន​នេះ នឹងត្រូវ​បញ្ចប់​នៅចុង​ឆ្នាំ​២០១៨ ហើយ​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០១៩។ ការ​សាងសង់​នេះ គ្រោងនឹង​បញ្ចប់​ជា​ស្ថាពរ​នៅឆ្នាំ​២០២៣ ពោល​គឺ​ប្រើ​រយៈពេល ៤ឆ្នាំ៕

អត្ថបទពាក់ព័ន្ធ៖ ក្រសួង​សាធារណការ ត្រៀម​ទិញដី​​សម្រាប់​សាងសង់​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;