ផ្លូវជាតិ​លេខ​៥ ចំនួន​ពីរ​កំណាត់​ទៀត នឹង​ត្រូវ​បើក​ការដ្ឋាន​ពង្រីក​ដល់ ៤​គន្លង នាខែ​វិច្ឆិកា​ឆ្នាំនេះ

  • 2018-05-21 12:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់​ផ្លូវ​ជាតិ​លេខ៥ ចាប់ពី​ធ្លាម្អម ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​បាត់ដំបង និង​ចាប់ពី​សិរីសោភ័ណ្ឌ ដល់​ប៉ោយប៉ែត នឹងត្រូវ​បើក​ការដ្ឋាន​ពង្រីក​ពី​២គន្លង ទៅ៤​គន្លង នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៥ ពី​ព្រែកក្តាម ទៅ​ធ្លាម្អម នាព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅស្រុក​រលៀប្អៀ ខេត្ត​កំពង់ឆ្នាំង។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក ស៊ុន ចាន់ថុល បាន​ឱ្យដឹង​ថា កំណាត់ផ្លូវ​ទាំង​២ ដែល​មាន​ប្រវែង​សរុប​ជាង ១៤៩​គីឡូម៉ែត្រ​នេះ គឺត្រូវ​បាន​បញ្ចប់​ការ​ជ្រើសរើស​ក្រុមហ៊ុន​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​រួចហើយ និង​កំពុង​ស្ថិតក្នុង​ដំណាក់កាល​នៃ​នីតិវិធី​រៀបចំ​ឯកសារ​សម្រាប់​ការ​ដេញថ្លៃ ជ្រើសរើស​ក្រុមហ៊ុន​សាងសង់។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៥ ចាប់ពី​ព្រែក​ក្តាម ទៅ​ធ្លាម្អម ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​​កាលពី​ព្រឹកមិញ​នេះ គឺជា​កំណាត់ផ្លូវ​ផ្នែក​ខាងត្បូង ប្រវែង​ជាង ១៣៥​គីឡូម៉ែត្រ។ ចំណែក​កំណាត់​ផ្លូវជាតិ​លេខ៥​ផ្នែក​ខាងជើង ចាប់ពី​បាត់ដំបង ទៅ​សិរីសោភ័ណ ប្រវែង​ជាង ៨៤​គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​រួច​មក​ហើយ កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨។ រីឯ​កំណាត់ផ្លូវ​ជាតិ​លេខ៥ ចាប់ពី​ធ្លាម្អម​ដល់​បាត់ដំបង និង​កំណាត់​ផ្លូវ​ពី​សិរី​សោភ័ណ ទៅ​ប៉ោយប៉ែត គឺជា​ដំណាក់កាល​សាងសង់​ក្នុងផ្នែក​កណ្តាល (ផ្នែកទី៣) និង​ផ្នែក​បញ្ចប់។

ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង (រូបថត៖ FB ក្រសួងសាធារណការ និងដឹកជញ្ជូន)

សូម​ជម្រាប​ថា ការ​សាងសង់​ពង្រីក​​ផ្លូវជាតិ​លេខ៥ (ពី២គន្លង ដល់ ៤គន្លង) ទាំងបួន​​កំណាត់​ខាងលើនេះ គឺជា​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​​ផ្លូវជាតិ​លេខ៥ ចាប់ពី ព្រែកក្តាម ដល់​ប៉ោយប៉ែត ប្រវែង ៣៧០គីឡូម៉ែត្រ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន៕

អត្ថបទ​ពាក់ព័ន្ធ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;