អ្នកវិនិយោគកូរ៉េ និងជប៉ុន កំពុងសម្រុកទិញដីនៅជិតតំបន់បឹងកប់ស្រូវ
- 2018-05-21 13:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិនិយោគកូរ៉េ និងជប៉ុន កំពុងសម្រុកទិញដីនៅជិតតំបន់បឹងកប់ស្រូវ
ចន្លោះមិនឃើញ
វិនិយោគិនកូរ៉េ និងជប៉ុន បាននឹងកំពុងសម្លឹងមើលឱកាសវិនិយោគលើវិស័យដីធ្លីក្នុងតំបន់ជិតបឹងទំនប់កប់ស្រូវ (ឬហៅថា បឹងតាមោក) ដោយការទិញដីនៅតំបន់នោះទុកសម្រាប់ការវិនិយោគនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់ លោក ពីង សេរី នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Real Estate។
លោក សេរី បានថ្លែងឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ នៅមិនទាន់ល្អគ្រប់គ្រាន់ទេ ពោលគឺនៅមានកង្វះខាតនូវប្រព័ន្ធទឹក។ ទោះយ៉ាងណា វិនិយោគិនអចលនទ្រព្យរូបនេះ មើលឃើញថាវិសាលភាពនៃការវិនិយោគនៅក្បែរតំបន់អភិរក្សបឹងតាមោក មានទំហំធំធេងជាងតំបន់ផ្លូវ ៦០ម៉ែត្រ (មហាវិថីសម្តេច ហ៊ុន សែន)។
បើតាមលោក សេរី សកម្មភាពពុះដីឡូតិ៍លក់ក្បែរតំបន់បឹងដ៏ធំមួយនេះ មានសន្ទុះគួរឲ្យកត់សម្គាល់ ហើយទីផ្សារតម្លៃដីក្នុងតំបន់ទំនប់កប់ស្រូវ មានចាប់ពី ២០០ដុល្លារអាមេរិកឡើងទៅក្នុងមួយម៉ែត្រការ៉េ។ ស្រដៀងគ្នានេះដែរ បើតាមរបាយការណ៍វាយតម្លៃដីធ្លីរបស់ក្រុមហ៊ុន Key Real Estate គិតត្រឹមដំណាច់ឆ្នាំ២០១៧ បានបង្ហាញថា តម្លៃដីក្នុងខណ្ឌព្រែកព្នៅសម្រាប់ការប្រើប្រាស់លើលំនៅឋានមានតម្លៃចាប់ពី ៩០ដុល្លារអាមេរិកឡើងទៅ ខណៈតម្លៃដីសម្រាប់ការធ្វើពាណិជ្ជកម្មមានតម្លៃចាប់ពី ៣៣០ដុល្លារអាមេរិកឡើងទៅ។
សូមរំលឹកថា កាលពីខែកុម្ភៈ ឆ្នំាំ២០១៦ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយស្តីពីការកំណត់ផ្ទៃបឹងតាមោក ដែលមានទំហំ ៣២៣៩,៧ហិកតា ដើម្បីទុកជាសម្បត្តិរបស់រដ្ឋ ក្នុងគោលដៅទប់ស្កាត់ការចាក់ដីរំលោភបំពាន។
លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានថ្លែងឱ្យដឹងថា មិនមានការអនុញ្ញាតឱ្យមានសកម្មភាពទិញ លក់ដីធ្លីក្នុងផ្ទៃបឹងតាមោក ដែលរដ្ឋាភិបាលបានបង្កកទុកជាសម្បត្តិរបស់រដ្ឋនោះឡើយ វៀរលែងតែតំបន់ជុំវិញ ដែលផុតពីគំនូសក្រហមកំណត់ដោយអនុក្រឹត្យរបស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា បឹងតាមោក ជាបឹងធម្មជាតិ ហើយក៏ជាអាងស្តុកទឹកធំបំផុតនៅភាគខាងលិចឆៀងខាងជើង នៃរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នបឹងមួយចំនួនត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប។ តួយ៉ាង ដូចជា បឹងកក់ កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ស៊ូកាកូអ៊ីន (Shukaku Inc) បឹងពោងពាយ កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប (L.Y.P Group) ជាដើម៕