ប៉េអឹមរាជធានី បង្កើតគណកម្មការត្រួតពិនិត្យមធ្យោបាយពាក់ស្លាកលេខ ខ.ម

  • 2018-06-01 07:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើត​​គណៈកម្មការ​ត្រួតពិនិត្យ​​មធ្យោបាយ​ពាក់ស្លាក​លេខ​កងយោធពលខេមរភូមិន្ទ (ខ.ម) ធ្វើចរាចរ និងធ្វើអាជីវកម្មខុសច្បាប់ក្នុងរាជធានីភ្នំពេញ។

គណៈកម្មការនេះ មាន​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជា​ប្រធាន។ ចំណែក​អនុប្រធាន ៤រូប មាន​​លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរងទទួលការងារប្រតិបត្តិការ លោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ មេបញ្ជាការរងទទួលការងារនីតិវិធី និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងទទួលសម្ភារៈបច្ចេកទេស។ រី​ឯ​មេបញ្ជាការវរសេនាតូចលេខ១ និងជាមេបញ្ជាការមូលដ្ឋានខណ្ឌទាំង១២ រួមទាំងនាយការិយាល័យជំនាញមួយចំនួនទៀត ជាសមាជិក។

នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ប្រធាន​គណៈ​កម្មការ​ថ្មី​នេះ
ទាក់ទងស្លាកលេខ ខ.ម នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាឱ្យអគ្គនាយកដ្ឋាន​​សម្ភារៈបច្ចេកទេសក្រសួងការពារជាតិ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិភាក្សាគ្នាត្រួតពិនិត្យ និងចាត់វិធានការ​តាមច្បាប់ ចំពោះការប្រើប្រាស់​យានយន្តពាក់ស្លាកលេខ ខ.ម. ខុសច្បាប់។ ការបញ្ជានេះ បានធ្វើឡើងនៅក្នុងពិធីបិទសិក្ខា​​សាលាការងារបច្ចេកទេសទូទាំងកងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០១៨-២០២២) នៅទីបញ្ជាការកងពលតូចលេខ៧០ កាលពីរសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៨។

សម្តេចពិជ័យសេនាគូសបញ្ជាក់ថា “ស្លាកលេខ ខ.ម. មិនត្រូវបំពាក់លើមធ្យោបាយដែលមិនបង់ពន្ធជូនរដ្ឋទេ គឺត្រូវមានពន្ធទាំងអស់។ រថយន្តគ្រប់ប្រភេទ ត្រូវគ្រប់គ្រងដោយអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ។ រថយន្តពាក់ស្លាកលេខ ខ.ម. មិនអនុញ្ញាតឱ្យបុគ្គលផ្សេងប្រើប្រាស់ក្រៅពីស្ថាប័នកងឯកភាពនិងម្ចាស់រថយន្តនោះឡើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;