នាយករដ្ឋមន្រ្តី​អេស្ប៉ាញ ចុះ​ចេញពី​តំណែង ដោយសារ​រឿង​អាស្រូវ​ពុករលួយ

  • 2018-06-01 12:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តី​អេស្ប៉ាញ លោក Mariano Rajoy ត្រូវបាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង បន្ទាប់ពី​សភា​បាន​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពីលោក ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត នៅថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៨​នេះ ជុំវិញ​រឿង​អាស្រូវ​ពុករលួយ​របស់​គណបក្ស​លោក គឺ​គណបក្ស​ប្រជាជន​អភិរក្ស។

លោក Mariano Rajoy ថ្លែងនៅក្នុងសភាអេស្ប៉ាញនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ (រូបថត៖ Reuters)
លោក Mariano Rajoy បាន​ក្លាយជា​នាយករដ្ឋមន្រ្តី​ដំបូង​គេ ដែលត្រូវ​ចាកចេញ​ពី​តំណែង ដោយសារ​ការ​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​នេះ ចាប់តាំងពី​អេស្ប៉ាញ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​នៅក្នុង​ឆ្នាំ​១៩៧៧។

មេដឹកនាំ​គណបក្ស​ប្រជាជន​អភិរក្ស ដែល​កាន់​តំណែង​នាយករដ្ឋមន្រ្តី​តាំងពី​ឆ្នាំ២០១១​រូបនេះ បានថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សភា​ទាំងអស់​ថា លោក​ព្រម​ទទួលយក​ការពិត​នេះ និង​អបអរ​សាទរ​ចំពោះ​លោក Pedro Sanchez ដែលជា​មេដឹកនាំ​គណបក្ស​សង្គម​និយម ក្នុងការ​ទទួល​តំណែង​នាយករដ្ឋមន្រ្តី​​ថ្មីនៃ​ប្រទេស​អេស្ប៉ាញ។

លោក Mariano Rajoy ចាប់ដៃអបអរលោក Pedro Sanchez ដែលទទួលបានតំណែងនាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអេស្ប៉ាញ (រូបថត៖ EPA)

លោក Mariano Rajoy ​បញ្ជាក់​ថា លោក​មាន​កិត្តិយស​ណាស់​ដែលបាន​ធ្វើជា​នាយក​រដ្ឋមន្រ្តី​អេស្ប៉ាញ ហើយ​លោក​រីករាយ​ក្នុងការ​ចាកចេញ​ពី​តំណែង ដើម្បី​ឱ្យ​ប្រទេស​នេះ​កាន់តែ​ប្រសើរ​ឡើង៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;