អគ្គស្នងការ​រង បញ្ជាក់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេច​ក្រុមព្រះ និង​អ្នកម្នាង

  • 2018-06-21 03:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងកា​ររង​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នកម្នាង អ៊ុក ផល្លា កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨ គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ ហើយ​លោក​ក៏​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​មិន​ត្រឹមត្រូវ​នានា​ផងដែរ។ ការ​ថ្លែង​បញ្ជាក់​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នាព្រឹក​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ។

នាយ​ឧត្តម​សេនីយ៍ ហ៊ឹម យ៉ាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ
លោក​បាន​ឱ្យដឹង​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្ក​ឡើង​ដោយ​ឈ្មោះ ម៉ិល សារ៉េត ជាអ្នក​បើកបរ​រថយន្ត​តាក់ស៊ី។ ជន​បង្ក​នេះ បាន​បើកបរ​រថយន្ត​ក្នុង​ល្បឿនលឿន វ៉ា​ជែង ទៅបុក​ព្រះ​ទីនាំង​សម្តេច​ក្រុមព្រះ​។ អ្នក​បើកបរ​រូបនេះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បើកបរ​ក្នុង​ល្បឿនលើស​កំណត់ វ៉ាជែង ក្នុង​ល្បឿន ១០០​គីឡូម៉ែត្រ ក្នុង​១ម៉ោង។

នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់​ថា អ្នក​បើក​រថយន្ត​តាក់ស៊ី​ដែល​បុក​ព្រះទីនាំង​សម្តេច​ក្រុមព្រះ គឺ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៣ និង​មាត្រា​៨៥។ ចំណែក​រថយន្ត​នេះ ក៏​បាន​ផ្ទុក​មនុស្ស​លើស​កំណត់​ផងដែរ។

សូម​រំលឹក​ថា សម្តេច​ក្រុមព្រះ និង​អ្នកម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​ ២០០-២០១ នៅ​ស្រុក​ព្រៃនប់ ក្នុង​ពេល​ដែល​ក្បួនរថយន្ត​សម្តេច​ក្រុមព្រះ បាន​ធ្វើដំណើរពី​ពីខេត្ត​កំពត ទៅខេត្ត​ព្រះសីហនុ ដោយ​សម្តេច​បាន​ជិះ​នៅក្នុង​រថយន្ត BMW ពណ៌ស។ ព្រះ​ទីនាំង​របស់​ព្រះអង្គ ត្រូវបានបុក​ដោយ​រថយន្ត​១​គ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ស ស្លាកលេខ 2-9667 ដែលធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ៕

រថយន្ត BMW របស់សម្តេចក្រុមព្រះ ដែលបានបុកទង្គិចជាមួយរថយន្តហាយឡេនឌ័រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ផ្តល់ឱ្យ

អត្ថបទទាក់ទង៖ សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ខេត្ត​ព្រះសីហនុ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;