វិភាគ World Cup ពូល D៖ តើអាហ្សង់ទីន អាច​ស្ដារមុខមាត់​បានទេ ប៉ះ​ក្រូអាត​យប់នេះ?

  • 2018-06-21 09:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​បានត្រឹម​ស្មើក្នុង​ប្រកួត​ដំបូង​ទល់​នឹង​អ៊ីស្លង់ អាហ្សង់ទីន​ត្រូវ​ការ ៣ពិន្ទុ​ជា​ចាំបាច់ ក្នុង​ជំនួប​លើក​ទី២​ ពូល D ទល់​នឹង​ក្រុម​ក្រូអាត នាម៉ោង ១រំលង​អាធ្រាត្រ​យប់នេះ។ តើ​អាហ្សង់ទីន អាច​រក ៣ពិន្ទុ​បាន​ដែរឬទេ? ចុះ​ក្រូអាត ដែល​ឈ្នះ​នីហ្សេរីយ៉ា​ក្នុងប្រកួត​ដំបូង អាច​បន្ត​ជ័យជម្នះ​បាន​ទៀត​ដែរយ៉ាងណា?

មុន​ចូលរួម​ព្យាករ​លទ្ធផល​ជាមួយខ្លីៗ សូម​មើល​រឿង​រ៉ាវ​គួរ​ដឹង​មួយចំនួន ដូច​ខាងក្រោមនេះ៖

ព័ត៌មានក្រុម៖

  • អាហ្សង់ទីន៖ គ្រូបង្វឹក Jorge Sampaoli ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​អាច​ប្ដូរ​រូបមន្ត​លេង​ពី ៤-២-៣-១ ដែល​ប្រើ​ពេល​ប្រកួត​ទល់​នឹង​អ៊ីស្លង់ ទៅ​ប្រើ​ទម្រង់ ៣-៤-៣ វិញ។ អាហ្សង់ទីន មិន​មាន​បញ្ហា​កីឡាករ​បួស ឬ​ជាប់​ពិន័យ​នោះឡើយ​ សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រូអាត​យប់នេះ។ ខ្សែ​បម្រើ​ស្លាប Cristian Pavon របស់​ក្លឹប Boca Juniors នឹង​អាច​ជាប់​ក្នុង​ជម្រើស​ដំបូង​ជា​លើក​ទី១ ក្នុង​ការ​ប្រកួត​ពាន​ផ្លូវការ ខណៈ​ខ្សែការពារ Gabriel Mercado (ក្លឹប Sevilla) និង​ខ្សែបម្រើស្លាប Marcos Acuna (ក្លឹប Sporting CP) ក៏នឹង​អាច​ជាប់​ក្នុង​ជម្រើស​១១នាក់ផងដែរ។
Messi បង្ហាញ​អារម្មណ៍​ខកចិត្ត ក្រោយ​ប្រកួត​ស្មើ​អ៊ីស្លង់
- **ក្រូអាត៖** ក្រូអាត នឹង​បាន​ឡើង​ទៅ​ជុំ ១៦ក្រុម​ចុងក្រោយ​ជា​ស្វ័យប្រវត្តិ ប្រសិន​បើ​អាច​យកឈ្នះ​អាហ្សង់ទីន។ ក្រុមនេះ ក៏​មិន​មាន​បញ្ហា​កីឡាករ​របួស ឬ​ជាប់​ពិន័យដែរ ប៉ុន្តែខ្សែ​ប្រយុទ្ធ Nikola Kalinic ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្រោយ​បដិសេធ​មិន​ប្ដូរ​ចូល​លេង ពេល​ធ្វើ​ជា​កីឡាករ​បម្រុង​​កាលពី​ប្រកួត​ទល់​នឹង​នីហ្សេរីយ៉ា ដោយ​ប្រាប់​ហេតុផល​ថា​ ឈឺខ្នង។
កីឡាករ​ក្រុមក្រូអាត អបអរ​ក្រោយ​ស៊ុត​ចូល​នីហ្សេរីយ៉ា

ប្រវត្តិ​ជួប​គ្នា​នៃ​ក្រុម​ទាំង២

ក្រុមទាំង២ ធ្លាប់​ជួបគ្នា ៤ ដង។ លទ្ធផល​គឺ អាហ្សង់ទីន ឈ្នះ២ដង ក្រូអាត​ឈ្នះម្ដង និងស្មើគ្នាម្ដង។ ក្នុង​ចំណោម៤ប្រកួត​នោះ មាន​ម្ដង​ជាការ​ប្រកួត​នៅ World Cup ដែល​អាហ្សង់ទីន បានឈ្នះ ១-០ (World Cup 1998)។ ជួបគ្នាលើក​ចុងក្រោយ អាហ្សង់ទីន ឈ្នះ ក្រូអាត ២-១ ក្នុង​ជំនួប​មិត្តភាពកាលពី​ឆ្នាំ ២០១៤។

៥ប្រកួត​ចុងក្រោយ​នៃ​ក្រុមទាំង២

  • អាហ្សង់ទីន៖ ឈ្នះ២ ស្មើ១ ចាញ់២។ ប្រកួត​ចុងក្រោយ ស្មើ អ៊ីស្លង់ ១-១ ថ្ងៃទី១៦ មិថុនា ២០១៨ (World Cup 2018)

  • ក្រូអាត៖ ឈ្នះ​៣ ចាញ់២។ ប្រកួត​ចុងក្រោយ ឈ្នះ នីហ្សេរីយ៉ា ២-០ ថ្ងៃទី១៦ មិថុនា ២០១៨ (World Cup 2018)

កីឡាករ​ក្រុម​អាហ្សង់ទីន ហ្វឹកហាត់​ត្រៀម​ប៉ះ​ក្រូអាត

ជម្រើស ១១នាក់​ដំបូង ដែល​អាច​ចូលលេង

អាហ្សង់ទីន៖ Caballero; Mercado, Otamendi, Tagliafico; Salvio, Mascherano, Meza, Acuna; Messi, Aguero, Pavon

ក្រូអាត៖ Subasic; Vrsaljko, Lovren, Vida, Strinic; Rakitic, Badelj; Brozovic, Modric, Perisic; Mandzukic​

កីឡាករ​ក្រូអាត ហ្វឹកហាត់​ត្រៀម​ប៉ះ​អាហ្សង់ទីន

រឿងរ៉ាវ​គួរដឹង​ ទាក់ទង​នឹង​ក្រុមទាំង២

  • អាហ្សង់ទីន៖ ការប្រកួត​ក្នុង​ពូល​នៅ World Cup ១៦ដង​ចុងក្រោយ ក្រុមនេះ​ចាញ់​តែម្ដង​គត់ គឺចាញ់អង់គ្លេស ១-០ កាលពីឆ្នាំ​២០០២ (ឈ្នះ១២ ស្មើ៣)។ ការ​ប្រកួត​១០ដង​ចុងក្រោយ​របស់​អាហ្សង់ទីន​នៅក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​ផ្លូវការ គឺ​មាន​តែ ២ប្រកួត​ប៉ុណ្ណោះ ដែល​អាហ្សង់ទីន ស៊ុត​ចូល​លើស​ពី ១គ្រាប់។

  • ក្រូអាត៖ ក្រូអាត​មិន​ដែល​ចាញ់​នោះទេ ក្នុង​ប្រកួត​ទី២ នៅ World Cup (ឈ្នះ៣ ស្មើ១) និងធ្លាយ​សំណាញ់ទី​តែ១គ្រាប់​ប៉ុណ្ណោះ (ពេល​ឈ្នះ​អ៊ីតាលី ២-១ នៅ World Cup 2002)។ ប៉ុន្តែ​ក្រុមនេះ មិន​ដែល​ឈ្នះ​ក្រុម​មកពី​អាមេរិកឡាទីន​ នៅ World Cup នោះទេ ពោល​គឺ​ជួប៤ដង ចាញ់​ទាំង៤ ដង (ចាញ់ប្រេស៊ីល ៣ដង និងអាហ្សង់ទីន ម្ដង)។

ការ​ព្យាករណ៍​របស់ខ្លីៗ៖ អាហ្សង់ទីន ១-១ ក្រូអាត

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;