តើ​អ៊ីរ៉ង់ អាចបង្កើត​កំណត់ត្រា​ថ្មី ពេល​ប៉ះ​ព័រទុយហ្គាល់​ យប់នេះ បាន​ដែរឬទេ?

  • 2018-06-25 08:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួប​រវាង​ព័រទុយហ្គាល់ និង​អ៊ីរ៉ង់ អាច​ថា​ជា​ការ​ប្រកួត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ ក្នុង​ចំណោម​៤​ គូ នៅ FIFA World Cup យប់នេះ។ គួរ​ឲ្យ​ចាប់អារម្មណ៍​ ដោយសារ​តែ​ក្រុមទាំង២ អាច​មាន​១ក្រុម​ត្រូវ​ធ្លាក់ និង​១ក្រុម​ទៀត ត្រូវ​ជាប់​ទៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ។ ការ​ប្រកួត​ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ១រំលងអាធ្រាត្រ​យប់នេះ ដំណាល​គ្នា​នឹង​១គូ​ទៀត​ក្នុង​ B ដូចគ្នា គឺ អេស្ប៉ាញ vs ម៉ារ៉ុក។

អ៊ីរ៉ង់ មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​សន្សំពិន្ទុ​តាម​ពូល​នោះទេ ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ World Cup ៤ដង​កន្លងមក (១៩៧៨, ១៩៩៨, ២០០៦, ២០១៤) ប៉ុន្តែ​កំណត់ត្រា​នេះ នឹង​ត្រូវ​កែប្រែ ប្រសិន​បើ​អ៊ីរ៉ង់ អាច​យកឈ្នះ​ព័រទុយហ្គាល់​បាន។ សូម​បញ្ជាក់ថា ២ប្រកួត​ក្នុង​ពូល B គឺ​ ព័រទុយហ្គាល់ និង​ អេស្ប៉ាញ មាន ៤ពិន្ទុ រី​ឯ អ៊ីរ៉ង់ មាន ៣ពិន្ទុ។ ក្រុមទាំង៣ នឹង​មាន​ ២ក្រុម​អាច​ឡើង​ទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ។

តើ​ប្រិយមិត្ត គិត​ថា​អ៊ីរ៉ង់ អាច​បង្ក​ភាព​ភ្ញាក់ផ្អើល​បាន​ដែរឬទេ?

[ខ្លីៗ] សូម​វិភាគ​ត្រួសៗ ជូន​ប្រិយមិត្ត​ដូច​ខាងក្រោម៖

ជើង​កីឡាករ

ព័រទុយហ្គាល់៖ ខ្សែ​បម្រើ Joao Moutinho ទំនង​ជា​មិន​អាច​ចូល​លេង​បាន​ទេ ដោយ​សារ​បញ្ហា​សុខភាព។ កីឡាករ​មកពី​ក្លឹប Monaco វ័យ ៣១ឆ្នាំ​រូបនេះ បាន​ខកខាន​មិន​បាន​ហ្វឹកហាត់​នោះទេ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។

កីឡាករ​ព័រទុយហ្គាល់ ហ្វឹកហាត់​ត្រៀម​ប្រកួត​ យប់នេះ
**អ៊ីរ៉ង់៖** ខ្សែការពារ Ehsan Hajsafi ប្រហែល​ជា​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ ក្រោយ​រង​របួស​សាច់ដុំ​ភ្លៅ​ ពេល​ប្រកួត​ទល់​នឹង​ក្រុម​អេស្ប៉ាញ។ ប្រសិន​បើ​អវត្តមាន​មែន កីឡាករ​ដែលលេង​ឲ្យ​ក្លឹប Olympiakos រូបនេះ ទំនង​ជា​ត្រូ​វ​ជំនួស​ដោយ​កីឡាករ Milad Mohammadi ដែល​លេង​ឲ្យ​ក្លឹបរុស្ស៊ី Akhmat Grozny។
កីឡាករ​អ៊ីរ៉ង់ ហ្វឹកហាត់​ត្រៀម​ប៉ះ​ព័រទុយហ្គាល់ យប់នេះ

ប្រវត្តិ​ជួប​គ្នា

ព័រទុយហ្គាល់ និង​អ៊ីរ៉ង់ ធ្លាប់​ជួប​គ្នា​ម្ដង កាល​ពី World Cup ឆ្នាំ២០០៦។ លទ្ធផលពេល​នោះ គឺ​ព័រទុយហ្គាល់ ឈ្នះ អ៊ីរ៉ង់ ២-០។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ ១គ្រាប់​ក្នុង​ចំណោម ២គ្រាប់​នោះ ស៊ុត​បញ្ចូល​ទី​ដោយ Cristiano Ronaldo ដែល​ជា​គ្រាប់​បាល់​ទី១ សម្រាប់ Ronaldo នៅ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup។

Ronaldo (លេខ១៧) អបអរ​ជាមួយ​មិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់ខ្លួននៅ World Cup ពេល​ប៉ះអ៊ីរ៉ង់ នៅ World Cup 2006

លទ្ធផល​៥ប្រកួត​ចុងក្រោយ​នៃ​ក្រុម​ទាំង២

ព័រទុយហ្គាល់៖ ឈ្នះ២ ស្មើ៣។ ២ប្រកួត​នៅ World Cup 2018 គឺ​ស្មើ​អេស្ប៉ាញ ៣-៣ និងឈ្នះម៉ារ៉ុក ១-០។

អ៊ីរ៉ង់៖ ឈ្នះ៣ ចាញ់២។ ២ប្រកួត​នៅ World Cup 2018 គឺចាញ់អេស្ប៉ាញ ១-០ និងឈ្នះម៉ារ៉ុក ១-០។

ជម្រើស១១នាក់ដំបូង ដែលអាច​ចូលលេង

ព័រទុយហ្គាល់៖ Rui Patricio; Pepe, Jose Fonte, Raphael Guerreiro; Cedric Soares, William Carvalho, Joao Moutinho, Bernardo Silva, Joao Mario; Goncalo Guedes, Cristiano Ronaldo

Ronaldo អបអរ ក្រោយ​ស៊ុត​បញ្ចូលទី​អេស្ប៉ាញ កាលពី​ប្រកួត​ដំបូង​ពូល B

អ៊ីរ៉ង់៖ Ali Beiranvand; Ehsan Haji Safi, Morteza Pouraliganji, Ramin Rezaeian, Majid Hosseini; Saeid Ezatolahi, Vahid Amiri, Omid Ebrahimi, Karim Ansarifard, Mehdi Taremi; Sardar Azmoun

Karim Ansarifard និង Mehdi Taremi អបអរ​ក្រោយ​អ៊ីរ៉ង់​ យកឈ្នះ​ម៉ារ៉ុក​ចុងម៉ោង កាលពីប្រកួត​ទី១ ពូល B

រឿងរ៉ាវ​គួរដឹង​ ទាក់ទង​ក្រុមទាំង២

  • អ៊ីរ៉ង់ មិន​ដែល​ឈ្នះ​ក្រុមអឺរ៉ុប នៅ​ World Cup នោះទេ (ចាញ់៦ ស្មើ១)។

  • អ៊ីរ៉ង់ មិន​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ចុងក្រោយ​ក្នុងពូល នៅ World Cup នោះទេ (ស្មើ១ ចាញ់៣)

  • អ៊ីរ៉ង់ មិន​ធ្លាប់​ឈ្នះ ២ប្រកួត​ក្នុង​ពូល នៅ World Cup នោះទេ។

  • គ្រូបង្វឹក​អ៊ីរ៉ង់​បច្ចុប្បន្ន គឺ​លោក Carlos Queiroz ធ្លាប់​ដឹកនាំ​ព័រទុយហ្គាល់ កាលពីឆ្នាំ World Cup 2010។ នៅ​ពេលនោះ លោក​ជួយ​ឲ្យ​ព័រទុយហ្គាល់ ឈ្នះ​​កូរ៉េខាងជើង ៧-០ ដែល​ជា​ជ័យជម្នះ​ធំបំផុត​របស់​ព័រទុយហ្គាល់ ក្នុង​ប្រវត្តិ World Cup។

  • ព័រទុយហ្គាល់ ឈ្នះ ៣ប្រកួត ក្នុង​ចំណោម ៤ប្រកួត ពេលប៉ះ​ក្រុម​មកពី​អាស៊ី (ធ្លាប់ចាញ់កូរ៉េខាងត្បូង កាលពី World Cup 2002)។

ទស្សនៈ​របស់​ [ខ្លីៗ]៖ ព័រទុយហ្គាល់ ៣-០ អ៊ីរ៉ង់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;