World Cup ពូល C៖ លក្ខខណ្ឌ២ ដែលអាចជួយឲ្យអូស្រ្ដាលី ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ
- 2018-06-26 07:11:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup ពូល C៖ លក្ខខណ្ឌ២ ដែលអាចជួយឲ្យអូស្រ្ដាលី ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ
ចន្លោះមិនឃើញ
អូស្រ្ដាលី នឹងប៉ះប៉េរូ ក្នុងប្រកួតចុងក្រោយពូល C នាម៉ោង ៩យប់នេះ ដំណាលគ្នាការប្រកួត១គូទៀតក្នុងពូលដូចគ្នានេះ គឺ បារាំង និង ដាណាម៉ាក។ ឆ្លងកាត់២ប្រកួតកន្លងមក បារាំង បានជាប់ដោយស្វ័យប្រវត្តិហើយ ក្រោយរកបាន ៦ពិន្ទុពេញ ខណៈដាណឺម៉ាក ឈរលេខ២ មាន ៤ពិន្ទុ តាមពីក្រោយដោយអូស្រ្ដាលី ដែលមាន១ពិន្ទុ។ ចំណែកប៉េរូ (មិនទាន់មានពិន្ទុ) ជាក្រុមដែលធ្លាក់ជាស្វ័យប្រវត្តិហើយ។
ទោះបានត្រឹម១ពិន្ទុ ប៉ុន្តែអូស្រ្ដាលី នៅតែអាចមានឱកាសឆ្លងផុតពូលបាន ប្រសិនបើក្រុមនេះ អាចយកឈ្នះបេរូ ហើយដាណាម៉ាក ចាញ់បារាំង។ បើ២ករណីនោះកើតឡើងមែន អូស្រ្ដាលី និងដាណឺម៉ាក នឹងមាន ៤ពិន្ទុស្មើគ្នា ត្រូវកាត់សេចក្ដីជាប់ឬធ្លាក់ ដោយគិតលើចំនួនគ្រាប់បាល់។ ២ប្រកួតកន្លងមក ដាណឺម៉ាក ស៊ុតចូលគេ២គ្រាប់ និងគេស៊ុតចូលវិញ ១គ្រាប់ (ចំណេញ១គ្រាប់) ខណៈអូស្រ្ដាលី ស៊ុតចូលគេ២គ្រាប់ដែរ តែគេស៊ុតចូលវិញ ៣គ្រាប់ (ខាត ១គ្រាប់)។
តើអូស្រ្ដាលី អាចយកឈ្នះប៉េរូ បានដែរឬទេ?
យប់នេះ អូស្រ្ដាលី នឹងអវត្តមានខ្សែប្រយុទ្ធ Andrew Nabbout ដោយសារបញ្ហារបួសស្មា ដែលកើតឡើងកាលពីប្រកួតមុន។ ចំណែកប៉េរូ ក៏អវត្តមានកីឡាករ១រូបដែរ គឺខ្សែប្រយុទ្ធ Jefferson Farfan ដែលកំពុងព្យាបាលរបួសក្បាលនៅមន្ទីរពេទ្យ ក្រោយប៉ះទង្គិចជាមួយមិត្តរួមក្រុម ពេលហ្វឹកហាត់។
គ្រូបង្វឹកអូស្រ្ដាលី Bert van Marwijk បាននិយាយថា កីឡាករបារាំង នឹងលេងដើម្បីមោទនភាពសម្រាប់ពួកគេ ទោះពួកគេបានជាប់រួចហើយក៏ដោយ។ លោកជឿជាក់ថា បារាំងនឹងព្យាយាមអស់ពីលទ្ធផល ពេលប៉ះដាណឺម៉ាកយប់នេះ។
សូមបញ្ជាក់ថា អូស្រ្ដាលី មិនធ្លាប់មានប្រវត្តិជួបប៉េរូពីមុនមកទេ ប៉ុន្តែក្រុមនេះ មានប្រវត្តិមិនសូវល្អឡើយ ពេលប៉ះក្រុមមកពីតំបន់អាមេរិកខាងត្បូងនៅ World Cup ពោលគឺប៉ះ៣ដង អូស្រ្ដាលីអាចរកបានតែ១ពិន្ទុ (ស្មើម្ដង ចាញ់២) និងស៊ុតចូលបានតែ១គ្រាប់គត់។
តើបារាំង នឹងប្រឹងអស់សមត្ថភាពដើម្បីឈ្នះដាណឺម៉ាក ដូចការជឿជាក់របស់គ្រូបង្វឹកអូស្រ្ដាលី មែនឬយ៉ាងណា?
យប់នេះ ដាណឺម៉ាក នឹងអវត្តមានខ្សែប្រយុទ្ធ Yussuf Poulsen ដោយសារជាប់បម្រាម (កាតលឿង២)។ ចំណែកខ្សែបម្រើ Wiliam Kvist ដែលរបួសពេលប៉ះប៉េរូកាលពីប្រកួតមុន ក៏មិនអាចចូលលេងបានដែរ។
ចំណែកបារាំងវិញ គ្រូបង្វឹក Didier Deschamps ទំនងជាទុកជើងកីឡាករល្អមួយចំនួន ដូចជា Paul Pogba និង Blaise Matuidi ជាដើម ដោយសារកីឡាករទាំង២រូប បានកាតលឿងម្នាក់មួយរួចហើយ បើប្រកួតនេះបានកាតទៀត នឹងត្រូវអវត្តមានក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ប្រវត្តិជួបគ្នា នៅ World Cup ២ដងកន្លងមក ក្រុមទាំង២ បានឈ្នះម្ដងម្នាក់ គឺបារាំង ឈ្នះ ២-១ កាលពីឆ្នាំ១៩៩៨ តែត្រូវដាណឺម៉ាក យកឈ្នះវិញ ២-០ នៅ World Cup 2002។
ទស្សនៈរបស់ [ខ្លីៗ]៖ អូស្រ្ដាលី ១-០ , បារាំង ២-០