World Cup ពូល D៖ អាហ្សង់ទីន ធ្លាក់ ឬ ជាប់​ ត្រូវ​កាត់​សេចក្ដី​យប់នេះ

  • 2018-06-26 08:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូល D នឹង​ត្រូវ​ប្រកួត​បញ្ចប់​នា​ម៉ោង ១យប់នេះ ដោយ​អាហ្សង់ទីន ត្រូវ​ប៉ះ​ នីហ្សេរីយ៉ា ចំណែក​ក្រូអាត ជួប អ៊ីស្លង់។ ២ប្រកួត​កន្លងមក ក្រូអាត បានកក់​កៅអី​វគ្គ​១៦ក្រុម​ចុងក្រោយរួចជាស្រេច​ហើយ ដោយ​រក​បាន ៦ពិន្ទុ​ពេញ ខណៈ​ក្រុម៣ទៀត គឺ នីហ្សេរីយ៉ា (៣ពិន្ទុ), អ៊ីស្លង់ (១ពិន្ទុ)និង អាហ្សង់ទីន (១ពិន្ទ) ត្រូវ​ប្រជែង​គ្នា យក​កៅអី​១​ដែល​នៅ​សល់។

អាហ្សង់ទីន ដែល​មាន​តារា​ឆ្នើម Lionel Messi ត្រូវ​ការ​ឈ្នះ​នីហ្សេរីយ៉ាជា​ដាច់​ខាត ដើ់ម្បី​បន្ត​ទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ ប៉ុន្តែ​ក្រុម​នេះ ត្រូវ​ការ​ឈ្នះ​លើស​ពី១គ្រាប់ ក្នុង​ករណី​អ៊ីស្លង់ ឈ្នះ​ ក្រូអាត ដែរ​នោះ ព្រោះអ៊ីស្លង់ កំពុង​មាន​សំណល់​គ្រាប់​បាល់ (Goal Difference) ល្អ​ជាង​អាហ្សង់ទីន ១គ្រាប់។ ប៉ុន្តែ​បើ​បាន​ត្រឹម​ស្មើ អាហ្សង់ទីន នឹង​ត្រូវ​ធ្លាក់ ដោយ​មិន​ចាំ​បាច់​អ៊ុត​លទ្ធផល​រវាង​អ៊ីស្លង់ និង​ក្រូអាត​នោះទេ ដោយសារ​នីហ្សេរីយ៉ា មាន ៣ពិន្ទុ​ក្នុង​ដៃ​ស្រាប់។

តើ​ដំណើរ​លើ​វិថី FIFA World Cup 2018 របស់​ក្រុម​ជើង​ឯក​រង FIFA World Cup 2014 នឹង​ត្រូវ​បញ្ចប់​ត្រឹម​យប់នេះ ឬ​យ៉ាងណា?

បើ​មើល​លើ​ជើង​កីឡាករ នីហ្សេរីយ៉ា មិន​មាន​កីឡាករ​របួស​នោះទេ ប៉ុន្តែ​គ្រូបង្វឹក Gernot Rohr ទំនង​ជា​មិន​ប្រើ​ទម្រង់ ៣-៥-២ ដូច​ពេល​យក​ឈ្នះ​អ៊ីស្លង់នោះទេ។ យ៉ាងណាក្ដី លោកគ្រូ នឹង​ដាក់​ជម្រើស ១១នាក់​ដំបូងដដែល។

ចំណែក​អាហ្សង់ទីន ក៏​មិនមាន​បញ្ហា​កីឡាករ​របួស ឬ​ជាប់​បម្រាម​នោះដែរ ប៉ុន្តែ​អ្នកចាំទី Willy Caballero ដែល​បង្ក​កំហុស​ពេល​ចាញ់ក្រូអាត​ ទំនង​ជា​ត្រូវ​ជំនួស​ដោយ​អ្នកចាំទី Franco Armani (River Plate)។

ងាក​ទៅ​មើល​ប្រវត្តិ​ជួបគ្នាវិញ ក្រុម​ទាំង២ ធ្លាប់​ជួប​គ្នា​ជា​ច្រើន​ដង​មកហើយ ទាំង​ក្នុង​ប្រកួត​មិត្តភាព ទាំង​ក្នុងការ​ប្រកួត World Cup។ ជួបគ្នា​លើក​ចុងក្រោយ នីហ្សេរីយ៉ា ឈ្នះ អាហ្សង់ទីន ៤-២ ក្នុង​ជំនួប​មិត្តភាព កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧។ កាលពី World Cup 2014 និង World Cup 2010 ក្រុមទាំង២ ក៏​ជួប​គ្នា​ដែរ ដោយ​អាហ្សង់ទីន​ឈ្នះ​ទាំង២ ដង គឺ​ឈ្នះ ៣-២ ឆ្នាំ២០១៤ និងឈ្នះ ១-០ ឆ្នាំ ២០១០។

ទស្សនៈ​របស់ [ខ្លីៗ]៖ អាហ្សង់ទីន ១-០ នីហ្សេរីយ៉ា , ក្រូអាត ០-០ អ៊ីស្លង់

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;