World Cup៖ ជោគវាសនា​ក្រុម​ទាំង ៤ ក្នុង​ពូល F នឹង​ត្រូវ​សម្រេច​នៅ​យប់នេះ!

  • 2018-06-27 08:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជោគវាសនា​ក្រុម​ទាំង ៤ ក្នុង​ពូល F នឹង​ត្រូវ​​ដឹង​ នៅ​ក្រោយ​ការ​ប្រកួត​កាត់​សេចក្ដី​ នា​ម៉ោង ៩យប់នេះ។ ក្រុម​ឈរ​លើ​គេ​ក្នុង​ពូល ម៉ិកស៊ីកូ ត្រូវ​ជួប​ស៊ុយអែត ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​អាល្លឺម៉ង់ ប៉ះ​ជើងខ្លាំង​អាស៊ីដែល​កំពុង​ឈរ​បាត​ពូល កូរ៉េខាងត្បូង។

៤ក្រុម​ក្នុងពូល​នេះ នៅ​មិន​ទាន់​មាន​ក្រុម​ណាមួយ​បាន​ជាប់​ស្វ័យប្រវត្តិ ឬធ្លាក់​ស្វ័យប្រវត្តិ​នោះទេ។ ឆ្លង​កាត់​២ប្រកួត​កន្លងមក ម៉ិកស៊ីកូ រក​បាន ៦ពិន្ទុ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កក់​កៅអី​វគ្គ​ ១៦ក្រុម​ចុងក្រោយ​នោះឡើយ ខណៈ​កូរ៉េខាងត្បូង ដែល​មិន​ទាន់​មាន​ពិន្ទុ​រាប់​នឹង​គេ​នោះ ក៏​មិន​ទាន់​អស់​ឱកាស​ដែរ។ ហេតុអ្វី? ចម្លើយ​មាន​ដូចខាងក្រោម៖

- ម៉ិកស៊ីកូ (ឈ្នះទាំង ២ប្រកួត មាន ៦ពិន្ទុ) មិន​ទាន់​ជាប់ ដោយសារ៖

ម៉ិកស៊ីកូ ត្រូវ​ការ​ត្រឹម​ស្មើ​ក៏ជាប់ ឬ​ចាញ់​ក៏ជាប់ដែរ ក្នុង​ករណី​អាល្លឺម៉ង់ មិនអាច​យក​ឈ្នះកូរ៉េខាងត្បូង។ ប៉ុន្តែ​ក្រុមនេះ នៅ​តែ​អាច​ធ្លាក់ ក្នុង​ករណី​ ម៉ិកស៊ីកូខ្លួនឯង ប្រកួត​ចាញ់​ស៊ុយអែត​យប់នេះ ហើយ​ អាល្លឺម៉ង់ ឈ្នះ កូរ៉េខាងត្បូង (ក្នុង​ករណី​នេះ ម៉ិកស៊ីកូ នឹង​មាន ៦ពិន្ទុ​ដដែល ខណៈ​ស៊ុយអែត និងអាល្លឺម៉ង់ ឡើង​ដល់ ៦ពិន្ទុ​ដែរ)។ បើ​ករណី​នេះ​កើត​ឡើង​មែន ក្រុម​ទាំង៣ នឹង​ត្រូវ​កាត់​សេចក្ដី ដោយ​មើល​លើ​គ្រាប់​បាល់​ចំណេញ (២ប្រកួត​កន្លងមក ម៉ិកស៊ីកូ (+២), អាល្លឺម៉ង់ (០) និង ស៊ុយអែត (០)។ ក្រុម​១ ដែល​មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាងគេ នឹង​ត្រូវ​ធ្លាក់។

- កូរ៉េខាងត្បូង (ចាញ់​ទាំង២ ប្រកួត មាន ០ពិន្ទុ) មិន​ទាន់​ធ្លាក់ ដោយសារ៖

ទោះ​មិន​ទាន់​មាន​ពិន្ទុ​សោះ ប៉ុន្តែ​កូរ៉េខាងត្បូង មិន​ទាន់​ធ្លាក់​ដោយ​ស្វ័យប្រវត្តិនោះទេ។ ក្រុមនេះ នឹង​អាច​មាន​ឱកាស ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ក្នុង​ករណី​ កូរ៉េខាងត្បូង​ខ្លួនឯង ប្រកួត​ឈ្នះ​អាល្លឺម៉ង់ ហើយ​ម៉ិកស៊ីកូ ឈ្នះ​ស៊ុយអែត (ក្នុង​ករណី​នេះ កូរ៉េខាងត្បូង នឹង​ឡើង​ដល់ ៣ពិន្ទុ ខណៈ​អាល្លឺម៉ង់ និង​ស៊ុយអែត នៅ​តែ ៣ពិន្ទុ​ដដែល)។ បើ​ករណី​នេះ​កើត​ឡើង​មែន ក្រុម​ទាំង៣ នឹង​ត្រូវ​កាត់​សេចក្ដី ដោយ​មើល​លើ​គ្រាប់​បាល់​ចំណេញ (២ប្រកួត​កន្លងមក អាល្លឺម៉ង់ (០) ស៊ុយអែត (០) កូរ៉េខាងត្បូង (-២)។ ក្រុម២ ដែល​មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាង​គេ នឹង​ធ្លាក់​ ឯ​ក្រុម​មួយ​ទៀត នឹង​ឡើង​ក្នុង​នាម​ជា​ក្រុម​លេខ២ ក្នុង​ពូល។

តើ​ប្រិយមិត្ត គិត​ថា​ក្រុម២ណា នឹង​ឡើង ហើយ​ក្រុម២ណា នឹងធ្លាក់? ខ្លីៗ សូម​វិភាគត្រួសៗ ជូន​ប្រិយមិត្ត​ដូចខាងក្រោម៖

កូរ៉េខាងត្បូង vs អាល្លឺម៉ង់

កូរ៉េខាងត្បូង នឹង​អវត្តមាន​ប្រធាន​ក្រុម Ki Sung-yoeng ដែល​សារ​បញ្ហា​របួស​សាច់ដុំ​កំភួន​ជើង។ ចំណែក​អាល្លឺម៉ង់ នឹង​អវត្តមាន​ខ្សែ​ការពារ​ Jerome Boateng ដោយសារ​ជាប់​បម្រាម ក្រោយ​ទទួល​កាត​ក្រហម ពេល​អាល្លឺម៉ង់ ឈ្នះស៊ុយអែត ២-១។ ក្រៅ​ពី Boateng អាល្លឺម៉ង់ នឹង​អវត្តមាន​ខ្សែ​បម្រើមួយ​រូបទៀត គឺ Sebastian Ruby ដែល​របួស​បាក់​ឆ្អឹង​ច្រមុះ ពេល​ប៉ះ​ស៊ុយអែត។

ប្រវត្តិ​ជួបគ្នា៖ ក្រុមទាំង២ ធ្លាប់​ប៉ះ​គ្នា ៣ដង ដែល​ជា​លទ្ធផល​គឺ​អាល្លឺម៉ង់ ឈ្នះ២ដង កូរ៉េខាងត្បូង ឈ្នះម្ដង។ ប្រកួត​ចុងក្រោយបំផុត កាលពីឆ្នាំ២០០៤ កូរ៉េខាងត្បូង ឈ្នះ អាល្លឺម៉ង់ ៣-១ ក្នុង​ជំនួប​មិត្តភាព។ ជំនួប២ដង​ទៀត កើត​ឡើង​នៅ World Cup 2002 (អាល្លឺម៉ង់ ឈ្នះ ១-០) និង World Cup 1994 (អាល្លឺម៉ង់ ឈ្នះ ៣-២)។

ម៉ីកស៊ីកូ vs ស៊ុយអែត

ដោយសារ​មាន​ភាគរយជាប់​​ខ្ពស់ជាងគេ គ្រូបង្វឹក​របស់ម៉ិកស៊ីកូ លោក Juan Carlos Osorio ទំនង​ជា​ផ្លាស់ប្ដូរ​កីឡាករ​សំខាន់​មួយចំនួន ដើម្បី​បាន​សម្រាក។ ក្រុម​នេះ មិន​មាន​កីឡាករ​របួស​ ឬ ជាប់​បម្រាមនោះទេ។ ចំណែក​ស៊ុយអែត ក៏​មិន​មាន​បញ្ហា​អវត្តមាន​កីឡាករ​ដែរ។

ប្រវត្តិ​ជួបគ្នា៖ ក្រុមទាំង២ ធ្លាប់​ជួប​គ្នា ៤ដង ដែល​ជា​លទ្ធផល គឺ ម៉ិកស៊ីកូ ឈ្នះម្ដង ស៊ុយអែត ឈ្នះ២ដង និងស្មើ​ម្ដង។ ប្រកួត​ចុងក្រោយ កាលពីឆ្នាំ ២០០៩ គឺ​ស៊ុយអែត ឈ្នះ ម៉ិកស៊ីកូ ១-០ (ប្រកួត​មិត្តភាព)។ បើ​គិត​តែ World Cup ក្រុម​ទាំង២ ធ្លាប់ជួប​គ្នា​ម្ដង កាលពី World Cup 1958 (ស៊ុយអែត ឈ្នះ ម៉ិកស៊ីកូ ៣-០)។

ការ​ទស្សន៍ទាយ​របស់​ [ខ្លីៗ]៖ កូរ៉េខាងត្បូង ០-២ អាល្លឺម៉ង់ , ម៉ិកស៊ីកូ ១-១ ស៊ុយអែត

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;