World Cup ពូល E៖ ប្រេស៊ីល ស្វីស និងស៊ែប នឹង​មាន​​ក្រុម​មួយ ត្រូវ​ស្រក់ទឹកភ្នែក​យប់នេះ!

  • 2018-06-27 09:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពូល E នៃ FIFA World Cup 2018 នឹង​ត្រូវ​ប្រកួត​បញ្ចប់​នាម៉ោង ១រំលង​អាធ្រាត្រ យប់​នេះ (ថ្ងៃ២៧ ឈាន​ចូល ២៨ មិថុនា)។ ក្នុង​ពូលនេះ កូស្ដារីកា បាន​ធ្លាក់​ជាស្វ័យប្រវត្តិហើយ ក្រោយចាញ់​២ប្រកួត​ជាប់គ្នា ខណៈ​ក្រុម៣ ទៀត គឺ​ ប្រេស៊ីល (៤ពិន្ទុ), ស្វីស (៣ពិន្ទុ) និងស៊ែប (៣ពិន្ទុ) នឹង​ត្រូវ​ដឹក​ជោគវាសនា​ ជាប់ ឬធ្លាក់ នៅ​ក្រោយ​ការ​ប្រកួត​យប់នេះ។

ស៊ែប vs ប្រេស៊ីល

ប្រេស៊ីល នឹង​អវត្តមាន​កីឡាករ​២រូប គឺ​ខ្សែ​ការពារ Danilo (របួស​ដាច់ដុំ​ភ្លៅ) និងខ្សែបម្រើ Douglas Costa (របួស​សរសៃរ​ពួរ)។ ចំណែក ស៊ែប មិន​មាន​កីឡាករ​របួស​នោះទេ។

ប្រវត្តិ​ជួបគ្នា៖ ក្រុមទាំង២ ធ្លាប់ជួបគ្នា​ម្ដង ក្នុង​ជំនួប​មិត្តភាព ឆ្នាំ២០១៤។ លទ្ធផល​គឺ ប្រេស៊ីល ឈ្នះ ស៊ែប ១-០។

ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍៖ ប្រេស៊ីល មិន​ទាន់​ចាញ់​នោះទេ ក្នុង ១៣ប្រកួត​ចុងក្រោយ (ឈ្ន៩ ស្មើ៤ របូត​គ្រាប់​បាល់ តែ៣គ្រាប់​ប៉ុណ្ណោះ)។

ស្វីស vs កូស្ដារីកា

ស្វីស មិន​មាន​បញ្ហា​កីឡាករ​របួស ឬជាប់​បម្រាម​នោះទេ។ ចំណែក​កូស្ដារីកា ក៏​មិន​មាន​បញ្ហា​ដូចគ្នា។

ប្រវត្តិ​ជួបគ្នា៖ ក្រុមទាំង២ ធ្លាប់ជួបគ្នា​២ដង​ក្នុង​ជំនួប​មិត្តភាព​កាលពី​ឆ្នាំ២០១០ និង២០០៦។ ជាលទ្ធផល​គឺ​ឈ្នះ​ចាញ់​គ្នា​ម្ដង​ម្នាក់ ពោល​គឺ​កូស្ដារីកា ឈ្នះ ១-០ ឆ្នាំ២០១០ និង​ស្វីស​ ឈ្នះ ២-០ ឆ្នាំ ២០០៦។

ស្ថិតិ​គួរ​ឲ្យ​ចាប់អារម្មណ៍៖ កូស្ដារីកា មិន​ដែល​ឈ្នះ​ក្រុម​មក​ពី​អឺរ៉ុប​នោះទេ ក្នុង​ការ​ប្រកួត​ World Cup ប៉ះ​ក្រុម​អឺរ៉ុប ៤ដង​ចុងក្រោយ (ស្មើ៣ ចាញ់១) ហើយ​ស៊ុត​ចូល​បាន​តែ១គ្រាប់​ប៉ុណ្ណោះ។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;