ក្រុមការពារ​តំណែង​ជើងឯក​​​ទាំង ៥ ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ក្នុង​ប្រវត្តិសាស្រ្ដ World Cup

  • 2018-06-28 04:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាល្លឺម៉ង់ ដែល​ជា​ក្រុម​ឈ្នះ​ជើងឯក FIFA World Cup 2014 បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើល ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​ចែកពូល FIFA World Cup 2018 កាលពី​យប់មិញ (២៧ មិថុនា ២០១៨)។ ប៉ុន្តែ ក្រុម​នេះ​មិន​មែនជា​ក្រុម​ទី១ នោះទេ ដែល​ធ្លាក់​ក្នុង​ពូល ក្នុង​នាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក។

ក្រុម​ការពារ​តំណែង​ជើងឯក​ FIFA World Cup ចំនួន ៥ ដែល​ធ្លាក់​ក្នុង​ពូល៖

១. ប្រេស៊ីល (ឈ្នះជើងឯក ឆ្នាំ១៩៦២ ធ្លាក់​ក្នុង​ពូល​ ឆ្នាំ​ ១៩៦៦)

ប្រេស៊ីល បានឈ្នះជើងឯកបាល់ទាត់​ពិភពលោក ជាលើកទី២ កាល​ពីឆ្នាំ១៩៦២ នៅទឹកដីឈីលី ក្រោយ​បំបាក់​ក្រុម​ឆេកូស្លូវ៉ាគី ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ ៤ឆ្នាំបន្ទាប់ ក្នុងនាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក ប្រេស៊ីល បាន​ធ្លាក់​ត្រឹម​វគ្គ​ចែកពូល ក្រោយ​រក​បាន​តែ២ពិន្ទុ ក្នុង​៣ប្រកួត ពោលគឺ​ឈ្នះ១ ចាញ់២ (ជំនាន់​នោះ ឈ្នះបាន ២ពិន្ទុ មិនមែន ៣ពិន្ទុ​នោះទេ)។ ក្នុងពូល​នោះ ព័រទុយហ្គាល់ និងហុងគ្រី បាន​ឡើង​វគ្គបន្ត ខណៈប្រេស៊ីល និងប៊ុលហ្គារី ធ្លាក់។

២. បារាំង (ឈ្នះជើងឯក ឆ្នាំ១៩៩៨ ធ្លាក់ក្នុងពូល ឆ្នាំ ២០០២)

បារាំង បានឈ្នះជើងឯក​បាល់ទាត់​ពិភពលោក ជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្ដ​របស់ខ្លួន កាលពី​ឆ្នាំ១៩៩៨ លើ​ទឹកដីខ្លួនឯង ក្រោយ​បំបាក់​ប្រេស៊ីល ៣-០។ យ៉ាងណាក្ដី នៅឆ្នាំ២០០២ បារាំង បានធ្លាក់​ត្រឹម​វគ្គ​ចែកពូល នៅលើទឹកដី ជប៉ុន/កូរ៉េខាងត្បូង ក្រោយ​រកបាន តែ១ពិន្ទុក្នុង៣ប្រកួត ឈរ​បាត​តារាង​ពូល A។ ក្នុងពូលនោះ បារាំង បានចាញ់សេណេហ្គាល់ ចាញ់ដាណឺម៉ាក និងស្មើអ៊ុយរុយហ្គាយ។

៣. អ៊ីតាលី (ឈ្នះ​ជើងឯក ឆ្នាំ ២០០៦ ធ្លាក់​ក្នុង​ពូល​ ឆ្នាំ ២០១០)

អ៊ីតាលី បាន​ឈ្នះ​ពាន FIFA World Cup ជា​លើក​ទី៤ នៅ​ឆ្នាំ២០០៦ នៅ​ទឹកដី​អាល្លឺម៉ង់ ក្រោយ​យកឈ្នះ​បារាំង ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្នុង​វគ្គផ្ដាច់ព្រ័ត្រ។ ប៉ុន្តែ ៤ឆ្នាំ​ក្រោយ​មក អ៊ីតាលី បាន​ធ្លាក់​ចេញ​ពី​វគ្គ​សន្សំ​ពិន្ទុ​តាមពូល ក្នុងនាម​ជា​ក្រុម​ការពារ​តំណែង​ជើងឯក។ នៅ World Cup 2010 លើ​ទឹកដី​អាហ្រ្វិកខាងត្បូង ក្រុម​អ៊ីតាលី បាន​ស្ថិត​ក្នុង​ពូល F ជាមួយ​ប៉ារ៉ាហ្គាយ ស្លូវ៉ាគី និង​នូវែលហ្សេឡង់ ហើយ​ជា​លទ្ធផល​គឺ​អ៊ីតាលី ស្មើ២ (ស្មើ​ប៉ារ៉ាហ្គាយ និងស្មើនូវែលហ្សេឡង់) និងចាញ់១ (ចាញ់​ស្លូវ៉ាគី) មាន​តែ ២ពិន្ទុ ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល។

៤. អេស្ប៉ាញ (ឈ្នះជើងឯក ឆ្នាំ២០១០ ធ្លាក់ក្នុងពូល ឆ្នាំ ២០១៤

អេស្ប៉ាញ បានឈ្នះជើងឯក FIFA World Cup ជាលើកដំបូង នៅទឹកដី​អាហ្រ្វិកខាងត្បូង ឆ្នាំ២០១០។ ៤ឆ្នាំបន្ទាប់ អេស្ប៉ាញ បានធ្លាក់ក្នុងពូល​នៅ World Cup 2014 លើដីប្រេស៊ីល ក្រោយ​រក​បានតែ ៣ពិន្ទុ ក្នុង៣ប្រកួត​ក្នុងពូល។ លទ្ធផល​ពេលនោះ គឺអេស្ប៉ាញ ចាញ់ហូឡង់ ចាញ់ឈីលី និងឈ្នះអូស្រ្ដាលី បានត្រឹមលេខ៣ក្នុងពូល។

៥. អាល្លឺម៉ង់ (ឈ្នះ​ពាន​ឆ្នាំ ២០១៤ ធ្លាក់​ក្នុង​ពូល​ឆ្នាំ ២០១៨)

អាល្លឺម៉ង់ បាន​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក ជាលើកទី៤ នៅ​ឆ្នាំ​២០១៤ លើទឹកដី​ប្រេស៊ីល ក្រោយ​យកឈ្នះ​អាហ្សង់ទីន ក្នុង​ម៉ោង​បន្ថែម ១-០។ ប៉ុន្តែ ៤ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ FIFA World Cup 2018 លើ​ដី​រុស្ស៊ី ក្រុម​អាល្លឺម៉ង់ បានធ្លាក់ត្រឹម​វគ្គ​ចែក​ពូល ក្រោយ​រក​បាន​តែ ៣ពិន្ទុ ក្នុង​ពូល F។ ៣ប្រកួត​ក្នុង​ពូល គឺអាល្លឺម៉ង់ ឈ្នះ១ ចាញ់២ (ឈ្នះស៊ុយអែត តែចាញ់ម៉ិកស៊ីកូ និងកូរ៉េខាងត្បូង) ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល៕

ចុចអាន៖ អាល្លឺម៉ង់ ដើរលើគន្លង​អេស្ប៉ាញកាលពី៤ឆ្នាំមុន ដោយ​ធ្លាក់​ត្រឹម​វគ្គ​ចែកពូល

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;