World Cup៖ ៤ក្រុម ប្រជែង​យក​កៅអី ២ចុងក្រោយ ទៅវគ្គ ៨ក្រុម យប់នេះ

  • 2018-07-03 08:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមចំនួន ៦ ហើយ ដែល​បាន​ឡើងទៅ​វគ្គ ៨ក្រុម​ចុងក្រោយ ដែល​មាន​ បារាំង អ៊ុយរុយហ្គាយ រុស្ស៊ី ក្រូអាត ប្រេស៊ីល និងបែលហ្សិក។ ២គូ​ចុងក្រោយ ដែល​ត្រូវ​ប្រកួត​យប់នេះ គឺ ស៊ុយអែត ប៉ះ ស្វ៊ីស ម៉ោង ៩យប់ និង​កូឡុំប៊ី ជួប អង់គ្លេស ម៉ោង ១រំលងអាធ្រាត្រ។

តើ​ប្រិយមិត្ត គិត​ថា​ក្រុម​២ណា នឹង​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ ៨ក្រុមចុងក្រោយ?

ស៊ុយអែត vs ស្វ៊ីស (ម៉ោង ៩យប់ នៅ​កីឡដ្ឋាន Krestovsky)

ស៊ុយអែត ជា​ក្រុម​លេខ១ ពូល F ខណៈ​ ស្វ៊ីស ជាក្រុម​លេខ២ ពូល E។ ក្រុម​ទាំង២ ធ្លាប់​ជួប​គ្នា​ជាច្រើន​ដងមកហើយ ប៉ុន្តែ​មិន​ធ្លាប់​ប៉ះ​គ្នា​នៅ World Cup ពី​មុន​មកទេ។ ជួបគ្នាលើក​ចុងក្រោយ​កាលពី​ឆ្នាំ​២០០២ ក្រុម​ទាំង២ ស្មើគ្នា ១-១ (ប្រកួត​មិត្តភាព)។ បើគិត​លទ្ធផល​ជួបគ្នា ៥ដង​ចុងក្រោយ គឺ ស៊ុយអែត ឈ្នះម្ដង ស្វ៊ីស​ឈ្នះ២ដង និងស្មើ២ដង។

ងាក​ទៅ​មើល​ជើង​ទៅ​កីឡាករ​វិញម្ដង។ ស៊ុយអែត នឹង​អវត្តមាន​ខ្សែបម្រើ Sebastian Larsson ដោយសារ​ជាប់​បម្រាម ខណៈ​ស្វ៊ីស នឹង​ត្រូវ​បាត់​មុខ​ខ្សែការពារសំខាន់​២រូប គឺ Fabian Schar និង​ប្រធាន​ក្រុម Stephan Lichtsteiner ដោយសារ​ជាប់​បម្រាម​១ប្រកួត​ដូចគ្នា។

កូឡុំប៊ី vs អង់គ្លេស (ម៉ោង ១រំលងអាធ្រាត្រ នៅ​កីឡដ្ឋាន Otkrytiye Arena)

កាលពី​ប្រកួត​ក្នុង​ពូល កូឡុំប៊ី ឈ្នះ២ ចាញ់១ ឈរ​លេខ១ ពូល H រី​ឯ​អង់គ្លេស ឈ្នះ២ ចាញ់១ ដូចគ្នា ប៉ុន្តែ​ឈរ​លេខ២ ពូល G។ ក្រុម​ទាំង២ ធ្លាប់ជួបគ្នា​តែ ៣ដង​ប៉ុណ្ណោះ ដោយ​អង់គ្លេស ឈ្នះ២ដង និងស្មើម្ដង។ ជួបគ្នា​លើក​ចុងក្រោយ កាលពី​ឆ្នាំ ២០០៥ អង់គ្លេស បាន​យកឈ្នះកូឡុំប៊ី ៣-២។ ជួបគ្នា​នៅ World Cup ឆ្នាំ១៩៩៨ អង់គ្លេស ឈ្នះកូឡុំប៊ី ២-០។

ប្រកួត​យប់នេះ អង់គ្លេស មិន​មាន​បញ្ហា​កីឡាករ​របួស​ ឬជាប់​បម្រាម​នោះទេ។ Harry Kane ដែល​ស៊ុត​បាន​ ៥គ្រាប់ នឹង​ចូល​លេង​វិញយប់នេះ ក្រោយ​សម្រាក​កាលពី​ប្រកួតមុន។ ចំណែកកូឡុំប៊ី នៅ​រង់ចាំ​មើល​ស្ថានភាព​របួស​របស់ James Rodriguez។ ខ្សែបម្រើ​ឆ្នើម​រូបនោះ ត្រូវ​ប្ដូរ​ចេញ ពេល​កូឡុំប៊ី ប៉ះ​សេណេហ្គាល់ កាលពី​ប្រកួត​មុន ដោយសារ​បញ្ហា​របួស។

ការទស្សន៍ទាយ​របស់ខ្លីៗ

ស៊ុយអែត ១-០ ស្វ៊ីស

កូឡុំប៊ី ១-១ អង់គ្លេស (កូឡុំប៊ី ឈ្នះដោយ​បាល់​ប៉េណាល់ទី​កាត់សេចក្ដី)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;