លោក ផៃ ស៊ីផាន៖ ការ​ចាត់​បញ្ជូន​ប្រតិភូ​របស់​ EU ​មក​កម្ពុជា គឺ​ជា​រឿង​ល្អ​

  • 2018-07-06 02:43:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​លើកឡើង​ថា ការ​ចាត់​បញ្ជូន​ប្រតិភូ​របស់​សហភាព​អឺរ៉ុប (EU) ​មក​កម្ពុជា គឺ​ជា​រឿង​ល្អ​ ដោយ​លោក​អះអាង​ថា នៅ​មានរឿង​ច្រើន​ណាស់ ដែល​EU មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ អំពី​បច្ចុប្បន្នភាព​កម្ពុជា ដែល​លោក​អះអាង​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដូចជា​ដំណោះស្រាយ​រឿង​ដីធ្លី និង​ការ​យកចិត្តទុកដាក់​លើ​កម្មករ​រោងចក្រ ជាដើម។

លោក​ជឿ​ថា ដំណើរ​បេសកកម្ម​មួយ​នេះ ធ្វើឡើង​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អឺរ៉ុប ហើយ​ជា​ឱកាស​ល្អ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ពន្យល់​ដល់​ភាគី​អឺរ៉ុប ឲ្យ​បាន​ជ្រាប​ច្បាស់​អំពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ជុំវិញ​ចំណាត់​ការ​ក្នុង​ការ​រំលាយ​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។

លោក ផៃ ស៊ីផាន ថ្លែងក្នុងសិក្ខាសាលាណាមួួយនាពេលកន្លងមក
លោក ផៃ ស៊ីផាន បន្តទៀត​ថា លោក​សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​មិន​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ បើ​ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​ស្ថានការណ៍​ជាក់ស្ដែង ជាជាង​ការសម្រេច​ណាមួយ ដែល​ឈរ​លើ​ទិដ្ឋភាព​នយោបាយ។ «**អឺរ៉ុប​ធ្វើការ​តាម​គោលការណ៍ និង​នីតិវិធី​របស់​គេ រវាង​ស្ថាប័ន​នីតិ​បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​មិនមែន​ឈរ​ទៅលើ​បញ្ហា​នយោបាយ​ទេ គឺ​ឈរ​ទៅលើ​ការអនុវត្ត​គោលការណ៍ និង នីតិវិធី​រវាង​កម្ពុជា និង EU។ ដូច្នេះ ការ​ជួប​ជុំគ្នា​នេះ មិនមែន​ជា​ការ​បង្ហាញ​ភាពជា​ម្ចាស់​របស់ EU មក​លើ​កម្ពុជា​ទេ គឺ​បង្ហាញ​ភាពជា​ដៃគូ ដោយ​យើង​ជជែក​គ្នា ពាក់ព័ន្ធ​នឹង​អ្វី​ដែល​បាន​សន្យា​គ្នា​ជាមួយ EU**»។

សូម​ជម្រាប​ថា EU ​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត រយៈពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា។ នេះបើ​តាមការ​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ Twitter របស់​សមាជិក​សភា​អឺរ៉ុប អ្នកស្រី Babara Lochbihler កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨។ បេសកកម្ម​នេះ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។

អ្នកស្រី Babara Lochbihler និង​សមាជិកសភា​អឺរ៉ុប ១៧​រូប​ទៀត ក៏បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ពេល​នេះ ហើយ​ទាមទារ​ឲ្យ​មាន​ការ​បង្ហាញ​លទ្ធ​ផល​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​និង​សភា​អឺរ៉ុប នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នោះ​ដើម្បី​ឲ្យ​មាន​តម្លាភាព។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​២៨ មិថុនា​កន្លង​ទៅ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រកាស​ថា ខ្លួន​បាន​ចាត់​បញ្ជូន​បេសកកម្ម​ពិសេស​មួយ​ទៅ​កាន់​សហភាព​អឺរ៉ុប (EU) ក្នុង​គោលបំណង​ផ្តល់​នូវ​ការ​បំភ្លឺ​ជូន​មន្រ្តី​ជាន់ខ្ពស់​សំខាន់ៗ​របស់​គណៈ​កម្មការ​អឺរ៉ុប ប្រធាន​គណៈ​កម្មាធិការ​​កិច្ចការ​បរទេស​របស់​សភា​អឺរ៉ុប និង​ឥស្សរជន​សំខាន់ៗ​ផ្សេងទៀត អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ដើម្បី​កុំឱ្យ EU ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ បេសកកម្ម​នេះ ដឹកនាំ​ដោយ លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ចាប់​ពីថ្ងៃ​ទី១៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទទាក់ទងកម្ពុជា បញ្ជូន​បេសកជន​ទៅ​​ផ្តល់​ការ​បំភ្លឺ​ជូន EU

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;