បែលហ្សិក បារាំង តតាំង​គ្នា​យប់នេះ ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

  • 2018-07-10 07:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបិសាចក្រហម​បែលហ្សិក និងក្រុមមាន់គក​បារាំង នឹង​ត្រូវ​ប៉ះ​គ្នា​ម៉ោង ១រំលង​អាធ្រាត្រ​យប់នេះ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018 នៅ​កីឡដ្ឋាន Saint Petersburg ប្រទេស​រុស្ស៊ី។

តើរវាងក្រុមជើងខ្លាំង​ទាំង២ ក្រុម​ណា​នឹង​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ?

ជើង​កីឡាករ៖

បារាំង មិន​មាន​បញ្ហា​កីឡាករ​បួស ឬ​ជាប់​បម្រាម​នោះទេ។ ខ្សែបម្រើ Blaise Matuidi ដែល​ជាប់​បម្រាម​កាលពី​វគ្គ ៨ក្រុម​ចុងក្រោយ រំពឹង​ថា​នឹង​យក​តំណែង ១១នាក់​ដំបូង ពី Corentin Tolisso មកវិញ។ ខ្សែប្រយុទ្ធ Olivier Giroud ក៏​រំពឹង​ថានឹង​បន្ត​ជាប់​ក្នុង​ជម្រើស​ដំបូង​ដដែល ទោះ​មិន​ទាន់​ស៊ុត​ចំ​គោលដៅ​សូម្បី​មួយជើង នៅ​ World Cup ឆ្នាំនេះ​ក៏ដោយ។ ខ្សែ​បម្រើ​ការពារ Ngolo Kante ទំនង​ជា​ត្រូវ​ដាក់​ឲ្យ​តាម​បិទ Eden Hazard។

ជម្រើស​ដំបូង​របស់​បារាំង អាច​មាន៖ Hugo Lloris; Lucas Hernandez, Samuel Umtiti, Raphael Varane, Benjamin Pavard; Ngolo Kante, Paul Pogba; Blaise Matuidi, Antoine Griezmann, Kylian Mbappe; Olivier Giroud

ចំណែកបែលហ្សិក នឹង​អវត្តមាន​ខ្សែ​ការពារ​ស្លាប​ស្ដាំ Thomas Meunier។ គ្រូបង្វឹក Roberto Martinez អាច​ប្ដូរ​ទៅ​លេង​ទម្រង់ ៤-៤-២ ដោយ​ដាក់​ Nacer Chadli លេង​ការពារ​ស្ដាំ ជំនួស Meunier រីឯ Yannick Carrasco លេង​ការពារ​ឆ្វេង។

ជម្រើស​ដំបូង​របស់​បែលហ្សិក អាច​មាន៖ Thibaut Courtois; Jan Vertonghen, Vincent Kompany, Thomas Vermaelen, Toby Alderweireld; Yannick Carrasco, Axel Witsel, Kevin De Bruyne, Nacer Chadli; Eden Hazard, Romelu Lukaku​។

ប្រវត្តិ​ជួបគ្នា៖

បែលហ្សិក ជា​ក្រុម​ដែល​បារាំង ធ្លាប់​ជួប​ច្រើន​ដង​ជាងគេ។ ក្រុមទាំង ២ ធ្លាប់​ប៉ះគ្នា ដល់ទៅ ៧៤ដង (បែលហ្សិក ឈ្នះ៣០ដង, បារាំង ឈ្នះ២៤ដង និងស្មើគ្នា ១៩ដង) ប៉ុន្តែ​បើគិត​តែ​នៅ World Cup គឺ​ធ្លាប់​ជួបគ្នា តែ ២ដង​ប៉ុណ្ណោះ ដោយ​បារាំង ឈ្នះទាំង ២ដង (ឈ្នះ ៣-១ នៅ World Cup 1938 និងឈ្នះ ៤-២ នៅ World Cup 1968)។

ចប់តាំង​ពី​ប៉ះគ្នា​នៅ World Cup 1986 នោះមក ក្រុមទាំង២ ធ្លាប់​ណាត់​គ្នា​ប្រកួត​មិត្តភាព ៨ដង គឺ​បារាំង ឈ្នះ៣ដង បែលហ្សិក ឈ្នះ២ដង និងស្មើគ្នា ៣ដង។ ប្រកួត​មិត្តភាព​ចុងក្រោយ គឺ​បែលហ្សិក ឈ្នះ បារាំង ៤-៣ កាលពីឆ្នាំ​ ២០១៥។

ស្ថិតិ​គួរ​ឲ្យ​ចាប់អារម្មណ៍ នៃ​ក្រុម​ទាំង២

  • បារាំង ធ្លាប់​ឡើង​ដល់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ៥ដង (ឡើង​ទៅ​វគ្គផ្ដាច់ព្រ័ត្រ ២ដង ឆ្នាំ១៩៩៨ និង២០០៦ និង​ចាញ់ ៣ដង ឆ្នាំ ១៩៥៨, ១៩៨២, ១៩៨៦)។

  • បែលហ្សិក ធ្លាប់​ឡើង​ដល់​វគ្គ​នេះ តែម្ដង​ប៉ុណ្ណោះ គឺកាលពី World Cup 1986 ប៉ុន្តែ​មិន​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទេ ដោយ​ចាញ់​អាហ្សង់ទីន ២-០ (ម៉ារ៉ាដូណា ស៊ុត​ទាំង២គ្រាប់)។

  • បែលហ្សិក មិនទាន់​ស្គាល់​ពាក្យ​ថាចាញ់​នោះទេ ក្នុង​ ២៤ប្រកួត​ចុងក្រោយ (ឈ្ន ១៩ ស្មើ៥) ដែល​ក្នុង​នោះ ៧ប្រកួត​ចុងក្រោយ គឺ​ឈ្នះ​រហូត។

ការទស្សន៍ទាយ​របស់ [ខ្លីៗ]៖ បារាំង ១-២ បែលហ្សិក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;