តុលាការ ចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី ចូលបំភ្លឺរឿង "សន្យាកាត់ដីឱ្យបរទេស"
- 2018-07-16 04:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការ ចេញដីកាបង្គាប់ឱ្យលោក សម រង្ស៊ី ចូលបំភ្លឺរឿង "សន្យាកាត់ដីឱ្យបរទេស"
ចន្លោះមិនឃើញ
លោករស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យលោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីសាកសួរអំពីសំណុំរឿង "ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក" ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។ នេះបើយោងតាមដីការបស់លោក ចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ហើយដីកានេះ ត្រូវបានប៉ូលិស យកទៅបិទនៅអតីតទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានលើកឡើងក្នុងពាក្យបណ្តឹងនោះថា "ក្នុងវិដេអូរបស់ទណ្ឌិត សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ខ្លួននឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិវៀតណាមភាគតិច ម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព"។
យ៉ាងណាមិញ លោក សម រង្ស៊ី ធ្លាប់បានបដិសេធតាមរយៈអ៊ីម៊ែលថា លោកមិនបានចុះហត្ថលេខាកាត់ដីឱ្យវៀតណាមឡើយ។ លោកបញ្ជាក់ថា ឯកសារដែលលោកចុះហត្ថលេខាជាមួយលោក កុក ស (Kok Ksor) មេដឹកនាំចលនាម៉ុងតាញ៉ា នៅឆ្នាំ២០១៣នោះ គឺមានខ្លឹមសារចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្តភាគឦសានប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង៕
អត្ថបទទាក់ទង៖
ក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្ដឹង ប្តឹងលោកសម រង្ស៊ី ពីបទក្បត់ជាតិ
សម្ដេច ហ៊ុន សែន បញ្ជារដ្ឋមន្រ្តី ២រូប ស្រាវជ្រាវរឿងអ្នកសន្យាកាត់ដីឲ្យបរទេស