យុវតីកម្ពុជា ២រូប មានមហិច្ឆតាច្នៃសំណល់ប្លាស្ទិក ធ្វើជាថ្នល់កៅស៊ូ
- 2018-07-16 08:15:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវតីកម្ពុជា ២រូប មានមហិច្ឆតាច្នៃសំណល់ប្លាស្ទិក ធ្វើជាថ្នល់កៅស៊ូ
ចន្លោះមិនឃើញ
យុវតីកម្ពុជា ២រូប គឺ លី សុខកញ្ញា និង តាន់ ប៊ុនហឿង បានបង្កើតគម្រោងច្នៃកាកសំណល់ប្លាស្ទិក ទៅជាផ្លូវថ្នល់ដែលមានគុណភាពល្អប្រសើរ និងចំណាយតិចជាងមុន។ គម្រោងនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel News Asia កាលពីពេលថ្មីៗកន្លងទៅ។
យុវតីវ័យ២១ឆ្នាំ ទាំង២រូប បានចាប់ដៃគ្នាបង្កើតគម្រោង Eco-Plastic ដើម្បីផ្លាស់ប្ដូរសំរាម ទៅជាផ្លូវថ្នល់។ សុខកញ្ញា ជានិស្សិតវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យហ្សាម៉ាន់ និងជាអ្នកមានស្រុកកំណើតមកពីខេត្តបាត់ដំបង។ ចំណែកកញ្ញា តាន់ ប៊ុនហឿង មានកំណើតពីខេត្តសៀមរាប និងកំពុងសិក្សាមុខវិជ្ជាការគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។
សហគ្រិនវ័យក្មេងទាំង២ បានចំណាយពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវពីវិធីដែលអាចច្នៃបង្កើត "នរកប្លាស្ទិក" ទៅជា ផលិតផលបៃតង។
កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបាននាំឱ្យមានការបង្កើត PAC - Plastic Asphalt Concrete ជាការផ្សំចូលគ្នានៃសំណល់ប្លាស្ទិច និងកៅស៊ូក្រាលថ្នល់ ដែលជាល្បាយខ្មៅនៃអ៉ីដ្រូកាបូន សម្រាប់ក្រាលថ្នល់។ ភាពខុសគ្នារវាង PAC និងថ្នល់កៅស៊ូ នៅត្រង់ PAC ចំណាយតិចជាងមុន ការផលិតផ្លូវថ្នល់រឹងមាំ និងប្រើបានយូរ។
ទិន្នន័យពីក្រសួងបរិស្ថានបានបង្ហាញថា ប្រទេសកម្ពុជាផលិតកាកសំណល់ជាង ៤០០០ តោនក្នុងមួយថ្ងៃ។ គ្រាន់តែភ្នំពេញ កាកសំណល់មានដល់ទៅជាង ២០០០ តោនក្នុង១ថ្ងៃ។ ប្រភពខាងលើបន្ត។
ថ្មីៗនេះយុវតីទាំង២រូប បានឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតពាណិជ្ជកម្មតំបន់មេគង្គនៅប្រទេសប៊ូតង់។ កាលពីខែឧសភាពួកគេបានទទួលការផ្តល់កិត្តិយសនៅឯការប្រកួតប្រជែងពាណិជ្ជកម្មគំរូអន្តរជាតិឆ្នាំ ២០១៨ នៅរដ្ឋយូថាហ៍ សហរដ្ឋអាមេរិក បន្ទាប់ពីគម្រោង Eco-Plastic របស់ពួកគេជាប់ក្នុងចំណោម Top 10 ជាព្រឹត្តិការណ៍ប្រកួតប្រជែងរបស់អាជីវកម្មបង្កើតថ្មីទូទាំងសកលលោក របស់ក្រុមនិស្សិតរាប់ពាន់នាក់ មកពីជុំវិញពិភពលោក។
សុខកញ្ញាបាននិយាយថា ៖"ជំហានបន្ទាប់របស់យើងគឺការស្រាវជ្រាវ និងអភិវឌ្ឍន៍។ យើងកំពុងស្រាវជ្រាវរកវត្ថុធាតុដើមថ្មីដើម្បីធ្វើឲ្យផលិតផលរបស់យើងកាន់តែពិសេស ចំណាយតិច និងដំណើរការដោយរលូន"។ ប្រភពខាងលើបន្ថែម។
យុវតីទាំង២កំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍផលិតផលរបស់ពួកគេ និង ជួយបរិស្ថាន។ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានផ្តល់ឲ្យពួកគេនូវ "ការគាំទ្រយ៉ាងខ្លាំង" ក្នុងការធ្វើតេស្តសាកល្បងផលិតផលរបស់ពួកគេ។ ប៉ុន្តែកញ្ញាទាំង២បាននិយាយថា ពួកគេនៅតែជួបបញ្ហាប្រឈម ដោយសារតែខ្វះឱកាសវិនិយោគក្នុងស្រុក ជំនាញបច្ចេកទេសមានកំណត់ និង សម្ភារៈបរិក្ខារសម្រាប់ពិសោធមិនគ្រប់គ្រាន់៕
ចុចអានអត្ថបទទាក់ទង៖