គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៤ នឹងចាប់ផ្ដើមដំណើរការនៅដើមឆ្នាំ ២០១៩ ខាងមុខ

  • 2018-07-17 09:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៤ ​ដែល​ជា​ច្រក​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​ ​នឹង​ចាប់ផ្តើមដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៩ខាងមុខ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ទទួល​បាន​កម្ចី​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ចំនួន ១១០​លាន​ដុល្លារមក។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

ផ្លូវជាតិលេខ៤ ត្រង់ចំណុចចម្ការដូងប្រេង​ នៅក្នុងខេត្តព្រះសីហនុ (រូបថត៖ ខែមករា ឆ្នាំ២០១៨)

លោក នូ វឌ្ឍនៈ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ២០១៨​នេះ​ថា ការកែលម្អ​ផ្លូវជាតិ​លេខ៤នេះ រួម​មាន​ការរៀបចំ​កែលម្អ​ចិញ្ចើម​សង​ខាង​ផ្លូវ​ដាក់​លូ​បង្ហូរទឹក និង​ធ្វើ​ស្ពាន​ និង​ការផ្តោត​ទៅ​លើ​ការបង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​រថយន្ត ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការដឹក​លើស​ទម្ងន់ ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍ ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ដោយ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​បើកបរ​ជាដើម​។

លោក​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​គឺ​ជា​ផ្លូវ​សេដ្ឋកិច្ច និង​ជា​សរសៃ​ឈាម​ក្នុង​ការ​ដឹកជញ្ជូន ហើយ​ការ​កែ​លម្អ​ផ្លូវ​ជាតិ​លេខ៤​នេះ គឺ​មិន​ប៉ះពាល់​ដល់​ការ​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​នោះ​ទេ ដោយសារ​តែ​ផ្លូវ​ល្បឿនលឿន​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ទៅ​លើ​ខ្សែ​ផ្លូវ​ថ្មី​ផ្សេង​មួយ​ទៀត។

លោក​បាន​បន្ដ​ថា គម្រោង​នេះ នឹង​ចាប់ផ្តើម​ធ្វើការ​កែ​លម្អ​ឡើង​វិញ និង​ជួស​ជុល​តាម​កន្លែង​ដែល​មាន​ការ​ខូចខាត​ខ្លាំង​នៅ​ដើម​ឆ្នាំ២០១៩ ដែលត្រូវ​ចំណាយ​ពេល​រយៈពេល ១៨​ខែ ហើយ​ពង្រឹង​ទៅ​លើ​ខឿន​ផ្លូវ​ដែល​មាន​ស្រាប់​ក្នុង​ផ្លូវ​ចាស់ និង​ចាក់អ៊ុត​កៅស៊ូ​បន្ថែម​នៅ​លើ​ចិញ្ចើម​ផ្លូវ។​

លោក​បន្ថែម​ថា ការ​កែលម្អផ្លូវជាតិលេខ៤នេះ នឹង​មិន​មាន​ការ​ពង្រីក​បន្ថែម​ថ្មីទៀតទេ ប៉ុន្ដែ​អាច​ពង្រីក​អ៊ុត​កៅស៊ូនៅ​លើ​ចិញ្ចើមផ្លូវក្រួសក្រហម​ខ្លះៗ​ដែរ ជាពិសេស​ការកសាង​ស្ពាន​បន្ថែម ឬ​បើក​មុខ​ទឹក​ឱ្យ​បាន​ធំជាងមុន ខណៈ​ពេល​ដែល​បច្ចុប្បន្ន​មាន​ការ​លិច​ទឹក​ហូរ​កាត់​តាម​ដងផ្លូវនៅ​កន្លែង​មួយ​ចំនួន និង​បាន​កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ពេល​កន្លងមក។

សូម​រម្លឹក​ថា កាលពី​ដើម​ខែ​កក្កដា ឆ្នាំ២០១៨នេះ ធនាគារ​ពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​កម្ចី​ឥណទានសម្បទាន សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់ ជំហាន​ទី២ ជា​ហិរញ្ញប្បទាន​បន្ថែម​លើ​គម្រោង​បច្ចុប្បន្ន ដែល​គ្រោង​ចំណាយ​ថវិកា សរុបចំនួន ១១៣លានដុល្លារ។ ក្នុង​នោះ​ឥណទាន​សម្បទាន​ពី​ធនាគារ​ពិភពលោក​ចំនួន ១១០​លាន​ដុល្លារ និង​ថវិកា​បដិភាគ​រាជរដ្ឋាភិបាល​ចំនួន ៣​លាន​ដុល្លារ សម្រាប់​វិនិយោគ​លើ​ការ​ស្តារ និង​ពង្រីក​ផ្លូវជាតិលេខ៤ ពី​រាជធានីភ្នំពេញ ដល់​ទីរួម​ខេត្ត​ព្រះសីហនុ ក្នុង​ប្រវែង​សរុប២០៦គីឡូម៉ែត្រ ដោយ​ពង្រីក​តួផ្លូវ បច្ចុប្បន្ន​ពី​ទំហំ ៧ម៉ែត្រ ឱ្យ​ដល់ ១១​ម៉ែត្រ និង​ចាក់​អ៊ុត​កៅស៊ូប្រភេទ Asphalt Concret – AC ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

;