ប្រធាន​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​ម៉ាឡេស៊ី លាលែង​ពី​តំណែង ជុំវិញ​រឿង​ MH370

  • 2018-07-31 06:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Azharuddin Abdul Rahman ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ម៉ាឡេស៊ី ទើបតែ​សម្រេច​លាឈប់​ពី​តំណែង នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ឧបទ្ទវហេតុ​ដែល​បណ្ដាល​ឲ្យ​បាត់​ខ្លួន​ជើង​ហោះ​ហើរ MH370 កន្លង​ផុត​ទៅ​រយៈ​ពេល ​៤​ឆ្នាំ។

លោក Azharuddin Abdul Rahman ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីឆ្នាំ២០១៤ (រូបថត៖ guim.co.uk)
លោក Anthony Loke រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល បាន​សម្រេច​ចិត្ត​លាឈប់ គឺ​ដើម្បី​ជា​ការ​ទទួល​ខុសត្រូវ​សម្រាប់​ហេតុការណ៍​ដែល​បាន​កើតឡើង​ចំពោះ​ជើង​ហោះហើរ MH370។ ការ​បង្ហើប​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់​ពី​ការ​បញ្ចេញ​របាយការណ៍​ពេញ​លេញ កាល​ពី​ថ្ងៃ​ទី៣០កក្កដា ស្ដីពី​ការ​បាត់ខ្លួន​ជើង​ហោះហើរ​ MH370 ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី៣១​កក្កដា​នេះ ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី បាន​លើកឡើង​ថា លោក​នឹង​អស់​តួនាទី​នៅ ១៤​ថ្ងៃ​បន្ទាប់​ពី​ការ​ដាក់ពាក្យ​លាឈប់ ហើយ​លោក​បាន​ពិចារណា​យ៉ាង​ខ្លាំង មុន​នឹង​ធ្វើការ​សម្រេច​ដូច្នេះ។ លោក​បន្ត​ថា រយៈ​ពេល​ ៤ឆ្នាំ​កន្លង​ទៅ លោក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​ការ​ផ្ដល់​ជំនួយ​ដើម្បី​ស្វែង​រក​ជើង​ហោះហើរ ​MH370។

រូបតំណាង (រូបថត៖ WikimediaImages/Pixabay)

សូម​ជម្រាប​ថា ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលម៉ាឡេស៊ី លោក Azharuddin បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ហោះហើរ​ជាង ៤០​ឆ្នាំ​មក​ហើយ។

ចំណែក​ជើង​ហោះ​ហើរ MH370 បាន​បាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា ​ឆ្នាំ២០១៤ ដោយ​មាន​ផ្ទុក​មនុស្ស ២៣៩​នាក់ អំឡុង​ការ​ហោះ​ហើរ​ពី​ក្រុង​កូឡាឡាំពួរ ទៅ​កាន់​ក្រុង​ប៉េកាំង៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;