លោក យូ បូ អតីត​ប្រធានសមាគម​អ្នកនិពន្ធខ្មែរ ទទួលមរណភាពហើយ

  • 2018-08-08 07:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកសាស្ត្រចារ្យ យូ បូ អតីត​ប្រធានសមាគម​អ្នកនិពន្ធខ្មែរ (ពីឆ្នាំ១៩៩៤-១៩៩៦ និងពីឆ្នាំ​១៩៩៩​-​២០០៥​) បានទទួលមរណភាពហើយ នៅថ្ងៃពុធទី០៨ ខែសីហា គ.ស. ២០១៨  វេលាម៉ោង ១១:១១ នាទីព្រឹក នៅគេហដ្ឋានរបស់លោក   ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្តីប្រកាសរបស់ សមាគមអ្នកនិពន្ធខ្មែរ ។

សពសាស្ត្រាចារ្យ យូ បូ តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា​នៅគេហដ្ឋានរបស់សព  ភូមិអូរអណ្ដូង១  សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងជើងវត្តព្រែកប្រា ប្រមាណ​៥០០ ម៉ែត្រ។  

កម្មវិធីដង្ហែសព នឹងធ្វើនៅថ្ងៃអាទិត្យ ទី១២ ខែសីហា គ.ស. ២០១៨ វេលាម៉ោង ៧:០០ នាទីព្រឹក ឆ្ពោះទៅកាន់វត្តព្រែកប្រា ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកសាស្ត្រចារ្យ យូ បូ កំពុងផ្តល់បទសម្ភាសឲ្យទូរទស្សន៍ក្នុងស្រុកមួយ នៅក្នុងផ្ទះរបស់លោក នារាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ (រូបថតផ្តល់ឱ្យដោយ លោក ស្រី សុភក្តិ)
សូមរំលឹកថា៖
  • លោក យូ បូ កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤២ នៅសង្កាត់ដង្កោ ស្រុកដង្កោ ខេត្តកណ្ដាល។ លោកបានបញ្ចប់ការសិក្សាត្រឹមបាក់ឌុប​ (BacII) រួចលោកធ្វើជាសាស្រ្ដាចារ្យ​មធ្យមសិក្សាផ្នែកអក្សរ​សាស្រ្ដ​ខ្មែរ។

  • នៅឆ្នាំ​១៩៦២ លោកបានចូលរៀនវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធខ្មែរ ជំនាន់ទី១ រយៈពេល៩ខែ នៅវិទ្យាស្ថាន​«បណ្ដុះបណ្ដាលអក្សរសាស្រ្ដ» (Institute of Literary Training) នៃសមាគមអ្នកនិពន្ធខ្មែរ និងចូលបានរៀនវគ្គ សរសេរ «Scenario» អត្ថបទសម្រាប់ថតភាពយន្ដ ចំនួន៦ខែ នៅ​មជ្ឈ​មណ្ឌល​​​ហ្វឹក​ហ្វឺនជំនាញឯកទេស នៃ​ក្រសួង​ឃោស​នាការ ក្រោមការបង្ហាត់បង្រៀនរបស់លោក អៀវ បណ្ណាការ រហូតទទួលបាន​វិញ្ញាបណ្ណប័ត្រ​«សម្ប​ទា​ខាង​វិជ្ជា​ជីវៈ​និពន្ធរឿងភាពយន្ដ»។

  • លោកបានចូលជា​សមាជិក​សមាគមអ្នកនិពន្ធខ្មែរ នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ១៩៦៣។

  • នៅឆ្នាំ១៩៦៤ ដល់ ដើមឆ្នាំ ១៩៧៥ លោកធ្វើជាអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន។

  • ក្រោយឆ្នាំ១៩៧៩ លោកជាបុគ្គិលិកបម្រើការនៅ​នាយកដ្ឋានភាពយន្ដ នៃក្រសួងវប្បធម៌និងព័ត៌មាន ក្នុង​ឋានៈ​ជាអ្នក​និពន្ធ​និងបណ្ណាសារ (Archiviste) បកប្រែភាសាបារាំង រៀនភាសាវៀតណាម និង ក្រោយមកជាអ្នកបក​ប្រែ​ភាសា​វៀត​ណាម។

  • នៅឆ្នាំ១៩៨៤ លោកធ្វើជាអ្នករៀបរៀងសៀវភៅប្រលោមលោក នៅអគារបោះ​ពុម្ពផ្សាយ«វប្បធម៌»នៃ​ក្រសួងវប្បធម៌ ដែលមានលោក យី ធន់ ជាប្រធាន។

  • នៅឆ្នាំ១៩៩០ លោកបានឈប់ធ្វើការងាររដ្ឋ ដោយងាកមកធ្វើ​ជា​ចាងហ្វាងផលិតកម្មមួយ ឈ្មោះថា «ឈូករតន៍ភាពយន្ដ» ហើយថតបានវីដេអូចំនួន៣រឿង គឺរឿង«ភ្លើង​ស្នេហ៍​ភក្ដី»​​ជា​​ស្នាដៃនិពន្ធផ្ទាល់របស់លោក រឿង«រកាំដួងចិត្ត» និពន្ធដោយអ្នកស្រី ប៉ាល់ វណ្ណារីរក្ស រឿង«ដួង​ស្នេហ៍​​​កាម​ទេព» និពន្ធដោយអ្នកស្រី ម៉ៅ សំណាង។

  • នៅឆ្នាំ១៩៩៣ លោកបានធ្វើជាអ្នកបកប្រែភាសាឲ្យ អ៊ុន​តាក់ ​​(UNTAC) នៅខេត្ដបន្ទាយមានជ័យ។ នៅឆ្នាំនោះដែរ លោកបានធ្វើជាចាងហ្វាងសារព័ត៌មាន «យុត្តិធម៌»។ ហើយបន្ទាប់មកក្លាយជាសមាជិកស្ថាបនិក នៃក្លឹបអ្នកកាសែតកម្ពុជា។

  • នៅឆ្នាំ១៩៩៣ លោកបានបង្កើតសមាគមអ្នកនិពន្ធខ្មែរឡើងវិញ។

  • ក្រៅពីការបង្រៀនសិស្ស លោកសាស្ត្រចារ្យ យូ បូ បានបន្សល់ទុកនូវសា្នដៃតែងនិពន្ធជាច្រើន៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;