ទូត​អាមេរិក៖ អគារ​​សុខភាព​ថ្មី​នៅ​ខេត្ត​ពោធិ៍សាត់ បង្ហាញ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​២

  • 2018-08-15 02:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ​អគារ​សម្ភពថ្មី​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​ជា​ភស្តុតាង​ជាក់ស្តែង​ បង្ហាញ​នូវ​ភាព​ជាដៃ​គូ ដ៏​រឹងមាំ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុង​ការ​ធ្វើឱ្យកាន់​តែ​ប្រសើរឡើង​នូវ​សេវា​សុខាភិបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក​ថ្លែង​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សម្ភព​ថ្មី​នេះ កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨។

លោក​បាន​និយាយ​ថា អាគារ​មណ្ឌល​សុខភាព​ដែល​មាន​១១​បន្ទប់​នេះ​ ​នឹង​នាំ​មក​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា ៩​ម៉ឺន​នាក់​ក្នុង​ស្រុក​ក្រគរ​ ​និង​ស្រុក​ជិត​ខាង​មួយ​ចំនួន​ទៀត​ ដើម្បី​លើក​កម្ពស់​សេវា​សុខា​ភិបាល។

លោក William Heidt ថ្លែង​ក្នុងពិធីសម្ពោធ​អគារសម្ភពថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកក្រគរ កាលពីថ្ងៃទី១៤សីហា ២០១៨។ រូបថត៖ ក្រសួងសុខាភិបាល
លោក​ឯក​អគ្គរដ្ឋទូត បាន​ឱ្យដឹង​​ថា​ នេះជា​គម្រោង​ទី៣២​ ក្នុង​ចំណោម​គម្រោង​ផ្នែក​សុខាភិបាល​ សាលារៀន​ អនាម័យ​បរិស្ថាន ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជូន​កម្ពុជា​ ដោយ​ប្រើប្រាស់​មូលនិធិ​មនុស្ស​ធម៌​ (ជំនួយ​ឥត​សំណង​ពី​ប្រជាពលរដ្ឋ​អាមេរិក) ចាប់តាំង​ពីឆ្នាំ​២០១៣​មក ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៦លាន​ដុល្លារ។ គម្រោង​ចំនួន​៦ផ្សេង​ទៀត​ ដែល​ជា​ជំនួយ​ពី​ប្រជា​ពលរដ្ឋ​អាមេរិក​ដែរ​នោះ​ នឹង​ត្រូវ​បញ្ចប់​ក្នុង​អំឡុង​ពីរ​ឆ្នាំ​ខាង​មុខ។

អាគារ​សម្ភព​ដែល​មាន​តម្លៃ​ជាង​៤៣​ម៉ឺន​ដុល្លារ​អាមេរិក​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ ​នៅ​មុន​ពេល​ដែល​លោក​ ​William Heidt​ ​ត្រៀម​បញ្ចប់​អាណត្តិ​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។​ ​​

ចំណែក លោក​ ​ម៉ម ប៊ុនហេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​ ​ដែល​បាន​ចូល​រួម​ពិធី​សម្ពោធនេះ ​​ថ្លែង​ថា​ ​អាគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ ​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុមាល​ភាពស្រ្តី​ ​និង​កុមារ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា​ ​ក្រសួង​ស្វាគមន៍​រាល់​ជំនួយ​ដែល​ផ្តល់​ដល់​កម្ពុជា​ ​ពិសេស​ជំនួយ​ពាក់​ព័ន្ធនឹង​ការ​ពង្រឹង​ផ្នែក​សេវា​សុខាភិបាល៕

មន្ទីរបង្អែកស្រុកក្រគរ (រូបថត៖ VOA News)

ប្រភព៖ VOA News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;