លោក យូ ហុកគ្រី ថា​ការ​ធ្វើត្រា​ថ្មី មិនមែន​ដើម្បី​ធ្វើ​បក្ស​ប្រហារ​បណ្តេញ​សម្តេច​ក្រុមព្រះ​ទេ

  • 2018-08-23 03:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យូ ហុកគ្រី អតីត​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បដិសេធ​ថា ការធ្វើ​ត្រា​គណបក្ស​ថ្មី​ មិនមែន​ដើម្បី​ធ្វើ​បក្ស​ប្រហារ​បណ្តេញ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពី​បក្ស​នោះទេ។ ការ​បញ្ជាក់​នេះ នៅក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃទី២៣ ខែ​សីហា​នេះ នៅ​សណ្ឋាគារ​សាន់វ៉េ។

លោក យូ ហុកគ្រី អះអាង​ថា ការ​ធ្វើត្រា​ថ្មី​នេះ គឺ​ដើម្បី​ប្រើ​សម្រាប់​កិច្ចការ​គណបក្ស​មួយ​ចំនួន​ដូចជា៖ ការផ្ទេរ​សិទ្ធិ​ឱ្យ​មេធាវី​ការពារ​សំណុំ​រឿង​ក្តី​គ្រោះ​ចរាចរណ៍​របស់​សម្តេច​ក្រុមព្រះ និង​អ្នកម្នាង នៅខេត្ត​ព្រះសីហនុ និងការ​ធ្វើ​លិខិត​ស្នើទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ស៊ើប​អង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និងការ​ចេញ​លិខិត​ថ្លែង​អំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្សដែលបាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ជាដើម។

សូម​រំលឹក​ថា កាលពី​ដើមខែ​សីហា​នេះ លោក យូ ហុកគ្រី ដែល​ពេលនោះ​កំពុង​ស្ថិតក្នុង​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ជូនដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ការ​ប្រើប្រាស់​ត្រា​មូលថ្មី​របស់​គណបក្ស។

ក្នុង​លិខិត​ជូន​ដំណឹង​នោះ បាន​បញ្ជាក់​ថា កន្លងមក​ គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ត្រាមូល​របស់​ប្រធាន​គណបក្ស ដើម្បី​ប្រើប្រាស់​ជាផ្លូវការ​លើ​លិខិត​រដ្ឋបាល។ ប៉ុន្តែ​បន្ទាប់ពី​សម្តេច​ក្រុមព្រះ ដែលជា​ប្រធាន​គណបក្ស យាងទៅ​ព្យាបាល​ព្រះ​សុខភាព​នៅក្រៅ​ប្រទេស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រាមូល​នោះ ត្រូវបាន​បាត់បង់​រកមិន​ឃើញឡើយ។ ដូច្នេះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សម្រេច​ធ្វើត្រា​មូលថ្មី​មួយ​ទៀត​សម្រាប់​ប្រើប្រាស់​ជាផ្លូវការ ដោយចាត់ទុក​ត្រាចាស់​ដែលបាន​បាត់បង់​នោះ​ ជា​មោឃៈ។

សូម​បញ្ជាក់​ដែរថា ការធ្វើ​សន្និសីទ​កាសែត​នេះ ធ្វើឡើង​ដោយ​លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ លោក វណ្ណ សុផាន់ណា និង​លោក ញ៉េប ប៊ុនជិន បន្ទាប់ពី​អ្នកទាំង៤​នេះ ត្រូវបាន​ដក​តំណែង និង​បញ្ចប់​សមាជិក​ភាពពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច៕

ចុចអាន​បន្ថែម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;