២កញ្ញា ១៩៤៥៖ ជប៉ុន ចុះ​ហត្ថលេខា​ចុះចាញ់​សង្គ្រាម​លោក​លើក​ទី២ ​ជា​ផ្លូវការ

  • 2018-09-02 04:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី ៧៣ឆ្នាំ​មុន ពោល​គឺ នៅថ្ងៃទី​២កញ្ញា ១៩៤៥ ជប៉ុន បាន​ចុះហត្ថលេខា​ចុះចាញ់​សង្គ្រាមលោក​លើកទី២ ជា​ផ្លូវការ ក្រោយពេល​អធិរាជ​ជប៉ុន Hirohito បាន​ប្រកាស​ចុះចាញ់​សង្គ្រាម​នៅ​ថ្ងៃទី​១៥​សីហា ១៩៤៥។

លោក Maroru Shigemitsu រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន និង​លោក​ឧត្តមសេនីយ៍ Yoshijiro Umezu អគ្គ​មេបញ្ជាការ​កងទ័ព​ជប៉ុន គឺជា​អ្នក​ចុះ​ហត្ថលេខា​ចុះចាញ់​សង្គ្រាម​នៅលើ​នាវា​អាមេរិក USS Missouri ដែល​ធ្វើឱ្យ​ពិភពលោក​ទាំងមូល បាន​បញ្ចប់​សង្គ្រាម​លោក​លើកទី២​ទាំងស្រុង ចាប់ពី​ពេល​នោះ​មក។

លោក Maroru Shigemitsu ចុះហត្ថលេខាចុះចាញ់សង្គ្រាម នៅថ្ងៃទី២កញ្ញា ១៩៤៥ លើនាវាអាមេរិក USS Missouri 
ការ​ប្រកាស​ចុះចាញ់​សង្រ្គាម​នេះ គឺ​ក្រោយ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ​ចំនួន ២​គ្រាប់ផ្ទួនៗ​គ្នា នៅ​ក្រុង​ចំនួន​២ របស់​ជប៉ុន កាលពី​ថ្ងៃ​ទី៦ និង ៩ ខែ​សីហា ឆ្នាំ​១៩៤៥។

គ្រាប់​បែកទី១ ឈ្មោះ Little Boy ត្រូវបាន​យន្តហោះ B-29 របស់​អាមេរិក ​ទម្លាក់​ទៅលើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ ១៤ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត។ ឯគ្រាប់បែក​បរិមាណូ​ទី២ ឈ្មោះ Fat Man ត្រូវបាន​យន្តហោះ​អាមេរិក ទម្លាក់​ទៅលើ​ក្រុង​ណាហ្គាសាគី បណ្តាល​ឱ្យ​មនុស្ស​ពី​ជិត ៤​ម៉ឺន ទៅ ៨ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត​ផងដែរ។

គួរកត់​សម្គាល់​ថា តាម​សេចក្តី​ប្រកាស​ផតស្តាម (Potsdam Declaration) ចុះថ្ងៃ​ទី២៦​កក្កដា ១៩៤៥ អង់គ្លេស ចិន និង​អាមេរិក បាន​ទាមទារ​ឱ្យ​កងទ័ព​ជប៉ុន ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ ពោលគឺ​ឱ្យ​កងទ័ព​ជប៉ុន បោះ​បង់​អាវុធ​ទាំងស្រុង រួចអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​វិញ រស់នៅ​ដោយភាព​សុខសាន្ត។ ប៉ុន្តែ​ជប៉ុន មិនយល់​ព្រមឡើយ ជា​ហេតុ​ធ្វើឱ្យ​អាមេរិក ត្រូវ​បង្ខំចិត្ត​ប្រើ​ធម៌ក្តៅ ដោយមាន​ការ​ទម្លាក់​គ្រាប់បែក​បរិមាណូ ដល់​ទៅ​២ដង​បែបនេះ ហើយក៏​នឹងអាច​មានការ​ទម្លាក់​គ្រាប់បែក​បន្ថែម​ទៀត​ផងដែរ ប្រសិន​បើ​ជប៉ុន នៅតែ​ចចែស​មិនព្រម​ចុះចាញ់​សង្គ្រាម​ទេ​នោះ៕

អត្ថបទទាក់ទង

ប្រភព៖ History ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;