ប្រវត្តិរដ្ឋសភាកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩១ រហូតមកដល់បច្ចុប្បន្ន
- 2018-09-05 03:39:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិរដ្ឋសភាកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩១ រហូតមកដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
តាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានកំណត់ឲ្យមានការបោះឆ្នោតដើម្បីកសាងនីតិរដ្ឋ និងបង្កើតស្ថាប័នគ្រប់គ្រងប្រទេស។
ក្នុងស្មារតីនេះ ការបោះឆ្នោតលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ នៅទូទាំងប្រទេស ជ្រើសរើសសភាធម្មនុញ្ញ ដើម្បីតាក់តែង និងអនុម័តរដ្ឋធម្មនុញ្ញមួយ។ គណបក្សនយោបាយ ចំនួន ១៩ បានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ប្រជែងយកអាសនៈចំនួន ១២០ ក្នុង ២១មណ្ឌល។ រដ្ឋធម្មនុញ្ញមួយ ត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់មក សភាធម្មនុញ្ញ ក៏បានក្លាយទៅជារដ្ឋសភា នីតិកាលទី១ សម្រាប់រយៈពេល ៥ឆ្នាំ (១៩៩៣-១៩៩៨)។ នៅក្នុងរដ្ឋសភានីតិកាលទី១ មានតំណាងរាស្រ្ដ មកពីគណបក្សចំនួន ៤ ដូចខាងក្រោម៖
គណបក្សហ៊្វុនស៊ិនប៉ិច៖ ៥៨ រូប
គណបក្សប្រជាជនកម្ពុជា៖ ៥១ រូប
គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា៖ ១០ រូប
គណបក្សម៉ូលីណាកា៖ ១ រូប
ការរៀបចំគណៈកម្មការជំនាញ៖ គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំ ៤គណៈកម្មាការ, គណបក្សប្រជាជនកម្ពុជា ដឹកនាំ ៤គណៈកម្មការ និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ដឹកនាំ ១គណៈកម្មការ។
រាជរដ្ឋាភិបាលចម្រុះជាតិមួយ ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងប្រទេស សម្រាប់រយៈពេល ៥ឆ្នាំ តាមរូបមន្ត ៤៥%+៤៥%+១០% និងដែលមាន សហនាយករដ្ឋមន្រ្ដី និងសហរដ្ឋមន្រ្ដីសម្រាប់ក្រសួង ២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។
រដ្ឋសភា នីតិកាលទី២
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ដែលមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន ៣៩ ប្រជែងយកអាសនៈសភា ចំនួន ១២២ ក្នុង ២៣មណ្ឌល។ គណបក្ស ៣ បានឈ្នះអាសនៈ ដែលមានដូចខាងក្រោម៖
គណបក្សប្រជាជនកម្ពុជា៖ ៦៤ អាសនៈ
គណបក្សហ៊្វុនស៊ិនប៉ិច៖ ៤៣ អាសនៈ
គណបក្សសមរង្ស៊ី៖ ១៥ អាសនៈ
ការរៀបចំគណៈកម្មការជំនាញ៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំ ៤គណៈកម្មការ, គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំ ៤គណៈកម្មការ, គណបក្សសមរង្ស៊ី ដឹកនាំ ១គណៈកម្មការ។
រាជរដ្ឋាភិបាលចម្រុះមួយ ត្រូវបានបង្កើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដោយឡែកគណបក្សសមរស្ស៊ី ជាគណបក្សជំទាស់នៅក្នុងរដ្ឋភា។
*សម្គាល់៖ នៅក្នុងនីតិកាលទី២ នៃរដ្ឋសភា បន្ទាប់ពីមានវិបត្តិនយោបាយមួយរយៈពេលខ្លីមក ក៏មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតព្រឹទ្ធសភាមួយ ដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផង និងជាអង្គការសម្របសម្រួលការងារ រវាងរដ្ឋសភា និងរាជរដ្ឋាភិបាលផង។ ក្នុងន័យនេះ អំណាចនីតិប្បញ្ញត្តិបានចែកជាពីរ គឺរដ្ឋសភា និងព្រឹទ្ធសភា។ វិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័តដោយរដ្ឋសភា នីតិកាលទី២ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ ហើយព្រឹទ្ធសភានីតិកាលទី១ បានចាប់ដំណើរការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោយមានសមាជិកចំនួន ៦១រូប ក្នុងនោះចាត់តាំងដោយព្រះមហាក្សត្រចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា ចំនួន២រូប ចាត់តាំងពីគណបក្សប្រជាជនកម្ពុជា ចំនួន ៣១រូប ចាត់តាំងពីគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ២១រូប និងចាត់តាំងពីគណបក្សសមរង្ស៊ី ចំនួន ៧រូប។
រដ្ឋសភា នីតិកាលទី៣
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ ដើម្បីជ្រើសតាំងតំណាងរាស្រ្ដចំនួន ១២៣រូប។ គណបក្សនយោបាយចំនួន ២៣ បានឈរឈ្មោះបោះឆ្នោត សម្រាប់មណ្ឌល ចំនួន ២៤។ គណបក្ស ៣ បានឈ្នះអាសនៈ៖
គណបក្សប្រជាជនកម្ពុជា៖ ៧៣ អាសនៈ
គណបក្សហ៊្វុនស៊ិនប៉ិច៖ ២៦ អាសនៈ
គណបក្សសមរង្ស៊ី៖ ២៤ អាសនៈ
ការរៀបចំគណៈកម្មការជំនាញ៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំ ៥គណៈកម្មការ, គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំ ២គណៈកម្មការ, គណបក្សសមរង្ស៊ី ដឹកនាំ ២គណៈកម្មការ
រដ្ឋសភា នីតិកាលទី៤
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ដើម្បីជ្រើសតាំងតំណាងរាស្រ្ដចំនួន ១២៣រូប ដែលមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន ១១ សម្រាប់មណ្ឌលចំនួន ២៤។ គណបក្សឈ្នះអាសនៈ មានដូចខាងក្រោម៖
គណបក្សប្រជាជនកម្ពុជា៖ ៩០ អាសនៈ
គណបក្សសមរង្ស៊ី៖ ២៦ អាសនៈ
គណបក្សសិទ្ធិមនុស្ស៖ ៣ អាសនៈ
គណបក្សហ៊្វុនស៊ិនប៉ិច៖ ២ អាសនៈ
គណបក្សនរោត្តមរណឫទ្ធិ៖ ២ អាសនៈ
ការរៀបចំគណៈកម្មការជំនាញ៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំទាំង ៩គណៈកម្មការ
រដ្ឋសភា នីតិកាលទី៥
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៥ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីជ្រើសតាំងតំណាងរាស្រ្ដ ចំនួន ១២៣រូប ដែលមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន ៨ សម្រាប់មណ្ឌលចំនួន ២៤។ គណបក្សឈ្នះអាសនៈ មាន ២ គឺ៖
គណបក្សប្រជាជនកម្ពុជា៖ ៦៨ អាសនៈ
គណបក្សសង្រ្គោះជាតិ៖ ៥៥ អាសនៈ
ការរៀបចំគណៈកម្មការជំនាញ៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំ ៥គណៈកម្មការ, គណបក្សសង្រ្គោះជាតិ ដឹកនាំ ៥គណៈកម្មការ។
ប៉ុន្តែ ក្រោយគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចធ្វើការបែងចែកអាសនៈទាំង ៥៥ របស់គណបក្សសង្រ្គោះជាតិ ឲ្យទៅគណបក្សដែលមានសំឡេងគាំទ្រក្នុងលំដាប់បន្តបន្ទាប់។ ការបែងចែកអាសនៈនោះ គឺ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ២ អាសនៈ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន ១ អាសនៈ និងគណបក្សប្រជាជនកម្ពុជា ទទួលបាន ១១អាសនៈ។
រីឯ ការដឹកនាំគណៈកម្មការជំនាញ ក៏បានផ្លាស់ប្ដូរផងដែរ គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំ ៥គណៈកម្មការ និងគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំ ៥គណៈកម្មការ។
រដ្ឋសភា នីតិកាលទី៦
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចូលរួមចំនួន ២០ ដើម្បីប្រជែងយអាសនៈសភា ចំនួន ១២៥ ក្នុង ២៥មណ្ឌល។ ជាលទ្ធផល គណបក្សតែមួយប៉ុណ្ណោះ ដែលទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា (១២៥ អាសនៈ)។
រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូង នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕