ថវិកាប៉ុន្មានពាន់លានរៀល នឹងត្រូវផ្ដល់ជូនមន្ត្រីរាជការគ្រប់ប្រភេទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?
- 2018-09-08 06:24:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថវិកាប៉ុន្មានពាន់លានរៀល នឹងត្រូវផ្ដល់ជូនមន្ត្រីរាជការគ្រប់ប្រភេទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ?
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា ប្រមាណជា ៣០ពាន់លានរៀល ប្រហែលជា ៧លានដុល្លារសហរដ្ឋអាមេរិក ទៅលើការឧបត្ថម្ភមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងមន្ត្រីចាប់ពីថ្នាក់ភូមិឡើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ការឧបត្ថម្ភនេះគឺសម្រាប់មន្ត្រីរាជការគ្រប់ប្រភេទ និងកងកម្លាំង ប្រដាប់អាវុធ ក្នុងម្នាក់ចំនួន៥ម៉ឺនរៀល ដូច្នេះស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារ សាធារណៈរៀបចំជាអនុក្រឹត្យឡើង។
សម្ដេចបន្តថា ការរៀបចំការបើកបៀវត្សរ៍ក្នុងខែកញ្ញានេះ គឺត្រូវបើកនៅសប្ដាហ៍ ទី៤ ធម្មតា ប៉ុន្តែនៅខែតុលានឹងមានបុណ្យភ្ជុំបិណ្ឌ ដូច្នេះត្រូវបើកបៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនៅសប្ដាហ៍ទី១ នៃខែតុលា។ ឯខែវិច្ឆិកា ត្រូវបើកបៀវត្សរ៍ នៅសប្ដាហ៍ទី២ ដើម្បីកុំឲ្យមានគម្លាតនៃការបើកបៀវត្សរ៍កាលពីដើមខែតុលា ហើយម្យ៉ាងទៀត ក៏មានបុណ្យអុំទូកផងដែរ។ ចំណែកខែធ្នូ គឺត្រូវបើកនៅសប្ដាហ៍ទី៣។
នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៩ តទៅ គឺក្នុងរយៈពេល ១៥ថ្ងៃបើកបៀវត្សរ៍ម្ដង៕