មេធាវី​ច្រានចោល​ការ​លើកឡើង​ថា លោក កឹម សុខា ត្រូវ​ឃុំខ្លួន​ក្នុង​ផ្ទះ

  • 2018-09-10 07:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចាន់ ចេន មេធាវី​លោក​កឹម សុខា បាន​បញ្ជាក់​ថា កូនក្តី​របស់​លោក គឺ​មិនមែន​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះ​ទេ ព្រោះ​តុលាការ​បាន​ចេញ​ដីកា​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ហើយ​គ្រាន់តែ​ស្ថិតនៅ​ក្រោម​ការត្រួត​ពិនិត្យ​តែ​ប៉ុណ្ណោះ។ ការ​ថ្លែង​បញ្ជាក់​នេះ គឺ​បន្ទាប់ពី​មាន​ការ​លើកឡើង​ថា លោក កឹម សុខា ត្រូវ​ដោះលែង​ពិត​មែន តែ​ត្រូវបាន​គេ​ឃុំខ្លួន​នៅក្នុង​ផ្ទះ។

មេធាវី​រូបនេះ បាន​និយាយ​យ៉ាងដូច្នេះ​ថា៖ «យើង​អត់បាន​ឃើញ​ដីកា​របស់​តុលាការ​សរសេរ​ថា ឃុំខ្លួន​នៅក្នុង​ផ្ទះទេ គ្រាន់តែ​យើង​ឃើញ​មាន​ដីកា​ដោះលែង ហើយ​ចំពោះ​ការ​ដោះលែង​ដោយ​មូលហេតុ​អ្វី ខ្ញុំមិន​ធ្វើ​អត្ថាធិប្បាយ​ទេ»។

លោក ចាន់ ចេន ថ្លែងនៅមុខផ្ទះលោក កឹម សុខា នាព្រឹកថ្ងៃទី១០កញ្ញា ២០១៨
លោក ចាន់ ចេន បាន​បន្ត​ថា លោក កឹម សុខា មាន​បំណង​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ពីព្រោះ​លោក​ធ្លាប់មាន​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ នៅ​ប្រទេស​សិង្ហបុរី ដោយ​ត្រូវការ​ព្យាបាល​តាមរយៈ​ការ​វះកាត់។

លោក កឹម សុខា អតីត​ប្រធាន​នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវបាន​ដឹកមក​ដល់​គេហដ្ឋាន​របស់​លោក​វិញ​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ទាបភ្លឺ​ថ្ងៃ១០​កញ្ញា។ ការ​សម្រេច​នេះ ដោយ​ផ្អែក​លើ​ហេតុផល​ខាង​សុខភាព និង​មាន​ការ​ធានា​ខាង​ផ្នែក​នីតិវិធី​ច្បាស់លាស់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិន​អាច​រត់​គេច​ខ្លួន​ពី​នីតិវិធី​តុលាការ​ឡើយ៕

អត្ថបទ​ទាក់ទង៖ មេធាវី៖ លោក កឹម សុខា សុំការ​យោគយល់​ដែលមិន​អាច​ជួប​អ្នក​គាំទ្រ​បានឡើយ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;