រកឃើញសំបុកត្រដក់តូច ជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា
- 2018-09-17 13:03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសំបុកត្រដក់តូច ជាលើកដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា
ចន្លោះមិនឃើញ
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានប្រកាសនៅថ្ងៃទី១៧កញ្ញានេះថា ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យតាមដានសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមារបស់ខ្លួន បានរកឃើញជាលើកដំបូងនូវសំបុកសត្វត្រដក់តូចចំនួន ៦សំបុក ដែលបាននឹងកំពុងបង្កកំណើតនៅភាគខាងជើងក្នុងតំបន់នេះ កាលពីថ្ងៃទី១០ ខែសីហា ២០១៨។
សត្វត្រដក់តូច ចូលចិត្តធ្វើសំបុកពងកូនជាបណ្ដុំជិតៗគ្នានៅលើដើមឈើខ្ពស់ៗ ដែលជាប្រភេទព្រៃល្បោះ និងព្រៃស្រោង។ តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ក្នុងខេត្តព្រះវិហារគឺជាទីជម្រកពងកូនដ៏សំខាន់បំផុតរបស់ហ្វូងសត្វនេះ។
លោក សូត្រ វ៉ាន់ឌឿន អ្នកសម្របសម្រួលផ្នែកស្រាវជ្រាវ និងត្រួតពិនិត្យតាមដានសត្វព្រៃរបស់អង្គការ WCS បាននិយាយថា ដែនជម្រកសត្វព្រៃកែវសីមា ក៏ជាទីជម្រកដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់សត្វត្រដក់តូច ក្នុងការរស់នៅ និងបង្កកំណើតផងដែរ ពីព្រោះនេះជាតំបន់សម្បូរទៅដោយប្រភេទព្រៃល្បោះ ព្រៃស្រោង វាលស្មៅ ត្រពាំង អូរ និងចំណីអាហារដែលវាចូលចិត្តដូចជា ត្រី កង្កែប ពពួកល្មូន ក្តាម ខ្យង និងពពួកសត្វល្អិត។
បច្ចុប្បន្ននេះ សកម្មភាពកាប់ទន្រ្ទានព្រៃឈើ បានបង្កជាការគំរាមកំហែង និងប៉ះពាល់យ៉ាងខ្លាំងដល់ជម្រក សំបុកពងកូនរបស់ត្រដក់តូចជាពិសេសនៅរដូវពងកូន។ ការការពារទីជម្រកពងកូន របស់ពួកវា ពិតជាចាំបាច់ខ្លាំងណាស់ដើម្បីធានាដល់ការរស់រាននៃប្រភេទសត្វកម្រមួយនេះ។ លោក សូត្រ វ៉ាន់ឌឿន លើកឡើងបន្ថែម។
ក្រុមស្រាវជ្រាវរបស់អង្គការនេះ នឹងបន្តស្វែងរកសំបុកត្រដក់តូច និងកំពុង ធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍ ជាពិសេសមន្ទីរបរិស្ថានខេត្ត និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីការពារសំបុក និងទីតាំងពងកូនរបស់ពួកវា៕