ភ្ញៀវដែល​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​​កណ្តាល​​កំពូល​ប្រាសាទ​អង្គរវត្ត មាន​ចំនួន​ថយចុះ

  • 2018-09-24 07:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​ព្រះអាទិត្យ​រះ​ចំ​ពី​លើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត​កាលពី​ព្រឹកថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នំា២០១៨ មានការ​ថយចុះ​ជាង​ឆ្នំាមុន ដោយសារ​តែ​អាកាសធាតុ​មិនល្អ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប។

បើតាម​ការ​ចុះផ្សាយ​របស់ AKP នៅថ្ងៃទី​២៤​កញ្ញា​នេះ លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឱ្យដឹង​ថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ពីលើ​កំពូល​ប្រាង្គ​កណ្តាល​ ប្រាសាទ​អង្គរវត្ត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​ទៅ​ទស្សនា​ប្រមាណ ៤៥០០​នាក់ គឺមាន​ការ​ថយចុះ​ប្រមាណ ១១,១១​ភាគរយ បើ​ប្រៀបធៀប កាលពីខែ​កញ្ញា ឆ្នាំ២០១៧។ ក្នុងនោះ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ប្រមាណ ១៨០០នាក់ ថយចុះ​ប្រមាណ ៥,៥៥ភាគរយ ភ្ញៀវ​ជាតិ​មាន​ចំនួន ២៧០០នាក់ ថយចុះ​ប្រមាណ ២៩,៦២ភាគរយ។

ភ្ញៀវទេសចរថតសែលហ្វី ក្នុងពេលមានព្រឹត្តិការណ៍ព្រះអាទិត្យ​រះ​ចំ​ពី​លើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត​ កាលពីព្រឹកថ្ងៃទី២៣កញ្ញា ២០១៨។ រូបថត៖ AKP

លោក​ប្រធាន​មន្ទីរ បាន​ពន្យល់​ថា បញ្ហា​អាកាសធាតុ​ដែល​កើតឡើង​ក្នុង​ពេលមាន​ព្រឹត្តិការណ៍​នេះ គឺ​មាន​ពពកច្រើន​រក​កល់ភ្លៀង ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស និង​ពលរដ្ឋខ្មែរ មិន​សូវទៅ ដោយ​គិតថា​ថ្ងៃរះ​មិនល្អ។ ជាក់ស្តែង​ព្រះអាទិត្យ​រះ​ចំពី​លើ​កំពូល​ប្រាង្គ​កណ្តាល​ប្រាសាទ​អង្គរវត្ត កាលពី​ព្រឹក​ម្សិលមិញ គឺ​ថ្ងៃរះ​មិន​មូល​ល្អទេ ដោយសារ​ពពកខ្មៅ​បាំង៕

ចុចអាន​បន្ថែមអាជ្ញាធរ​ជាតិ​អប្សរា​ពន្យល់​ពី សមរាត្រី ទាក់ទង​នឹង​អង្គរវត្ត

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

;