គ្រូបង្វឹក​ថា ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​បាន​ល្អ តែ​មិន​ល្អ​សម្រាប់​អ្នកគាំទ្រ​មួយ​ចំនួន

  • 2018-10-17 03:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Felix Agustin Gonzales Dalmas គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុម​ជម្រើស​ជាតិ​មាន​ការ​វិវឌ្ឍ​បាន​ល្អ ឆ្លង​កាត់​ការ​ប្រកួត​កន្លងទៅ បើ​ទោះបីជា​ទទួល​បាន​លទ្ធផល​មិន​សូវ​សម​ប្រកប​ក៏ដោយ ប៉ុន្តែ​លោក​យល់​ឃើញ​ថា លទ្ធផល​នេះ​ជា​រឿង​មិន​ល្អ​ទៅ​វិញ​សម្រាប់​អ្នកគាំទ្រ​មួយ​ចំនួន​។

កម្ពុជា ជួបជាមួយ សិង្ហបុរី ក្នុងការប្រកួតកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨
គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ប្រាប់​នៅ​ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​កម្ពុជា​ចាញ់​សិង្ហបុរី​ដោយ​លទ្ធផល ១-២ កាល​ពី​ថ្ងៃ​ទី​១៦​តុលា​ថា ជា​ការ​ពិត​ណាស់​កម្ពុជា​ចង់​ឈ្នះ តែ​វិធីសាស្ត្រ​ដើម្បី​ស្វែងរក​ជ័យ​ជម្នះ​នោះ​ទើប​ជា​ការ​សំខាន់។ លោក​បន្ថែម​ថា កីឡាករ​នីមួយ​បាន​បង្ហាញ​ពី​ការ​ចែករំលែក​ និង​ការ​ព្យាយាម​សហការ​គ្នា។​

លោក​បន្ត​ថា លោក​សង្កេត​ឃើញ​អ្នកគាំទ្រ​ដែល​ចូលរួម​ទស្សនា​ផ្ទាល់​មួយ​ចំនួន​បង្ហាញ​ការ​ពេញចិត្ត ដោយសារ​ពួកគេ​ឃើញ​ពី​ការ​រីកចម្រើន​នៃ​ទម្រង់​លេង​របស់​កម្ពុជា​។

សូម​ជម្រាប​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ស្មើ១ និង​ចាញ់​២ ក្រោម​ការ​ដឹកនាំ​របស់​លោក Felix និង​អ្នក​ចាត់​ការ​ទូទៅ​ថ្មី Keisuke Honda បន្ទាប់ពី​ត្រូវ​បាន​តែងតាំង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កាល​ពី​ខែ​សីហា​កន្លងទៅ។ ក្នុង​នោះ កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ស្មើ​ទីម័រ​ខាងកើត ២-២ និង​ចាញ់ សិង្ហបុរី ១-២។

ទាំង​នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​កម្ពុជា ស្ថិត​ក្នុង​ពូល​ជាមួយ ម៉ាឡេស៊ី វៀតណាម ឡាវ និង​ មីយ៉ាន់ម៉ា​៕

អត្ថបទថ្មី
;