ទូក ង វែង​ជាង​គេ​របស់​កម្ពុជា​ បំបែក​ឯតទគ្គកម្ម​ពិភពលោកបានហើយ

  • 2018-11-12 02:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូក ង វែង​ជាង​គេ​ប្រវែង​ជិត ១០០​ម៉ែត្រ បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក Guinness World Records នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​។ លោក Pravin Patel ជា​អ្នក​វិនិច្ឆ័យ ​និង​ពិនិត្យ​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​ទូក​ ង វែង​ជាង​គេ​។

លោក Pravin Patel ជា​អ្នក​វិនិច្ឆ័យ ​និង​ពិនិត្យ​វាយតម្លៃ​លក្ខណៈ​បច្ចេកទេស​ទូក​ ង វែង​ជាង​គេ បាន​ផ្ដល់លិខិតបញ្ជាក់​ទូក ង​ វែង​ជាងគេ ដល់​កម្ពុជា ​តំណាងដោយ​លោក ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា
ទូក ង មាន​ប្រវែង​សរុប​ ៨៧,៣០ ម៉ែត្រ ទទឹង​ធំ​បំផុត​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​។​ ទូក​នេះ​មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​។

កម្មវិធី​កំណត់ត្រា​បំបែក​ឯតទគ្គ​កម្ម​ពិភព លោក ទូក ង វែង​ជាងគេ បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​តំបន់​ទី​ប្រជុំ​ជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ​ខេត្ត​ព្រៃវែង ដោយ​មាន​ការ​ចូលរួម​ពី​តំណាង Guinness World Records ​ចុះ​មក​ពិនិត្យ​មើល​ វាយតម្លៃ​លក្ខណៈ​បច្ចេកទេស ខ្នាត​របស់​ទូក និង​ការ​អុំ​បង្ហាញ​ជាក់​ស្តែង។

ទូក ង ​ដែល​មាន​ប្រវែង វែង​ជាងគេ​លើ​ពិភពលោក ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មាន​ន័យ​ថា “​ទូក ង ​របស់​កូន​ខ្មែរ​រស់​នៅ​ក្នុង​ដែនដី​កម្ពុជា​”​។​

ទូក ង នេះ​ធ្វើ​ពី​ឈើ​គគីរ ចំនួន​ ៦ដើម​ ហើយ​ក្បាលទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ត្រូវ​បាន​ឆ្លាក់​ជា​កន្ទុយ​ហង្ស។ ការផលិត បាន​ប្រើប្រាស់​រយៈ​ពេល​ចំនួន​ ១៩២​ថ្ងៃ​។

ការបង្ហាញ ទូក ង វែងជាងគេលើលោក នៅ​តំបន់​ទី​ប្រជុំ​ជន​អ្នក​លឿង​ត្រើយ​ខាងកើត ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ ខ ស្រុក​ពាម​រក៍ ​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​

លោក ស សុខា ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​បាន​ថ្លែង​ថា គោល​បំណង​សំខាន់​ៗ នៃ​ការ​ផលិត​ទូក ង ដែល​វែង​ជាងគេ គឺ​មាន​ ៣​ចំណុច​សំខាន់ៗ ដូចជា៖

១-​ រំឭក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ការប្រើប្រាស់​ទូក​របស់​ខ្មែរ​តាំងពី​សម័យ​បុរាណ ជាពិសេស​រំឭក​ឡើងវិញ​នូវ​ស្នាព្រះហស្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​ក្នុង​ការ​ប្រើប្រាស់​ទូក ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ការពារ​ទឹកដី​។

២-​ ជួយ​លើក​តម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល​ឲ្យ​បាន​ដឹង​កាន់តែ​ច្បាស់​ថា ​កម្ពុជា​អាច​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​។

៣-​ ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុង​ការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​។

សូម​ជម្រាប​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង បាន​ធ្វើ​ក្រុង​ពាលី កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ចាប់​ផ្តើម​ដំណើរការ​ធ្វើ​ទូក ង ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។

គួរ​បញ្ជាក់​ថា ទូក​ដែល​វែង​ជាងគេ​លើ​ពិភពលោក​ គឺជា​ទូក​របស់​ប្រទេស​ចិន ដែល​មាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយ​បាន​បំបែក​ឯតទគ្គ​កម្ម​កាល​ពី​ឆ្នាំ​២០១៧​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;