ប្រវត្តិ​ខ្លះៗ​អំពី​ការ​ប្រកបរបរ​ផលិតសម្បក​ណែម នៅ​ភូមិ​មួយ​ក្នុងខេត្ត​បាត់ដំបង

  • 2018-12-02 04:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការផលិត​សម្បក​ណែម អ្នក​នៅ​ឃុំ​ដូនទាវ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង មាន​ច្រើន​ជំនាន់​មក​ហើយ ប៉ុន្ដែ​បច្ចុប្បន្ន​ភាព មាន​អ្នក​នៅ​ផលិត​ច្រើន​ដូចមុន​ឬ​ទេ? ថ្ងៃ​នេះក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ ២ នឹង​បង្ហាញ​រូប​ភាព​ត្រួស​ របស់​អ្នក​ភូមិ ដែល​កំពុង​ផលិត​សម្បក​ណែម ដូចខាងក្រោម​នេះ៖

១- ការ​ផលិត​សម្បក​ណែម គឺ​ជា​របរ​ដែល​អ្នក​ឃុំ​ដូន​ទាវ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង តែង​និយម​ធ្វើ​ស្ទើរ​គ្រប់​ផ្ទះ ជា​ច្រើន​ជំនាន់​ណាស់​មក​ហើយ​។ នៅ​ជំនាន់​ក្រោយ​ឆ្នាំ​១៩៧៩ ការ​ផលិត​សម្បក​ណែម​នៅ​ក្នុង​ឃុំ​នេះ មាន​ចំនួន​ជាង​២០០​គ្រួសារ ប៉ុន្តែ​បច្ចុប្បន្ន មាន​គ្រួសារ​តែ​ជាង​៦០​ប៉ុណ្ណោះ ដែល​នៅ​ប្រកប​របរ​នេះ​។

២- ក្នុង​ចំណោម​អ្នក​ផលិត​សម្បក​ណែម​ដែល​នៅ​សេសសល់ អ្នកស្រី មុំ ហួត វ័យ​៦៦​ឆ្នាំ គឺ​ជា​អ្នក​ផលិត​សម្បក​ណែម​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ភូមិ​សម្បក​ណែម ក្នុង​ឃុំ​ដូនទាវ​​។ អ្នក​ស្រី​ចាប់​ផ្ដើម​ផលិត​សម្បក​ណែម​តាំង​ពី​ជំទង់​មក​ម្ល៉េះ​។

៣- ក្មួយបង្កើត​របស់ អ្នក​ស្រី មុំ ហួត កំពុង​ចម្អិន​សម្បក​ណែម ដោយ​ដួស​ទឹក​​ម្សៅ​​អង្ករ​​ខាប់​ៗ យក​ទៅ​វែក​ឱ្យ​ស្តើង​នៅ​លើ​ផ្ទាំង​ក្រណាត់ ដែល​គេ​ចង​នៅ​លើ​មាត់​ឆ្នាំង​ដែល​មាន​ទឹក​ដាំពុះ​។ អ្នក​វែក (អ្នក​ចំហុយ) គឺ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​សង្វាក់​ផលិត​កម្ម​សម្បក​ណែម​។ បរិមាណ​សម្បក​ណែម​ដែល​ផលិត​បាន​ក្នុង​មួយ​ថ្ងៃ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​វែក​នេះ​ហើយ​​។

៤- បន្ទាប់​ពី​ចំហុយ​ឆ្អិន​ហើយ សម្បក​ណែម​ត្រូវ​បាន​គេ​យក​ទៅ​ហាល​នៅ​លើ​បន្ទះ​រនាប​ (អ្នកឃុំដូនទាវ ហៅបន្ទះរនាបនេះថា ពិន) ធំ​មួយ​។ ក្នុង​មួយ​ពិន គេ​អាច​ហាល​បាន​សម្បក​ណែម ពី​៦០​ទៅ​៧០​បន្ទះ​។

៥- ក្មួយ​ប្រុស​របស់​អ៊ំ មុំ ហួត កំពុង​លើក​ពិន​ដែល​ពេញ​ដោយ​សម្បក​ណែម ទៅ​ហាល​នៅ​ចំហៀង​ផ្ទះ​របស់​គាត់​។ ការ​ហាល​សម្បក​ណែម​ពឹង​ផ្អែក​លើ​ព្រះ​អាទិត្យ​ទាំង​ស្រុង​។ រដូវ​ប្រាំង សម្បក​ណែម​ហាល​ឆាប់​ស្ងួត​ជាង​រដូវ​វស្សា​ដែល​មិន​សូវ​សម្បូរ​ពន្លឺ​ថ្ងៃ​ហើយ​ភ្លៀង​ច្រើន​។

៦- នៅ​ពេល​រសៀល ឬ​ពេល​ដែល​សម្បក​ណែម​ស្ងួត​ល្អ​ហើយ អ៊ំ មុំ ហួត ចាប់​ផ្ដើម​បក​សម្បក​ណែម​ចេញ​ពី​ពិន ហើយ​យក​ទុក​មួយ​អន្លើ មុន​នឹង​ត្រូវ​យក​ទៅ​ហាល​ទឹក​សន្សើម​ដើម្បី​ឲ្យ​សម្បក​ណែម​ស្រពាប់​ល្អ ងាយ​ស្រួល​ទុក​ដាក់៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;