កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណា តាំងចិត្តផ្តួលដៃគូឲ្យលឿនបំផុតនៅសង្វៀន ONE
- 2018-12-05 06:28:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណា តាំងចិត្តផ្តួលដៃគូឲ្យលឿនបំផុតនៅសង្វៀន ONE
ចន្លោះមិនឃើញ
កីឡាការិនីខ្មែរ-អាមេរិកាំង ឯម សុវណ្ណា នឹងត្រូវឡើងសង្វៀន ONE Championship នាថ្ងៃសុក្រ ទី៧ ខែធ្នូ ខាងមុខនេះ ដោយត្រូវជួបកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កីឡាការិនី វ័យ២៦ឆ្នាំរូបនេះ បានហ្វឹកហាត់យូរហើយ ត្រៀមខ្លួនឡើងសង្វៀនក្នុងឆន្ទៈបង្ហាញអ្នកទស្សនាបានឃើញពីសមត្ថភាពរបស់នាងលើឆាកអន្តរជាតិ។ នាងនិយាយថា៖ «ចិត្តនិងកាយ ខ្ញុំត្រៀមរួចរាល់ហើយ។ ខ្ញុំទន្ទឹងចាំតែឲ្យដល់ឆាប់ៗ»។
សុវណ្ណា បានហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួនយ៉ាងសកម្មដើម្បីត្រៀមយកជ័យជម្នះលើកីឡាការិនីអ៊ុយក្រែនសម្រាប់បង្កើតកំណត់ត្រារបស់ខ្លួនឲ្យបាន។ តាមបទពិសោធ កីឡាការិនីខ្មែរ-អាមេរិករូបនេះធ្លាប់ប្រកួត២ដង (ឈ្នះទាំង ២ដង)។ ប្រកួតទី១នាងបានផ្ដួលដៃគូឲ្យសន្លប់ដោយប្រើពេល១៨វិនាទីក្នុងទឹកទី១ និងប្រកួតលើកទីប្រើពេល៧៩វិនាទី ដើម្បីឲ្យអាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី១។
សម្រាប់ការប្រកួតខាងមុខនេះនាងជឿជាក់លើខ្លួនឯងខ្លាំងដោយសារបានហ្វឹកហាត់ជាមួយលោក Justen Hamilton ដែលគ្រូចំបាប់ជឺជីតស៊ូរបស់ប្រេស៊ីល ជើងឯកខ្សែក្រវាត់នៃកម្មវិធី Fight Science MMA នៅទីក្រុងឡូស អេនជឺឡេស សហរដ្ឋអាមេរិក។
ឯម សុវណ្ណា មានជំនឿថា ចំនុចខ្លាំងរបស់ខ្លួនគឺពូកែខាងកណ្តាប់ដៃចំៗ ប៉ុន្តែយ៉ាងណាមិញនាងបានព្យាយាមហ្វឹកហាត់គ្រប់ស្នៀតទាំងការវ៉ៃឈរ និងផ្នែកក្រោម។ កីឡាការិនីខ្មែរ-អាមេរិក ចង់ផ្តួលដៃគូម្នាក់នេះឲ្យបានលឿនដូចដែលនាងធ្លាប់ផ្តួលដៃមុនៗ ប៉ុន្តែនាងសម្លឹងឃើញថា ប៉ះកីឡាករអ៊ុយក្រែនម្នាក់នេះមិនមែនជារឿងងាយស្រួលនោះទេ ពីពោះកីឡាការិនីអ៊ុយក្រែនម្នាក់នេះជាជើងឯក Europe West Fight Champion និងមានកំណត់ត្រាផ្តួលដៃគូបានច្រើន។
កីឡាការិនីខ្មែរ-អាមេរិកបញ្ជាក់ថា ប្រសិនបើស្ថានភាពមិនអាចដូចការរំពឹងទុកទេ នាងនឹងវ៉ៃរហូតដល់ទឹកទី៣។ សុណ្ណាថា ៖«គ្រូបង្វឹកខ្ញុំបានសិក្សាវីដេអូរបស់ដៃគូខ្ញុំ ហើយដឹងរបៀបគេវ៉ៃអស់ហើយ»។
សូមបញ្ជាក់ថា ក្រៅពី សុវណ្ណា ក៏មានកីឡាករកម្ពុជាម្នាក់ទៀត ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ គឺជើងខ្លាំងគុនខ្មែរ ចាន់ រតនា ត្រូវតទល់នឹងជើងខ្លាំងឥណ្ឌូណេស៊ី ដែលមានប្រវត្តិប្រកួតមិនធ្លាប់ចាញ់៕
ចុចអាន៖ ទស្សនាទិដ្ឋភាព ចាន់ រតនា ហ្វឹកហាត់ត្រៀមប្រកួតនៅ ONE Championship