ប្រជាពលរដ្ឋ និងអ្នកលក់ត្រី បារម្ភពីការថយចុះចំនួនត្រីប៉ាសេអ៊ី
- 2018-12-13 03:07:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាពលរដ្ឋ និងអ្នកលក់ត្រី បារម្ភពីការថយចុះចំនួនត្រីប៉ាសេអ៊ី
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋ និងអាជីវករលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង លើកឡើងថា ឆ្នាំនេះ ត្រីប៉ាសេអ៊ីមិនសូវសម្បូរទេ ដែលជាសញ្ញាមួយបង្ហាញថាប្រភេទត្រីល្បីឈ្មោះនេះ អាចនឹងប្រឈមនឹងការផុតពូជប្រសិនបើគ្មានការអភិរក្សឱ្យដិតដល់ ហើយប្រការនេះក៏អាចធ្វើឱ្យកូនចៅជំនាន់ក្រោយ លែងបានស្គាល់ថែមទៀតផងដែរ។ នេះបើតាមការចុះផ្សាយរបស់វិបសាយក្រសួងព័ត៌មានកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
អ្នកស្រីស៊ីនពៅ ជាអ្នកលក់ត្រីនៅផ្សារនេះ បានលើកឡើងថា នៅឆ្នាំ២០១៨នេះ ត្រីប៉ាសេអ៊ី ហាក់ដូចជាបាត់បង់ទៅៗ ព្រោះពាក់កណ្តាលខែធ្នូហើយ អ្នកនេសាទមិនទាន់ចាប់បានត្រីដ៏ល្បីឈ្មោះ នឹងមានរសជាតិឆ្ងាញ់នេះ យកមកលក់នៅលើទីផ្សារច្រើននៅឡើយទេ។
អ្នកស្រីបន្តថា ប្រភេទត្រីប៉ាសេអ៊ីនេះ មិនទាន់មានក្រុមអ្នកជំនាញណា ចុះមកសិក្សាស្រាវជ្រាវ ឲ្យដឹងពីមូលហេតុច្បាស់លាស់នៃការថយចុះនោះទេ ដែលនេះក៍ជាការព្រួយបារម្ភមួយព្រោះខ្លាចវាផុតពូជដូចត្រីផ្សេងទៀត។
លោក ឈួរ ស៊ុន ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ត្រីប៉ាសេអ៊ី ត្រូវបានប្រជាពលរដ្ឋក្នុងខេត្តនេះ ចាត់ទុកជាត្រីដែលមានតម្លៃថ្លៃជាងគេ ព្រោះមានរសជាតិឆ្ងាញ់ជាងត្រីដទៃទៀត។ លោកថា ការខ្លាចផុតពូជមិនមែនតែត្រីប៉ាសេអ៊ីមួយទេ ត្រីផ្សេងៗទៀតក៏ត្រូវបាត់បង់ដែរប្រសិនជាប្រជានេសាទ និងអាជ្ញាធរពាក់ព័ន្ធមិនបាននាំគ្នាអភិរក្ស ហើយជនសង្ស័យមួយចំនួននៅតែលួចលាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះ។
ជុំវិញកង្វល់ខាងលើនេះ លោក ទំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានទទួលស្គាល់ថា កត្តាទាំងនេះ មិនមែនមកពីបញ្ហានេះមួយមុខទេគឺគួបបផ្សំស្ទើរគ្រប់អន្លើរទាំងអស់ ទាំងកត្តាធម្មជាតិ-កត្តាមនុស្ស-និងការអភិវឌ្ឍផងដែរ តែបើហិនហោចជាងគេគឺការប្រើឧបករណ៍ឆក់នេះតែម្ដង។
លោកបញ្ជាក់ថា ចំពោះការអភិរក្សត្រីប្រភេទនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលរួមនិងសមត្ថកិច្ចពាក់ព័ន្ធប្រឹងប្រែងចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទព្រមទាំងផ្សព្វផ្សាយច្បាប់ជលផលបានទួលំទូលាយ តែលោកបន្ទោសថា គឺមកពីប្រជាអ្នកនេសាទទាំងនោះ ចេះតែលួចប្រើឧបករណ៍នេសាទខុសច្បាប់ មិនព្រមភ្ញាក់រលឹកស្រឡាញ់ធនធានមច្ឆជាតិរបស់ខ្លួនឡើយ ។
បើតាមវិបសាយដដែលនេះ បានរៀបរាប់ថា ជារៀងរាល់ឆ្នាំ ត្រីប៉ាសេអ៊ីនេះ មួយរដូវមានតែម្តងទេ គឺចាប់ ពីខែវិច្ឆិកា ទៅដល់ខែមករា តែចម្លែកនៅឆ្នាំនេះ មកដល់ពាក់កណ្តាលរដូវទៅហើយ នៅមិនទាន់សម្បូរ ហើយក្រៅពីត្រីប៉ាសេអ៊ី គេសង្កេតឃើញមានត្រីឆ្កោក -ត្រីសណ្តាយ-ត្រីស្ទក់-ត្រីដំរី-ត្រីគ្រំ-ត្រីប៉ាវ៉ាមុខមួយ-ប៉ាវ៉ាមុខ២-ត្រីត្រសក់-ត្រីរមាស-ត្រីព្រួល-ត្រីក្របីនឹងត្រីផ្សេងៗទៀតក៏ពុំសូវសម្បូរដែរ៕
អត្ថបទទាក់ទង៖ រដូវត្រីប៉ាស៊ីអ៊ីខេត្តស្ទឹងត្រែងមកដល់ហើយ ចំណែកតម្លៃវិញថ្លៃកប់ពពក