នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​​វត្ត និង​ព្រះសង្ឃ​​ចំនួន​​ប៉ុន្មាន?

  • 2018-12-21 09:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យដឹងថា បច្ចុប្បន្ន​ទៅទូទាំង​ប្រទេសកម្ពុជា មាន​វត្តអារាម​ចំនួន ៤៩៨៥​វត្ត ​និង​ព្រះសង្ឃ ចំនួន ៧០៨៥៣អង្គ។ ក្នុងនោះ​គណៈ​មហានិកាយ ចំនួន​ ៤៧៤៤​វត្ត ព្រះសង្ឃ​ចំនួន ៦៦០៣៦​អង្គ និង​គណៈ​ធម្មយុត្តនិកាយ​ចំនួន ២៤១​វត្ត និង​ព្រះសង្ឃ​ចំនួន ៤៨១៧អង្គ។

លោក​ទេស​រដ្ឋមន្រ្តី បាន​ថ្លែង​ឱ្យដឹង​ដូច្នេះ ក្នុង​ពិធីបើក​អនុ​សំវច្ឆរ​មហាសន្និបាត​មន្រ្តី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី២៧ នៅសាល​សន្និសីទ​ចតុមុខ នាព្រឹកថ្ងៃទី២១​ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​ព្រះរាជាធិបតី​ភាព និង​អធិបតីភាព របស់​សម្តេច​ព្រះអគ្គ​មហាសង្ឃ​រាជាធិបតី​ទាំងពីរ​គណៈ និង​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​ជា​ព្រះ​រាជ​តំណាង​ដ៏ខ្ពស់​ខ្ពស់​របស់​ព្រះមហាក្សត្រ។

ព្រះសង្ឃដែលចូលរួម​​ក្នុង​ពិធីបើក​អនុ​សំវច្ឆរ​មហាសន្និបាត​មន្រ្តី​សង្ឃ​ទូទាំង​ប្រទេស​ នៅសាល​សន្និសីទ​ចតុមុខ នាព្រឹកថ្ងៃទី២១​ខែធ្នូ ឆ្នាំ​២០១៨។ រូបថត៖ ហ្វេសប៊ុកសម្តេច ហេង សំរិន
សម្តេច ហេង សំរិន បាន​​ថ្លែង​ក្នុង​ពិធី​នេះ​​ថា វត្តអារាម​មិនគ្រាន់តែ​ជាទី​សក្ការៈ​សម្រាប់​គោរព​បូជា តាមផ្លូវ​ជំនឿ​សាសនា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ថ្នាល​បណ្តុះ​បណ្តាល នូវ​ចំណេះដឹង បញ្ញាញាណ តម្លៃ សីលធម៌ និង​ស្មារតី រួមរស់​សាមគ្គី​គ្នា តាមផ្លូវ​ពុទ្ធចក្រ និង​អាណាចក្រ ទៀតផង។

សម្តេច​បន្ត​ថា វិស័យ​ពុទ្ធិកសិក្សា មាន​ការ​រីកចម្រើន​គួរឱ្យកត់​សម្គាល់​ គឺមាន​ពីថ្នាក់​ធម្មវិន័យ និង​ថ្នាក់​ពុទ្ធិកបឋម​សិក្សា រហូត​ដល់ថ្នាក់​ឧត្ដម​សិក្សា និងថ្នាក់​ក្រោយ​ឧត្ដម​សិក្សា។

ក្នុង​សម័យ​ដែលមាន​ការ​រីកចម្រើន ខាង​បច្ចេកវិទ្យា​នេះ សម្តេច​ប្រធាន​រដ្ឋសភា បានគូស​បញ្ជាក់​ថា បើគេ​ចេះទាញ​ និង​ប្រើប្រាស់​វា បច្ចេកវិទ្យា​ទំាងអស់​នោះ នឹង​ជួយ​លើក​កម្ពស់ ដល់​វិស័យ​សាសនា​ផងដែរ ដូចជាការ​ផ្សព្វផ្សាយ​ជាដើម៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;