Pogba នឹងតាមស្មើកំណត់ត្រារបស់ CR7 បើស៊ុតចូល Newcastle ២គ្រាប់យប់នេះ
- 2019-01-02 07:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba នឹងតាមស្មើកំណត់ត្រារបស់ CR7 បើស៊ុតចូល Newcastle ២គ្រាប់យប់នេះ
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba នឹងក្លាយជាកីឡាករទី២ ក្នុងប្រវត្តិសាស្រ្ដក្លឹប Manchester United ដែលអាចស៊ុតចូល ២គ្រាប់ ក្នុង ៣ប្រកួតជាប់គ្នា ប្រសិនបើអាចស៊ុតចូល Newcastle ២គ្រាប់ នាការប្រកួតសប្ដាហ៍ទី២០ នៃ English Premier League វេលាម៉ោង ៣ទៀបភ្លឺ យប់នេះបាន។
កំណត់ត្រានេះ ធ្វើបានដោយវីរបុរសរបស់ក្លឹប គឺ Cristiano Ronaldo កាលពីឆ្នាំ២០០៧។ កាលពីពេលនោះ Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ ចំនួន៣ប្រកួតជាប់គ្នា ពេលប៉ះ Man Utd ប៉ះ Aston Villa, Wigan និង Reading។
ចំណែក Pogba បានស៊ុតបញ្ចូលទី២គ្រាប់ ចំនួន ២ប្រកួតជាប់គ្នាហើយ ក្នុងការប្រកួតទល់នឹង Huddersfield និង Bournemouth។ ដូច្នេះខ្សែបម្រើ វ័យ ២៥ឆ្នាំរូបនេះ នឹងអាចតាមស្មើកំណត់ត្រារបស់ Ronaldo ប្រសិនបើអាចស៊ុតបញ្ចូលទីក្រុមសារិកាព្រៃ Newcastle យ៉ាងតិច ២គ្រាប់ នៅកីឡដ្ឋាន St James' Park នារាត្រីនេះបាន។
គួររំលឹកថា ទម្រង់លេងរបស់ Pogba បានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីលោក Ole Gunnar Solskjaer ចូលធ្វើជាអ្នកចាត់ការបណ្ដោះអាសន្ន ជំនួសលោក Jose Mourinho មក។ ៣ប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិន័រវែស កីឡាករបារាំងរូបនេះ ស៊ុតចូល ៤គ្រាប់ ស្មើចំនួនគ្រាប់បាល់ដែលខ្លួនស៊ុតបញ្ចូលទីក្នុង ២០ប្រកួត ក្រោមការដឹកនាំរបស់លោក Mourinho៕