ស៊ូ យ៉ាទី នឹងក្លាយជាកីឡាករខ្មែរតែម្នាក់គត់ ដែលលេងក្នុងពាន AFC Cup ៣ឆ្នាំជាប់គ្នា
- 2019-01-03 04:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី នឹងក្លាយជាកីឡាករខ្មែរតែម្នាក់គត់ ដែលលេងក្នុងពាន AFC Cup ៣ឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ក្លឹបណាហ្គាវើល ស៊ូ យ៉ាទី នឹងក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលលេងក្នុងពានរង្វាន់ AFC Cup ៣ឆ្នាំជាប់ៗគ្នា។ នេះបើតាមការចុះផ្សាយរបស់ CNCC កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
កីឡាករវ័យ២៧ឆ្នាំរូបនេះ ជាអ្នកចាំទីត្រូវបានកត់ត្រាក្នុងប្រវត្តិបាល់ទាត់កម្ពុជា តាមរយៈការរួមចំណែកឲ្យ ៤ ក្លិបឈ្នះពានផ្សេងគ្នា។ យ៉ាទី ឈ្នះពាននៅក្លឹបក្រសួងការពារជាតិ, ភ្នំពេញក្រោន, បឹងកេត និង ចុងក្រោយ ណាហ្គាវើល។
នៅឆ្នាំ ២០១០ ជាឆ្នាំដំបូងដែល ស៊ូ យ៉ាទី លើកពានសម្ដេច ហ៊ុន សែន ពេលលេងនៅការពារជាតិជាមួយអ្នកចាំទីរៀមច្បង សំរឹទ្ធ សីហា។ ក្រោយមក យ៉ាទី ជួយ ភ្នំពេញក្រោន ឈ្នះពានលីគកំពូលឆ្នាំ ២០១៤ និង ទទួលបានលេខ៣នៅពាន Mekong Club Championship បន្ទាប់ពីផ្លាស់ពីការពារជាតិនៅឆ្នាំ ២០១៣។ កាន់តែគួរឲ្យកត់សំគាល់ យ៉ាទី ជួយឲ្យ បឹងកេត លើកពានលីគកំពូល ២ ដងជាប់គ្នា នៅឆ្នាំ ២០១៦ និង ២០១៧ និង កក់កៅអីលេងពាន AFC Cup។ ឆ្នាំ ២០១៥ ជាឆ្នាំល្អទៀត ពេលជួយបឹងកេត ក្លាយជាជើងឯករង Mekong Club Championship។ គេបានក្លាយជាអ្នកចាំទីល្អនៅពាន Mekong Club Championship នាឆ្នាំ ២០១៥ ទៀតផង។ មិនត្រឹមជួយបឹងកេត ឈ្នះពាន តែខ្លួនគេផ្ទាល់ ឈ្នះពានស្រោមដៃនៅលីគកំពូលកម្ពុជា ២០១៧ ផងដែរ។
ឆ្នាំ ២០១៨ ជាឆ្នាំជោគជ័យថ្មីមួយទៀត ពោលគឺរូបគេ បានជួយឲ្យណាហ្គាវើល ឈ្នះពានលីគកំពូល បន្ទាប់ពីខកខានតាំងពីឆ្នាំ ២០០៩មក។ ឆ្នាំ ២០១៩នេះ ជាឆ្នាំដែល យ៉ាទី ត្រូវរួមចំណែកជួយណាហ្គាវើល ដើម្បីត្រៀមការប្រកួតក្នុងពាន AFC Cup។
សូមជម្រាបថា ក្នុងពាន AFC Cup 2019 ណាហ្គាវើល ស្ថិតនៅពូល F ជាមួយ Hanoi FC របស់វៀតណាម , Tampines Rovers របស់សិង្ហបុរី និង Yangon United / Zwekapin United របស់មីយ៉ាន់ម៉ា។ ណាហ្គាវើល នឹងប្រកួតបើកឆាកដោយទៅសួរសុខទុក្ខម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ មុនទទួលភ្ញៀវ Yangon United / Zwekapin United របស់ មីយ៉ាន់ម៉ា នៅទឹកដីកម្ពុជា៕