រាជរដ្ឋាភិបាលបដិសេធថា លោកស្រី យីង ឡាក់ មិនមានឈ្មោះក្នុងបញ្ជីលិខិតឆ្លងដែនខ្មែរទេ
- 2019-01-11 01:46:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលបដិសេធថា លោកស្រី យីង ឡាក់ មិនមានឈ្មោះក្នុងបញ្ជីលិខិតឆ្លងដែនខ្មែរទេ
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ [ខ្លីៗ] កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ដោយបដិសេធថា លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ មិនមានឈ្មោះនៅក្នុងគល់បញ្ជីនៅនាយកដ្ឋានលិខិតឆ្លងដែននោះទេ។
លោកបកស្រាយថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ មិនមានឈ្មោះក្នុងគល់បញ្ជីនៃលិខិតឆ្លងដែនកម្ពុជាដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃនោះឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មិនជាប់ពាក់ព័ន្ធនឹងការរត់គេចខ្លួនរបស់អ្នកស្រី យីងឡាក់ នោះដែរ។ «ប៉ាស្ព័រដែលឈ្មោះអ្នកស្រី យីងឡាក់ គឺអត់មាននៅក្នុងគល់បញ្ជីទេ បានសេចក្ដីថា ក្រសួងមហាផ្ទៃអត់ទទួលស្គាល់អ្វីដែលអ្នកសារព័ត៌មានបានចុះ ហើយរឿងតទៅទៀតមិនដឹងវែកញែក មិនដឹងថា យ៉ាងម៉េចទេ ពីព្រោះអត់មាននៅក្នុងគល់បញ្ជី»។
ការច្រានចោលខាងលើនេះ បន្ទាប់ពីសារព័ត៌មានចិន South China Morning Post កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទព័ត៌មានមួយដែលមានចំណងជើងថា៖ «អតីតនាយករដ្ឋមន្រ្តី លោកស្រី យីង ឡាក់ កាន់លិខិតឆ្លងដែនកម្ពុជា ហើយអាចនឹងប្រើលិខិតឆ្លងដែននេះ សម្រាប់រត់គេចខ្លួន កាលពីឆ្នាំ២០១៧»។
ការចុះផ្សាយអត្ថបទនេះ គឺដកស្រង់ចេញពីសម្តីរបស់លោក Chong Ja Ian ដែលជាសាស្ត្រាចារ្យផ្នែកគោលនយោបាយការបរទេស នៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ សាស្ត្រាចារ្យរូបនេះ អះអាងថា កម្ពុជាគឺជាជម្រើសដ៏ងាយស្រួល សម្រាប់ការឆ្លងកាត់ព្រំដែន ដោយគ្រាន់តែមានលិខិតឆ្លងដែនកម្ពុជា នោះគឺជាការស្រេច។
យោងតាមមាត្រា៣០ នៃសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ ចែងថា ជនបរទេសណាដែលកាន់កាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មន្ត្រីភ្នាក់ងាររាជការ ឬជនណាធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជា ឱ្យជនណាម្នាក់ ដែលមិនមានសញ្ជាតិខ្មែរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំផងដែរ៕