រាជរដ្ឋាភិបាល ណែនាំឲ្យ​ប្រជាពលរដ្ឋ មាន​វិធានការ​ស្តុក​ទឹក​ទុក ដោយសារ​បាតុភូត​មួយ​

  • 2019-01-17 06:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល បាន​ចេញ​សារាចរ​ណែនាំ​ ចុះ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ គួរ​គប្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ​ដោយ​សារ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង (ដោយ​ប្រយោល) ​ឥទ្ធិពល​បាតុភូត អែល​នីណូ (El Nino) នៅ​ដើម​ឆ្នាំ​២០១៩​នេះ​។

ឥទ្ធិពល​នេះ នឹង​បង្ក​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា នា​រដូវ​ប្រាំង​នេះ ពិសេស​ក្នុង​ខែ​មេសា និង​ខែ​ឧសភា មាន​សភាព​ក្ដៅ​ហួតហែង សីតុណ្ហភាព​អតិបរមា នៅ​ពេល​ខ្លះ​អាច​ហក់​ឡើង​ដល់ ៤០-៤២ អង្សា មាន​ភ្លៀង​កក់​ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មកដល់​យឺត​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ជាដើម​។

ក្នុង​សារាចរ​ណែ​នាំ​ ស្ដីពី​ការ​ថែរក្សា​ទឹក​ទុក រាជរដ្ឋាភិបាល បាន​ធ្វើការ​ណែនាំ​ដូច​ខាង​ក្រោម​៖

១- ការងារ​បង្ក​បង្កើន​ផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​ ២០១៨​នេះ គឺ​អាច​ធ្វើ​បាន​តែ​ ១ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវ​ប្រាំង​លើក​ទី​២ បាន​ទេ បើ​ទោះ​បី​ជា​ទឹក​នៅ​តាម​បណ្ដា​អាង​ដែល​រក្សា​ទុក​ និង​កន្លែង​មួយ​ចំនួន​ដែល​មាន​ទឹក​ជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំង​នោះ​ទុក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត ក្រៅ​ពី​ស្រូវ។

២-​ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​ឡើង​វិញ​។

៣- ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ ដោយ​គ្រោះ​ធម្មជាតិ​នានា ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;