ធារី បង្ហាញ​ចំណាប់​អារម្មណ៍ ជុំវិញ​រឿង វឌ្ឍនាកា ទៅ​ចូល​រួម​ក្លឹប​ម៉ាឡេស៊ី

  • 2019-01-18 09:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធារី ចន្ថាប៊ីន សមាជិក​របស់​ក្លឹប​បាល់ទាត់​ Terengganu បាន​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ ចំពោះ​ដំណឹង​វិល​ត្រឡប់​មកកាន់​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី សាជាថ្មី​ របស់​មិត្ត​រួម​ជាតិ ចាន់ វឌ្ឍនាកា ដែល​ទើប​ចូលរួម​ជាមួយ​ក្លឹប PKNS សម្រាប់​រដូវ​កាល ​២០១៩​ នេះ​។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​ CNCC កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩។

ធារី​ ចន្ថាប៊ីន (រូបថត៖ Terengganu)
ខ្សែបម្រើ​កូន​ខ្មែរ​កាត់​បារាំង​រូប​នេះ បង្ហើប​ពី​គោល​បំណង​ចង់​ជួប​ជា​មួយ វឌ្ឍនាកា នៅ​លើ​ទីលាន​ប្រកួត ក្នុង​នាម​ជា​គូប្រជែង ខណៈ​ក្លឹប Terengganu នឹង​ត្រូវ​ប៉ះ​ PKNS នៅ​ថ្ងៃ​បើក​ឆាក​ រដូវកាល​ថ្មី​ ២០១៩ លីគ​កំពូល​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ខាងមុខ​នេះ​។

ធារី បាន​រៀបរាប់​ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ចំពោះ​ដំណឹង​ដ៏​ល្អ​នេះ។ PKNS គឺ​ជា​ក្លឹប​ដ៏​ល្អ​សម្រាប់​គាត់ (វឌ្ឍនាកា)​។ គាត់​នឹង​សប្បាយចិត្ត ហើយ​នឹង​បង្ហាញ​សមត្ថភាព​របស់​គាត់​ ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឃើញ​។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ក្រុម​របស់​យើង​ នឹង​ត្រូវ​ប៉ះ​គ្នា​ នៅ​ប្រកួត​ដំបូង​រដូវ​កាល​ថ្មី»។

ចាន់ វឌ្ឍនាកា ហ្វឹកហាត់ជាមួយក្លឹប​បាល់ទាត់​បឹងកេត នាពេលកន្លងទៅ

សូម​ជម្រាប​ថា ចាន់ វឌ្ឍនាកា បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​ចូល​ជា​សមាជិក​ថ្មី​របស់ PKNS ។ កីឡាករ​ដែល​មាន​ប្រភព​ពី​ខេត្ត​កំពត​រូប​នេះ ក៏​ធ្លាប់​ចូលរួម​ជាមួយ​ក្លឹប​ Pahang នៅលីគកំពូលម៉ាឡេស៊ី​ កាលពី​ជើង​ទី​មួយ រដូវ​កាល​២០១៨ កន្លង​ទៅ​ផងដែរ​។

ដោយឡែក ធារី វិញ បាន​ចូលរួម​ជាមួយ​ក្លឹប​ Terengganu ដោយ​ចុះ​កុងត្រា​រយៈ​ពេល​១រដូវកាល កាល​ពី​ឆ្នាំ​២០១៨ ហើយ​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​ដែល​ទើបតែ​ឡើង​ពី​លីគ​លំដាប់ទី​២​ម៉ាឡេស៊ី​នេះ បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Malaysia Cup ដែល​ពេល​នោះ បាន​ត្រឹម​ជើង​ឯករង ក្រោយ​ចាញ់​ក្លឹប Perak និង​ជួយឲ្យ​ក្រុម​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​តារាង​លីគ​កំពូល​ម៉ាឡេស៊ី​។ ដោយសារ​ការ​បង្ហាញ​ខ្លួន​ដ៏​ល្អ​ពេញ​មួយ​រដូវកាល Terengganu បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​រយៈ​ពេល ១​រដូវកាល​ទៀត ឲ្យ ធារី រហូត​ដល់​ចង់​រដូវកាល​២០១៩​៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;