ប្រវត្តិត្រួសៗនៃបញ្ជាការដ្ឋានកងទ័ពជើងគោក
- 2019-01-25 02:07:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិត្រួសៗនៃបញ្ជាការដ្ឋានកងទ័ពជើងគោក
ចន្លោះមិនឃើញ
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយថ្ងៃបង្កើតអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានលោកនាយឧត្តមសេនីយ៍ មាស សុភា ជាមេបញ្ជាការ។
នៅក្នុងពិធីខួបអនុស្សាវរីយ៍ ២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែមករាម្សិលមិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ពជើងគោកមានកំណើតរួមជាមួយនឹងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តែមិនធ្លាប់មានបញ្ជាការដ្ឋានសម្រាប់ដឹកនាំគ្រប់គ្រងបញ្ជានោះទេ។ រហូតមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ទើបមានការបង្កើតឡើងនូវបញ្ជាការដ្ឋានកងទ័ពជើងគោក។
លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនាគ្រានោះ គឺជាពេលវេលាមួយដ៏លំបាកស្មុគស្មាញជាទីបំផុត ដោយសារតែពេលនោះ កម្ពុជាទើបបានបញ្ចប់សង្គ្រាមមស៊ីវិល បាន ២៦ថ្ងៃ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃដែលកម្លាំងជម្លោះគ្រប់ភាគីទាំងអស់ បានវិលមករួមរស់ជាមួយសង្គមជាតិវិញ។
លោកបានបន្តថា កម្លាំងជម្លោះគ្រប់ភាគីត្រូវបានសមាហរណកម្មបញ្ចូលគ្នានៅពេលនោះ ធ្វើឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក មានរចនាសម្ព័ន្ធចាត់តាំង និងយោធិនជិត ១១ម៉ឺននាក់ និងមានប្រាំមួយយោធភូមិភាគ ១៨ក្បាលកងពលធំ ៥កងពលតូច ៤វរសេនាធំ ព្រមទាំងមាន២៤តំបន់សឹករងខេត្ត-ក្រុង និងអង្គភាពទ័ពជំនាញចំណុះជាច្រើនទៀត។
សូមបញ្ជាកល់ថា កាលពីថ្ងៃទី២៤ ខែមករា ម្សិលមិញនេះ រាជរដ្ឋាភិបាល បានធ្វើពពិធីខួបអនុស្សាវរីយ៍ ២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០១៩) ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន៕