សមត្ថកិច្ច នឹង​ចុះ​ពិនិត្យ​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន លើផ្លូវ​សំខាន់ៗ ចាប់ពី​ថ្ងៃ១​កុម្ភៈ

  • 2019-01-25 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ពន្ធដារ រួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់​ក្រោមជាតិ នឹង​ចុះ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និងយាន​ជំនិះ​គ្រប់ប្រភេទ​ប្រចាំឆ្នាំ​២០១៨ នៅ​តាម​គោលដៅ​មួយ​ចំនួន​លើកំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី-ខេត្ត​ ចាប់ពី​ថ្ងៃទី១ ខែ​កុម្ភ ឆ្នាំ​២០១៩​តទៅ។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​អំពាវនាវ​ឱ្យ​ម្ចាស់យានយន្ត​ដែលខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើមធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់ប្រភេទ​ប្រចាំឆ្នាំ​២០១៨​កន្លងទៅ រួសរាន់​ទៅប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជាធរមាន ដើម្បី​ចៀសវាង​នូវ​ក្រុមការងារ​ចម្រុះ ធ្វើការ​ឃាត់​យានយន្ត​តាមដងផ្លូវ​ ដែលនាំ​ឱ្យ​ខកខាន​ពេលវេលា និង​កកស្ទះចរាចរណ៍។

សេចក្តី​ជូន​ដំណឹង​នេះ ឱ្យដឹង​ទៀតថា ការ​ប្រកាស​បង់ពន្ធ​នេះ គឺ​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬនៅតាម​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ ឬនៅ​សាខា​ធនាគារ​កាណាឌីយ៉ា ឬនៅ​សាខា​ធនាគារ​អេស៊ីលីដា ឬ​នៅសាខា​ធនាគារ​វឌ្ឍនៈ ឬនៅ​សាខា​ធនាគារ​កម្ពុជា​សាធារណៈ៕

អត្ថបទ៖ សំភី

;